Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អភិបាល​ខេត្ត​ព្រះសីហនុ​សន្យា​ជា​ថ្មី​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​កោះរ៉ុង​ជូន​ពលរដ្ឋ

$
0
0

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) មាន​ទីតាំង​នៅ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ដែល​បាន​រំលោភ​យក​ដី​ចម្ការ​ដំណាំ​ពួក​គាត់​ធ្លាប់​រស់នៅ​ក្រោយ​ឆ្នាំ​១៩៧៩។ តែ​ខាង​ក្រុមហ៊ុន​ចោទ​ពលរដ្ឋ​វិញ​ថា រំលោភ​យក​ដី​របស់​ក្រុមហ៊ុន ហើយ​បាន​សាងសង់​ផ្ទះ​រស់នៅ​យ៉ាង​អនាធិបតេយ្យ។

អភិបាល​ខេត្ត​ព្រះសីហនុ សន្យា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ថា លោក​នឹង​ពិនិត្យ​ទៅ​លើ​វិវាទ​ដីធ្លី​នេះ​ឈាន​ដល់​មាន​ដំណោះស្រាយ​តាម​គោលការណ៍​ឈ្នះៗ​ទាំងអស់​គ្នា។ លោក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា លោក​បាន​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​សម្របសម្រួល​គ្នា ដោយ​ប្រកាន់​យក​យុទ្ធសាស្ត្រ​ឈ្នះៗ​ទាំងអស់​គ្នា។ លោក​បន្ត​ថា ទំនាស់​នេះ ខាង​ភាគី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏​បាន​សន្យា​ថា​នឹង​មិន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​ក្រុមហ៊ុន ដើម្បី​សង់​សំណង់​បឹង​កាឡូ ឬ​សំណង់​ផ្សេងៗ​បន្ត​ទៀត​ទេ៖ «ទំនាស់​ដីធ្លី​នេះ​ដោយ​មានការ​ណែនាំ​ពី​ថ្នាក់​ដឹកនាំ គឺ​សម្ដេច​ទាំង​ពីរ ទាំង​សម្ដេច​តេជោ និង​សម្ដេច​ក្រឡាហោម​ផង ខ្ញុំ​ក៏​បាន​អញ្ជើញ​ខាង​ភាគី​ក្រុមហ៊ុន និង​ភាគី​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង មក​សម្របសម្រួល​គ្នា ហើយ​បាន​បញ្ចប់​ស្រុះស្រួល​គ្នា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដោយ​បញ្ចប់​ថា​នៅ​តំបន់​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​សង់​សំណង់​ផ្សេងៗ​ហ្នឹង គឺ​ខាង​ប្រជាពលរដ្ឋ​ឯកភាព​ថា គាត់​សុខ​ចិត្ត​ចោល​ដី​ទាំងនោះ ប៉ុន្តែ​ស្នើ​កុំ​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ ឬ​លូក​ទៅ​មុខ​ទៀត»

យ៉ាង​នេះ​ក្តី ខាង​ភាគី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ជួប​ចរចា​គ្នា​រវាង​ភាគី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាមួយ​ប្រជាពលរដ្ឋ ទៅ​លើ​វិវាទ​ដីធ្លី​នៅ​ភូមិ​សុខសាន្ត នេះ គឺ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នោះ​ទេ ដោយ​ខាង​ភាគី​ពលរដ្ឋ​បាន​ទទូច​ចង់​បាន​ផ្ទៃដី​ចម្ការ​ដែល​ពួក​គាត់​បាន​ចោទ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​នា​ពេល​កន្លង​ទៅ​នោះ ប្រគល់​ជូន​ពួក​គាត់​ទាំងអស់​វិញ។

បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា ការ​សម្របសម្រួល​លើ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នេះ បើ​សិន​ជា​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​ឯកភាព​គ្នា​ទេ រដ្ឋបាល​ខេត្ត​នឹង​បន្ត​ស្វែងរក​ដំណោះស្រាយ​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

ការ​កោះ​ហៅ​ពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន ជួប​គ្នា​ដើម្បី​សម្របសម្រួល​គ្នា​នេះ​នៅ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ដែល​អះអាង​ថា មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​តែ​បន្ត​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យ​ប្រគល់​ដី​ចម្ការ​ដំណាំ​ជូន​ពួក​គាត់​វិញ៖ «ខ្ញុំ​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្នើ​ឲ្យ​បញ្ចប់​សកម្មភាព​ឈូស​ឆាយ​ពង្រីក​ការ​អភិវឌ្ឍ​សំណង់ផ្សេងៗ​នៅ​លើ​ទីតាំង​ដី​ទំនាស់​ជាមួយ​ពលរដ្ឋ​ត្រឹម​ប៉ុណ្ណឹង​ទៅ និង​ស្នើ​កុំ​លូត​ទៅ​មុខ​ទៀត ហើយ​ករណី​នេះ បើ​តាម​ផែនការ​នៃ​ការ​វាស់វែង​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី គឺ​ត្រូវ​ចែក​ដី​ដែល​វាស់​រួច​ហើយ​នោះ​ជូន​ប្រជាពលរដ្ឋ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​នៅ​ម្តុំ​ដី​ទំនាស់​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​សុខសាន្ត ជិត​ទីតាំង​ក្រុមហ៊ុន​សង់​សំណង់​សណ្ឋាគារ​ជា​បន្ត​ទៀត។ ហើយ​កន្លង​ទៅ សកម្មភាព​របស់​ក្រុមហ៊ុន​ដោយ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​នៅ​លើ​កោះរ៉ុង ត្រូវ​ក្រុមហ៊ុនអនុវត្ត​តាមផែនការ​របស់​ក្រុមហ៊ុន​បន្តបន្ទាប់​មក។ ប៉ុន្តែ​ខាង​ភាគី​ប្រជាជន​វិញ គាត់​សំអាង​ថា ដី​ទីតាំង​ទំនាស់​នោះ​ជា​ភូមិ​ចាស់ ហើយ​ត្រូវ​បានថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី បាន​ចុះ​វាស់​ចំណែក​ក្បាល​ដី​ជូន​ពួក​គាត់​រួច​ហើយ ហើយ​ករណី​នេះក៏​មានការ​ឈ្លោះ​ទាស់ទែងគ្នា​រហូត​ដល់​មាន​ការ​ប្រើ​កម្លាំង​រៀងៗ​ខ្លួន គឺ​មាន​ប្រើ​កម្លាំង​កម្មករ និង​កម្លាំង​ធំៗ​ទៅ​វាយ​កម្ទេច​សំណង់​ផ្សេងៗ​នៅ​លើ​ដី​ទំនាស់​ដើម្បី​ដណ្ដើម​ដី​គ្នា​កាល​ពី​ពេល​កន្លង​មក​នេះ»

ពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា ដី​ចម្ការ​ដំណាំ​របស់​ពួក​គាត់​ដែល​ធ្លាប់​រស់នៅ និង​ដាំ​ដុះ​ក្រោយ​ឆ្នាំ​១៩៧៩ មក​នោះ បច្ចុប្បន្ន​ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ រំលោភ​យក និង​បាន​សង់​សំណង់​ផ្សេងៗ​នៅ​លើ​ដី​នោះ ដោយ​សំអាង​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​លើ​កោះរ៉ុង​ពី​រដ្ឋាភិបាល។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ជី វិស័យ អាយុ ៦៥​ឆ្នាំ និង​លោក សុខ ចិន្តា អាយុ ៦៣​ឆ្នាំ ដែល​អះអាង​ជា​ម្ចាស់​ដី​ពិតប្រាកដ​រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង បាន​ចោទ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ថា​បាន​សង់​សំណង់​សណ្ឋាគារ​រំលោភ​យក​ដី​ចម្ការ​របស់​ពួក​គាត់ ហើយ​បាន​ប្រើ​កម្លាំង​សន្តិសុខ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លើ​ដី​ជាក់ស្តែង។

មនុស្ស​វ័យ​ចំណាស់​ទាំង​ពីរ​បាន​អះអាង​ថា ដី​ចម្ការ​ពួក​គាត់​មាន​ទំហំ​ប្រមាណ​ជាង ៧​ហិកតារ ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក និង​កំពុង​សង់​សំណង់​រឹងមាំ​ផ្សេងៗ​នៅ​លើ​ដី​នោះ​ជា​បន្តបន្ទាប់៖ «ខ្ញុំ​សុំ​អង្វរ​សូម​សម្ដេច​ជួយ​កូន​ចៅ​ផង ព្រោះ​ដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្នឹង​ជា​របស់​កូន​ចៅ​ពិត​មែន។ ដី​នេះ​ជា​របស់​ម៉ែ​ឪ​ខ្ញុំ ហើយ​ខ្ញុំ​បាន​រស់នៅលើ​ដី​នេះ​តាំង​តែពី​ក្មេងមក​ម្ល៉េះ ហើយ​ពេល​នេះ​នាង​ខ្ញុំ​មាន​អាយុ​ជាង ៦០​ឆ្នាំ​ទៅ​ហើយ ហើយ​មាន​កូន​មាន​ចៅ​ជាច្រើន​នាក់។ ហើយ​ដី​ទំនាស់​នេះ នាង​ខ្ញុំ​ក៏​មិន​មាន​ច្រើន​ដែរ ហើយ​ខ្ញុំ​បាន​ចែក​ឲ្យ​កូន​ចៅ​ម្នាក់​បន្តិចបន្តួច ដើម្បី​សង់​ផ្ទះ​រស់នៅ និង​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ។ ប៉ុន្តែ​ឥឡូវ​នេះ ខាង​ក្រុមហ៊ុន គិត ម៉េង ហ្នឹង​គេ​មក​លើក​ផ្ទះ​លើក​សម្បែង​នៅ​លើ​ដី​ខ្ញុំ ហើយ​ខ្ញុំ​មាន​ដី​កន្លែង​ណា​ដើម្បី​រស់នៅ​ជា​បន្ត​ទៀត? ដូច្នេះ​រឿង​នេះ​មាន​តែ​សម្ដេច​ទេ​អាច​ជួយកូន​ចៅ​បាន»

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង បាន​ចោទ​លោក ឈុន ប៊ុនថា តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថា​បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​មាន​ដំណាំ​ចន្ទី ស្វាយ និង​ដូង​របស់​ពួក​គាត់​បំផ្លាញ​ចោល ដើម្បី​រំលោភ​យក​ដី​ពង្រីក​សំណង់​សណ្ឋាគារ​របស់​ក្រុមហ៊ុន។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​សុំ​អន្តរាគមន៍​ទៅ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ស្ត្រី​ឈ្មោះ ជី វិស័យ និង​លោក សុខ ចិន្តា ព្រម​ទាំង​អ្នក​ជាប់​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​មួយ​ចំនួន​ទៀត បាន​ប្ដឹង​សុំ​អន្តរាគមន៍​ដល់​ផ្នែក​វាស់វែង និង​ប្រមូល​ទិន្នន័យ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​សុខសាន្ត ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​សាជាថ្មី​ដោយ​អនុគ្រោះ។

ឆ្លើយតប​បញ្ហា​នេះ លោក​ឧកញ៉ា ឈុន ប៊ុនថា តំណាង​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​រង​ការ​ប្ដឹង​ពី​ប្រជាពលរដ្ឋ​នោះ បាន​ចោទ​ប្រជាពលរដ្ឋ​វិញ​ថា ពលរដ្ឋ​ទាំងនោះ​ជា​ជន​អនាធិបតេយ្យ និង​មាន​គំនិត​ប៉ុនប៉ង​រំលោភ​យក​ដី​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​វិនិយោគ​ស្រប​ច្បាប់​កន្លង​មក​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង។ លោក​បាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ទាក់ទង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​លើ​កោះរ៉ុង។

លោក ឈុន ប៊ុនថា បាន​អះអាង​ថា ដំណើរការ​សាងសង់​របស់​ក្រុមហ៊ុន​នេះ គឺ​មាន​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋាភិបាល ដោយ​ប្រគល់​សិទ្ធិ​វិនិយោគ​ជូន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​លើ​កោះរ៉ុង​រយៈពេល​វែង។

ទោះ​យ៉ាង​នេះ​ក្តី ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​រស់នៅ​លើ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​យក​ចំណែក​ផ្ទៃដី​ដែល​ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​អភិវឌ្ឍ​ក្រុមហ៊ុន​នេះ បាន​រំលោភ​យក​សង់​សំណង់​ផ្សេងៗ​កន្លង​មក ប្រគល់​ជូន​ពួក​គាត់​អាស្រ័យ​ផល​ដូច​ដើម​វិញ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ បន្ថែម​លើ​នេះ អ្នកស្រី សុធារី ក៏​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​ទៅ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​សណ្ឋាគារ​ផ្កាយ​ប្រាំ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​លើ​កោះរ៉ុង នា​ពេល​កន្លង​មក ត្រូវ​ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថា​តើ​បាន​អនុវត្ត​ស្រប​តាម​កិច្ចសន្យា​វិនិយោគ​ត្រឹមត្រូវ ឬ​យ៉ាង​ណា?«ក្រុមហ៊ុន​នីមួយៗ​នៅ​ពេល​ដែល​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​អភិវឌ្ឍ​អ្វី​មួយ​ទៅ​រដ្ឋាភិបាល គឺ​គាត់​តែង​ដាក់​មាន​គោល​បំណង​មួយ​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងនោះ​មាន​ការងារ​ធ្វើ ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នីមួយៗ​នោះ។ ហើយ​នៅ​ក្នុង​គម្រោង​របស់​ពួ​គាត់ តែង​មាន​និយាយ​អំពី​ការ​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ជាដើម។ ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ យើង​សង្កេត​ឃើញ​ថា ខាង​ភាគី​ក្រុមហ៊ុន​មិន​ទាន់​ឃើញ​មាន​ដោះស្រាយ​បញ្ហា​អ្វី​ឲ្យ​ចេញ​ជា​លទ្ធផល​នោះ​ទេ គឺ​ត្រឹម​ឃើញ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ត្រឹម​តែ​ការដ្ឋាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ ឬ​សំណង់​សណ្ឋាគារ​របស់​ក្រុមហ៊ុន និង​បាន​ឈូស​ផ្លូវ​មួយ​ខ្សែ​នៅ​លើ​កោះរ៉ុង ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​បើក​ការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មាន​ឈ្មោះ​ថា រ៉ូយ៉ាល់ សេន កោះរ៉ុង (Royal Sands Koh Rong) ក្នុង​ទឹកប្រាក់​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។ ក្នុង​អំឡុង​ពេល​បើក​ការដ្ឋាន​សាងសង់​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចូលរួម​បើក​ពិធី​សម្ពោធ។ រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​លើ​កោះរ៉ុង រយៈពេល ៩៩​ឆ្នាំ។ ក្នុង​ប្លង់​អភិវឌ្ឍន៍​កោះរ៉ុង​ទាំងមូល​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដែល​គេ​ចង​ព្យួរ​នៅ​តាម​ផ្លូវ​ដែល​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​កន្លង​មក បង្ហាញ​ថា ផែនទី​បង្ហាញ​ទម្រង់ និង​ទីតាំង​ក្បាល​ដី​កោះរ៉ុង​ក្នុង​ភូមិសាស្ត្រ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មាន​ទំហំ​សរុប​ជិត ៨​ពាន់​ហិកតារ (.៨២៦​ហិកតារ)

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន លើក​ឡើង​ថា លោក​នឹង​កោះ​ហៅ​ពលរដ្ឋ និង​តំណាង​ក្រុមហ៊ុន​មក​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះស្រាយ​លើ​ជម្លោះ​ដីធ្លី​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles