
មន្ត្រីរាជការ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស និងពលរដ្ឋនៅខែត្រស្ទឹងត្រែង បាននាំគ្នាដាំដើមឈើប្រមាណ ៣ពាន់ដើមនៅតាមទីសាធារណៈ ក្នុងបរិវេណវត្តអារាម សាលារៀន និងចែកកូនឈើដល់ព្រះសង្ឃ ពលរដ្ឋ និងប្រជាសហគមន៍សម្រាប់យកទៅដាំ។ អាជ្ញាធរខែត្រស្ទឹងត្រែង បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងពលរដ្ឋ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ រួមទាំងការកាប់រានដីព្រៃធ្វើជាកម្មសិទ្ធិផង។
អាជ្ញាធរខែត្រស្ទឹងត្រែង បានថ្លែងបែបនេះក្នុងរុក្ខទិវា ៩ កក្កដា ដែលប្រារព្ធនៅមុខសាលាខែត្រស្ទឹងត្រែង នៅព្រឹកថ្ងៃទី៩ ខែកក្កដា ដែលមានមនុស្សចូលរួមប្រមាណ ៤០០នាក់។
អភិបាលរងខែត្រស្ទឹងត្រែង លោក ជា ថាវរិទ្ធិ ថ្លែងបញ្ជាក់ថា ការថែរក្សាព្រៃឈើឲ្យមានប្រសិទ្ធភាព ទាមទារឲ្យមានការចូលរួមពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវរួមគ្នារឹតចំណងសាមគ្គីភាពដាំដើមឈើឡើងវិញ និងថែរក្សាកូនឈើទាំងនោះឲ្យបានល្អ។ លោកថា អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ត្រូវចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ និងបញ្ឈប់ការកាប់រានដីព្រៃធ្វើជាកម្មសិទ្ធិឯកជន ដែលកំពុងកើតមានឡើងថ្មីៗនេះ។
លោកបន្តថា ថ្វីត្បិតតែអាជ្ញាធរខែត្រ និងស្ថាប័នពាក់ព័ន្ធ ខិតខំជំរុញឲ្យប្រជាពលរដ្ឋ អាជីវករ កែប្រែឥរិយាបថថែរក្សាបរិស្ថានក្តី ក៏ប៉ុន្តែផលប៉ះពាល់ផ្នែកបរិស្ថាននៅតែជាក្តីកង្វល់ ដូចជាការកាប់រានដីព្រៃធ្វើកម្មសិទ្ធិឯកជន ការបំពុលដោយសំរាមនៅតាមទីប្រជុំជន ទីផ្សារ និងកន្លែងកម្សាន្តសាធារណៈ ជាពិសេសការបន្សល់កាកសំណល់រឹងមានថង់ ឬដបប្លាស្ទិក ជាដើម៖ «ការបាត់បង់ធនធានព្រៃឈើ និងគម្របព្រៃឈើបណ្ដាលឲ្យយើងទទួលរងការគំរាមកំហែង ជាពិសេសគ្រោះថ្នាក់ធំបំផុតការកាប់រាន និងដុតឈូសឆាយដីព្រៃ ដើម្បីហ៊ុមព័ទ្ធដីព្រៃធ្វើជាកម្មសិទ្ធិ ដែលជាទង្វើផ្ទុយពីបទបញ្ជាប្រមុខរដ្ឋាភិបាល»។
ប្រធានបទសំខាន់ក្នុងរុក្ខទិវា ៩ កក្កដា ឆ្នាំនេះ ផ្ដោតសំខាន់លើព្រៃឈើផ្តល់ផលប្រយោជន៍ និងធនធានជីវិតរបស់អ្នក ព្រៃឈើគឺជាធនាគារបៃតងសម្រាប់សហគមន៍ជនបទ និងយើងរួមគ្នាដាំដើមឈើ និងព្រៃឈើ បំណងឲ្យមនុស្សចេះស្រឡាញ់ធម្មជាតិ និងឈប់បំផ្លាញធម្មជាតិដែលជាផ្នែកមួយនៃកិច្ចការពារបរិស្ថានសម្រាប់ជីវិតមនុស្ស។
ប្រធានសហគមន៍ការពារព្រៃឈើភ្នំតាគង់ អ្នកស្រី សូត្រ ស្រអែម កត់សម្គាល់ថា ការកាប់រានដីព្រៃ និងកាប់ឈើមានតម្លៃនៅតែជាក្តីកង្វល់ ហេតុនេះការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការថែរក្សាព្រៃឈើ និងដាំដើមឈើឡើងវិញ គឺជាផ្នែកមួយសំខាន់ដើម្បីកាត់បន្ថយសកម្មភាពបំផ្លាញព្រៃឈើ និងបញ្ជាប់ស្មារតីពលរដ្ឋឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។ អ្នកស្រីបន្ថែមថា កន្លងទៅ កិច្ចសហការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រអាក់រអួល និងយឺតយ៉ាវ ក៏ប៉ុន្តែនៅគ្រាដែលសហគមន៍ព្រៃឈើបានចុះបញ្ជីជាព្រៃអភិរក្សស្របច្បាប់ពីក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋានបានបង្ហាញភ្លើងខៀវក្នុងការបង្ក្រាបបទល្មើសព្រៃឈើជាមួយសហគមន៍៖ «កន្លងមកគាត់អត់សូវយកចិត្តទុកដាក់ ខាងអាជ្ញាធរឃុំអី តែឥឡូវគាត់យកចិត្តទុកដាក់ កាលមុនពេលចុះល្បាតអី ទាល់តែមានលិខិតបេសកកម្ម ដូចថាចាំលិខិតហ្នឹង គឺវាអត់ទាន់ចិត្តទេ។ តែឥឡូវគ្រាន់តែតេទៅ គាត់ចូលរួមម៉ង»។
នៅខែត្រស្ទឹងត្រែង មានសហគមន៍ការពារព្រៃឈើចំនួន២១ ដែលមានផ្ទៃដីជាង ៣ម៉ឺន ៧ពាន់ហិកតារ (៣៧.៤១៨ហិកតារ) គ្របដណ្ដប់ស្រុកចំនួន៣ គឺស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុកសៀមបូក និងមានពលរដ្ឋចូលរួមអភិរក្សព្រៃឈើជាង ១ម៉ឺន ៦ពាន់នាក់ (១៦.៨៦២នាក់)។
យុវសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ស្រែពោធិ៍ កញ្ញា ប៊ុន ណារ៉ាទី មើលឃើញថា បច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើ និងការកាប់រានដីព្រៃនៅតែបន្តកើតមានពេញបន្ទុក ដែលជាដើមចមនាំឲ្យព្រៃឈើវិនាសហិនហោច។ កញ្ញាអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល អនុវត្តច្បាប់ឲ្យបានពេញលេញក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងលុបបំបាត់ការដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទ។ កញ្ញាបារម្ភថា ប្រសិនបើស្ថាប័នពាក់ព័ន្ធនៅតែបណ្តោយឲ្យបទល្មើសព្រៃឈើ បន្តកើតមានផលប៉ះពាល់ និងកើតមានជាប្រព័ន្ធរួមមាន ការប្រែប្រួលអាកាសធាតុ និងជីវភាពរស់នៅពលរដ្ឋជាដើម៖ «បើនិយាយឲ្យត្រង់ទៅ ខែត្រស្ទឹងត្រែង ពីមុន គឺសម្បូរដោយព្រៃឈើ ប៉ុន្តែរហូតមកដល់សព្វថ្ងៃហ្នឹង គឺនាំគ្នាកាប់បំផ្លាញជិតអស់ទៅហើយ។ ខ្ញុំមានការភ័យព្រួយដូចគ្នា គឺខណៈពេលមួយដែលព្រៃឈើចាប់ផ្តើមអស់នោះ គ្រោះធម្មជាតិផ្សេងៗនឹងអាចកើតមានឡើងដូចគ្នា»។
របាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រស្ទឹងត្រែង បង្ហាញថា គិតត្រឹមឆ្នាំ២០១៧ រហូតមកទល់ពេលនេះ មន្ត្រីជំនាញបានឃាត់បទល្មើសព្រៃឈើ និងសត្វព្រៃសរុប ៥២ករណី រឹបអូសឈើចំនួន ១០៦ម៉ែត្រគូប និងរឹបអូសវត្ថុតាងដូចជារថយន្តចំនួន ៣៩គ្រឿង គោយន្ត ៤គ្រឿង ម៉ូតូ ៤គ្រឿង ទូកម៉ាស៊ីន ១គ្រឿង និងមធ្យោបាយសម្ភារៈមួយចំនួនទៀត៕