Quantcast
Viewing all articles
Browse latest Browse all 11174

មេ​ឃុំ​១​របស់​​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បន្ទាយមានជ័យ​ពុំ​មាន​​សាលាឃុំ​សម្រាប់​ធ្វើ​ការ

Image may be NSFW.
Clik here to view.

មេ​ឃុំ ១​រូប​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុកមង្គលបុរី ខេត្ត​បន្ទាយមានជ័យ ពុំ​ទាន់​មាន​​សាលា​ឃុំ​សម្រាប់​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។ មេ​ឃុំ​រូប​នេះ​អះអាង​ថា សាលា​ចាស់​ដែល​អតីត​មេ​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ការ​កន្លង​មក​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ឃុំ​​​បញ្ចប់​កិច្ច​សន្យា​​ពី​ការ​ឲ្យ​​ខ្ចី​អគារ​របស់​ប៉ូលិស​​សម្រាប់​បំពេញ​ការងារ​ជូន​ពលរដ្ឋ។

​​​​​​​​​​​​មេ​ឃុំ​មួយ​រូប​របស់​គណបក្ស​ប្រឆាំង​នៅ​ស្រុក​មង្គលបូរី ដែល​ទើប​​ត្រូវ​បាន​ប្រកាស​តែង​តាំង​ចូល​កាន់​តំណែង​មេ​ឃុំ​ថ្មីថ្មោង កំពុង​ស្វះស្វែង​រក​ដី​ដើម្បី​សង់​សាលា​ឃុំ​ថ្មី​បំពេញ​ការងារ​ជូន​ម្ចាស់​ឆ្នោត។

មេ​ឃុំ​ភ្នំតូច​ ស្រុក​មង្គលបូរី មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហេង ឡៃហួ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ថា បន្ទាប់​ពី​លោក​​ចូលកាន់​តំណែង​ជា​មេឃុំ​មួយ​នេះ ​​ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំតូច​ បាន​បញ្ចប់​កិច្ច​សន្យា​ឲ្យ​ខ្ចី​​អគារ​ធ្វើ​ការងារ​របស់​សាលា​ឃុំ​តែ​ម្ដង។ លោក​ហៅ​ទង្វើ​នេះ​ថា​ ជា​ការ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ៖ «ព្រោះ​ខាង​គាត់​ជា​ស្ថាប័ន​រដ្ឋ​បម្រើ​ប្រជាពលរដ្ឋ​ដូច​គ្នា ហើយ​ខាង​ឃុំ​ក៏​ជា​មន្ត្រី​របស់​រដ្ឋ​ដែរ​ ហើយ​គាត់​មិន​គួរ​មាន​ទង្វើ​​បែប​នេះ​ឡើយ​ ព្រោះ​គេ​អាច​ធ្វើ​ការងារ​បាន ចំណែក​ខាង​ខ្ញុំ​ជាប់​ឆ្នោត​ហើយ​មិន​អាច​ធ្វើ​ការងារ​បាន»

Image may be NSFW.
Clik here to view.

អាស៊ីសេរី ពុំ​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំតូច​ ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា។ ប៉ុន្តែ​​អភិបាល​ស្រុក​មង្គលបូរី លោក ឡុង ពុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បាន​ដាក់​សំណើសុំ​ធ្វើ​សាលា​ឃុំ​ថ្មី​ទៅ​ក្រសួង​មហាផ្ទៃ រួច​​ហើយ​ តែ​ខាង​ក្រសួង​មិន​ទាន់​ទម្លាក់​ថវិកា​មក​ឲ្យ​ដើម្បី​សាងសង់​សាលាឃុំ​នៅ​ឡើយ៖ «រឿង​នេះ​ខ្ញុំ​គិត​ថា​ ពី​មុន​មក​គេ​ធ្វើ​យ៉ាង​មិច​បាន​ យើង​គួរ​តែ​ធ្វើ​ការងារ​ទៅ​សិន​ រង់ចាំ​ក្រសួង​មហាផ្ទៃ ពិចារណា​ហើយ​គាត់​នឹង​ទម្លាក់​លុយ​មក»

រហូត​មក​ទល់​ពេល​នេះ សូម្បី​តែ​ដី​សម្រាប់​សង់​សាលា​ឃុំ​ថ្មី​ក៏​ពុំ​​ទាន់​មាន​នៅ​ឡើយ។ សព្វថ្ងៃ​​មេឃុំ​​សុំ​ពន្យារ​ពេល​ធ្វើ​ការងារ​នៅ​សាលា​ឃុំ​ចាស់​​រយៈ​ពេល ១៥​ថ្ងៃ​ទៅ​មុខ​​ទៀត ទម្រាំ​រក​ដី​សង់​រោង​ធ្វើ​ការ​បណ្ដោះអាសន្ន​បាន។

​​​​​​​​​​​​​​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន អះអាង​ថា ករណី​នេះ​អាជ្ញាធរ​ស្រុក​ និង​អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ ដើម្បី​ឲ្យ​មេឃុំ​ជាប់​ឆ្នោត​ថ្មី​បាន​បំពេញ​ការ​ងារ​ជូន​ប្រជាពលរដ្ឋ៖ «ព្រោះ​កាលណា​បើ​សិន​ជា​យើង​ដោះស្រាយ​តាម​របៀប​ការ​រើសអើង បើ​បក្ស​អ្នក​ឯង​​ឈ្នះ​ ខ្ញុំ​មិន​ផ្ដល់​កន្លែង​ធ្វើ​ការ​ គឺ​ពុំ​មែន​ជា​ដំណោះ​ស្រាយ​សមរម្យ​ទេ។ អ៊ីចឹង​ទេ​គួរ​តែ​គិត​គួរ​ធ្វើ​យ៉ាង​មិច​ត្រូវ​តែ​ផ្ដល់​ទីតាំង​ឲ្យ​គេ​ធ្វើ​ការ​បាន ព្រោះ​ក្នុង​នាម​ជា​ក្រុម​ប្រឹក្សា​ឃុំ ពុំ​មែន​ជា​មន្ត្រី​របស់​បក្ស​នយោបាយ​ណា​មួយ​ទេ​ គឺ​ជា​មន្ត្រី​សាធារណៈ​ដែល​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​ជូន​ប្រជាពលរដ្ឋ»

​​នៅ​ខេត្ត​បន្ទាយមានជ័យ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​តំណែង​ធ្វើ​ជា​មេ​ឃុំ​ ចៅ​សង្កាត់​ចំនួន ១០​ក្នុង​ចំណោម ៦៥​ឃុំ-​សង្កាត់។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន ​៥៤​ឃុំ-​សង្កាត់​ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈ្នះ​ជា​មេ​ឃុំ​១ នៅ​ស្រុក​ថ្មពួក។ ឃុំ-​សង្កាត់​ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ភាគច្រើន​ក្នុង​ទីប្រជុំជន​ ដូច​ជា​នៅ​ក្រុង​ប៉ោយប៉ែត និង​នៅ​ក្រុង​សិរីសោភ័ណ ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles