
មួយឆ្នាំក្រោយការបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់ ភរិយា និងកូនប្រុសទាំងប្រាំរូបរបស់ បណ្ឌិត កែម ឡី ដែលជាជនរងគ្រោះនៃឃាតកម្មកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះ កំពុងបន្តរស់នៅស្រុកគេដោយបារម្ភពីសុវត្ថិភាព។
ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនា និងកូនៗ កំពុងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទីបី។ តើជីវភាពរស់នៅជាស្ត្រីមេម៉ាយថែទាំកូនប្រុស ៥នាក់ មានសភាពបែបណា?
ជាស្ត្រីមេម៉ាយស្ថិតក្នុងវ័យកណ្ដាល មុខមាត់ និងសម្បុរស្រអែមស្រស់មានកូនប្រុស ៥នាក់នៅក្នុងបន្ទុក គឺលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានធ្វើបុណ្យឧទ្ទិសកុសលជូនស្វាមីដែលត្រូវឃាតកបាញ់សម្លាប់កាលពី ១ឆ្នាំមុន។
លោកស្រី ប៊ូ រចនា ថ្លែងថា ១ឆ្នាំគត់ហើយដែលលោកស្រីពុំមានឱកាសធ្វើបុណ្យជូនស្វាមីនោះទេ៖ «និយាយរួមទៅ តាំងពីខ្ញុំមកនេះ ខ្ញុំមិនដែលបានធ្វើបុណ្យជូនស្វាមីទេ មិនដឹងថាមានវត្តកន្លែងណាសម្រាប់ធ្វើបុណ្យឲ្យគាត់ ព្រោះយើងជាជនភៀសខ្លួនម្នាក់ មិនដឹងថារកទីកន្លែងណាស័ក្តិសមដែលយើងធ្វើបុណ្យឲ្យគាត់។ យកចង្ហាន់មកប្រគេនលោក ដើម្បីឧទ្ទិសក្នុងរយៈខួបគម្រប់ ១ឆ្នាំ។ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ឲ្យជួយរកយុត្តិធម៌ ចង់ឲ្យប្រទេសយើងទទួលបានតុលាការឯករាជ្យ អ្នកមិនទទួលបានយុត្តិធម៌ពីមុនៗមក ទទួលបានយុត្តិធម៌ទាំងអស់គ្នា»។
ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគស្ថានការណ៍នយោបាយ លោកបណ្ឌិត កែម ឡី ហ៊ាននិយាយចំៗរិះគន់មិនញញើតចំពោះភាពអសកម្មរបស់រាជរដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារត្រកូលហ៊ុន ទាក់ទងនឹងការគ្រប់គ្រងជំនួញធំៗលើសេដ្ឋកិច្ចជាតិ។ លោកថែមទាំងរិះគន់ទៅលើអ្នកនយោបាយដែលឃុបឃិតជាមួយឈ្មួញទុច្ចរិតដោយមិនភ័យខ្លាច ទោះបីដឹងខ្លួនថា ការបញ្ចេញមតិរបស់លោក អាចនឹងត្រូវមានគ្រោះថ្នាក់ក្ដី។
លោកត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) ស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ជិតស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គិតចាប់ពីថ្ងៃបាញ់ប្រហាររហូតមកដល់ពេលនេះ តុលាការបានចាប់ខ្លួន និងកាត់ទោសឃាតកឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលបានសារភាពថា ខ្លួនជាជនដៃដល់តែម្នាក់គត់ដែលបានកេះកៃកាំភ្លើងសម្លាប់បណ្ឌិត កែម ឡី។ ទោះជាយ៉ាងណា សំណុំរឿងនេះនៅបន្សល់ភាពមន្ទិលជាច្រើនសម្រាប់សហគមន៍ជាតិ និងអន្តរជាតិ៖ «រឿងឃាតកម្មប្ដីខ្ញុំនេះវាដក់នៅក្នុងចិត្តរហូត ទោះបីពេលវេលាយូរប៉ុនណាក៏ដូចថ្មីៗអ៊ីចឹង។ វាអត់បំភ្លេចបានទេ ព្រោះយើងឃើញវានៅនឹងភ្នែក។ យើងឃើញសកម្មភាព ឃើញឈាមហូរនៅដាបពេញខ្លួន។ យើងមើលរូបថតគាត់ ខ្ញុំនៅតែគិតថាគាត់មិនទាន់ស្លាប់។ យើងនៅមានអារម្មណ៍ថាគាត់ទៅធ្វើការសង្គមនៅក្រៅប្រទេស ចេះតែកុហកខ្លួនឯង តែការពិត គាត់បានស្លាប់ទៅហើយ។ ជួប សម្លាប់ ដែលជាឃាតក ក៏ខ្ញុំអត់ទទួលស្គាល់។ អ្វីដែលតុលាការកាត់ទោសឲ្យអ្នកដែលឃាតកជាប់ទោសមួយជីវិត គឺខ្ញុំអត់ទទួលស្គាល់ដឹងឮទាំងអស់ ព្រោះតុលាការស្រុកខ្មែរ ទាំងប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ក៏មិនទុកចិត្តថាមិនឯករាជ្យដែរ។ ខ្ញុំចង់ឲ្យតុលាការស្រាវជ្រាវ ព្រោះថាប្ដីខ្ញុំមិនដឹងជាស្លាប់អង្គុយលើកៅអី ឬដេកទេ ដោយសារពេលខ្ញុំដល់កន្លែងកើតហេតុ គឺខ្ញុំឃើញសពគាត់លើឥដ្ឋទៅហើយ បើសិនជាប្ដីខ្ញុំគាត់ស្លាប់ គាត់ធ្លាក់លើឥដ្ឋ គឺកៅអី និងតុមិនមែនដូចរៀបចំទេ វាត្រូវរញ៉េរញ៉ៃដួលពេញហ្នឹងហើយ។ តុលាការត្រូវស្រាវជ្រាវសាថ្មី គឺខ្ញុំអត់ជឿថាចឹងទេ។ ហេតុអីមានជនណាទម្លាក់សពគាត់នៅលើឥដ្ឋ»។
ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី បានធ្វើបុណ្យ និងតម្កល់សពរបស់លោកនៅវត្តចាស់ ស្ថិតត្រើយម្ខាងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ចំនួនពីរសប្ដាហ៍ ដោយមានមន្ត្រីស្ថានទូត អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីទីជិតឆ្ងាយដែលស្រឡាញ់រាប់អានលោក បានចូលរួមរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ រួចដង្ហែទៅបញ្ចុះនៅខេត្តតាកែវ ជាស្រុកកំណើតរបស់លោក។
បន្ទាប់ពីធ្វើបុណ្យហើយភ្លាម លោកស្រី ប៊ូ រចនា និងកូនៗ បានភៀសខ្លួនចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅបរទេសស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣ ទាំងមានផ្ទៃពោះ ដោយសារតែពួកគេតក់ស្លុត និងភ័យខ្លាចពីសុវត្ថិភាព៖ «ខ្ញុំតូចចិត្តមួយប្ដីបានស្លាប់ហើយ យើងក៏ចាកចោលស្រុកខ្លួនឯង ផ្ទះដែលយើងធ្វើមិនទាន់បានរស់នៅផង ត្រូវបោះបង់ចោលផ្ទះនោះទៀត។ ផ្ទះបញ្ចុះសពគាត់រាល់ថ្ងៃនោះ គឺធ្វើសម្រាប់ពេលចាស់ទៅ ទៅនៅស្រែ។ អ្វីដែលសោកស្ដាយបំផុតនោះ គឺការសុបិនរបស់យើងក្លាយជាអត់ន័យ រលាយអស់ក្នុងរយៈពេលមួយប៉ប្រិចភ្នែក។ ម្ដាយចាស់ហើយ គាត់ឈឺសន្លាក់ យើងគ្មានឱកាសមើលគាត់។ ពេលមើលហ្វេសប៊ុកម្ដងៗ គាត់នៅតែជាមួយផ្នូរកូន។ ខ្ញុំអាណិតគាត់ ហើយខ្លួនយើងក៏លំបាក»។
ក្នុងនាមជាស្ត្រីមេម៉ាយ លោកស្រី ប៊ូ រចនា ដែលពេលនេះលោកស្រីដើរតួនាទីជាម្ដាយផង ជាឪពុកផងក្នុងការអប់រំថែទាំប្រៀនប្រដៅ និងពង្រឹងខ្លួនឯងផងនោះ លោកស្រីអះអាងថា នឹងខិតខំប្រឹងប្រែងតស៊ូនៅក្នុងជីវិតដើម្បីអនាគតរបស់ពួកគេ៖ «ឥឡូវនេះយើងកំពុងតែភៀសខ្លួនហើយ អារម្មណ៍យើងក៏មិនល្អដូចដើម ព្រោះអីយើងបាត់បង់មនុស្សដែលសំខាន់នៅក្នុងគ្រួសារជាបង្គោលកណ្ដាល នៅក្នុងគ្រួសារមានកូនដល់ ៥នាក់ ត្រូវការអប់រំកូនបានច្រើន ត្រូវការពេលវេលាដែលផ្ដល់ភាពកក់ក្ដៅឲ្យកូន ពង្រឹងខ្លួនឯងកុំទន់ជ្រាយ ត្រូវតែណែនាំកូនឲ្យគាត់យល់ដឹងយកចិត្តទុកដាក់រៀនសូត្រ»។
នៅក្នុងបន្ទប់តូចចង្អៀត ពួកគេទាំង ៦នាក់ ជីវិតប្រៀបបាននឹងសត្វចិញ្ចឹមដែលគេដាក់នៅទ្រុងគ្មានសិទ្ធិសេរីភាព។ ជារៀងរាល់ថ្ងៃ ម្ដាយ និងកូនមានពេលទំនេរច្រើនណាស់ ត្បិតអីម្ដាយក៏គ្មានមុខរបរដូចពីមុន ក្មេងៗក៏មិនបានទៅរៀនសូត្រ។ ដើម្បីបំបាត់ទុក្ខកង្វល់ លោកស្រីមានតែប្រលែងលេងជាមួយកូន។ ចំណែកក្មេងៗវិញ មានតែទូរស័ព្ទទេជាមិត្តជិតស្និទ្ធរបស់ពួកគេ៖ «យើងរស់នៅក្នុងបន្ទប់មួយ ៤ម៉ែត្រ ៤ជ្រុង វាពិបាករស់នៅ អត់មានសិទ្ធិដើរហើរ យើងត្រូវការពារខ្លួនអត់មានសុវត្ថិភាពតាំងការនិយាយស្ដី ទាំងចំណូលក៏អត់មាន មកនេះសម្ងំពួន។ និយាយរួមមួយម៉ាត់ នេះដូចជាប់គុកអ៊ីចឹង»។
មួយថ្ងៃៗដេកក្រោកៗ គឺរស់នៅក្នុងជីវិតដែលធុញថប់ខ្លាំង នៅពេលលោកស្រីអត់ទ្រាំនឹងការរំអុករបស់កូន គឺមានតែនាំពួកគេចេញក្រៅខ្លះ៖ «ការងារមានតែប៉ុណ្ណឹង មានតែព្រឹកឡើងរៀបចំខ្លួនកូនឲ្យកូនញ៉ាំបបរញ៉ាំអី អត់មានការងារអីធ្វើទេ មានតែពេលវេលាជុំជាមួយកូនមើលថែកូន ហើយដល់ម៉ោងត្រូវញ៉ាំ ត្រូវញ៉ាំទៅ គឺផ្លូវចិត្តមានការគាបសង្កត់ខ្លាំង ប៉ះទង្គិចខ្លាំង ប្ដីបានស្លាប់ទៅហើយ ក៏មករស់នៅរបៀបអត់មានសិទ្ធិសេរីភាពនៅតែក្នុងបន្ទប់ពេក កូនក៏មានអារម្មណ៍អត់ល្អ ចំណាយពេលម្ង៉ៃហ្នឹងនាំកូនដើរទៅនេះទៅនោះខ្លះទៅ»។
កូនប្រុសច្បងរបស់លោកបណ្ឌិត កែម ឡី គឺ កែម វាសនារ៉ានុច វ័យ ១៥ឆ្នាំ នៅពេលគេអផ្សុក និងធុញថប់ខ្លាំង គេតែងតែទៅបញ្ចេញស្ត្រេស (Stress) ដោយសុំម្ដាយទៅលេងស្គីទឹកកក។ រ៉ានុច បន្តថា កាលពីឪពុកនៅមានជីវិត គេអាចជួបជុំគ្រួសារក្នុងភាពសប្បាយរីករាយ ដោយដើរកម្សាន្ត ឪពុកបានជួយបង្រៀនគណិតវិទ្យាស្ទើររាល់ថ្ងៃ អប់រំ និងលើកទឹកចិត្តឲ្យខិតខំរៀនសូត្រ ប៉ុន្តែជីវិតនៅពេលនេះ គឺផ្លាស់ប្ដូរទាំងស្រុង៖ «ពេលមើលហ្វេសប៊ុកឃើញរូបប៉ា ចេះតែនឹកគាត់រហូត នឹកអ្វីដែលគាត់ផ្ដល់ឲ្យទាំងអស់ ធ្វើឲ្យមានកិត្តិយសដល់គ្រួសារដល់ប្រទេសជាតិទៀត។ នៅពេលនឹកប៉ា ជួនកាលទៅលេង វីរៈបុត្រ ជួនកាលអត់ដឹងធ្វើអី គេង! ពេលភ្ញាក់ឡើងភ្លេចអីទាំងអស់»។
រ៉ានុច អាចជំនួសដៃជើងម្ដាយបានច្រើន ទាំងភាសាទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃ ទិញម្ហូបអាហារហូបចុក និងមើលថែប្អូនៗ។
ដោយឡែកលោកស្រី ប៊ូ រចនា មានក្ដីសង្ឃឹមនៅក្នុងចិត្តមួយថា នឹងបានទៅរស់នៅលើទឹកដីថ្មី ដើម្បីឲ្យកូនៗរបស់លោកស្រីមានអនាគតល្អ។
អ្វីដែលជាការដោះដូរស្វាមីគាត់ គឺមានតែតំណក់ឈាមចុងក្រោយនេះហើយ គឺកូនប្រុសពៅ ដែលមានឈ្មោះថា កែម ឡី វីរៈបុត្រ៕