
គ្រួសារសពលោកបណ្ឌិត កែម ឡី អំពាវនាវឲ្យប្រជាពលរដ្ឋនៅគ្រប់ខេត្តក្រុងចូលរួមពិធីបុណ្យខួប១ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ពិធីបុណ្យខួប ១ឆ្នាំ នឹងត្រូវចាប់ផ្ដើមនៅម៉ោង ២រសៀល ថ្ងៃអាទិត្យ ទី៩ និងបញ្ចប់នៅថ្ងៃទី១០ ខែកក្កដា។
រោងបុណ្យខួប ១ឆ្នាំ ដើម្បីរំលឹកថ្ងៃស្លាប់លោកបណ្ឌិត កែម ឡី បានធ្វើរួចរាល់ហើយនៅទីតាំងផ្នូរបណ្ឌិត កែម ឡី ដែលស្ថិតនៅលើផ្លូវជាតិលេខ២ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្អូនប្រុសលោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមពិធីបុណ្យខួប ១ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី។ លោក កែម រិទ្ធិសិត រៀបរាប់ថា ពិធីបុណ្យខួប ១ឆ្នាំនេះ ក្រុមគ្រួសារនឹងនិមន្តព្រះសង្ឃ ៥១អង្គ ជាតំណាងឲ្យអាយុរបស់លោកបណ្ឌិត កែម ឡី គិតត្រឹមឆ្នាំ២០១៧ នេះ៖ «»។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ គឺក្រោយ ២ថ្ងៃដែលលោកបានវិភាគទៅលើរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ដែលចេញផ្សាយ និងរកឃើញពីជំនួញដ៏មហិមារបស់គ្រួសារត្រកូលហ៊ុន។ ក្រោយការបាញ់សម្លាប់លោកបណ្ឌិតបានមួយឆ្នាំ ភរិយារបស់លោកបណ្ឌិត គឺលោកស្រី ប៊ូ រចនា ដែលបាននាំកូនប្រុសទាំង៥ រត់គេចខ្លួនពីកម្ពុជា បានបង្ហាញពីភាពអង់អាចក្លាហាន និងការលះបង់ជីវិតប្ដីលោកស្រីដើម្បីសង្គមជាតិ បើទោះជាលោកស្រី និងកូនៗ មានការនឹករលឹកប្ដី និងឪពុកជាខ្លាំងក៏ដោយ។
ចំណែកគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៨ កក្កដា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឲ្យដឹងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងទៅចូលរួមពិធីបុណ្យខួប ១ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅផ្នូររបស់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី៩ ខែកក្កដា វេលាម៉ោង ២កន្លះរសៀល។
ប្អូនប្រុសលោកបណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ប្រាប់ថា មិនថាតែអ្នកនយោបាយ ឬពលរដ្ឋទូទៅទេ ក្រុមគ្រួសារនៃសពស្វាគមន៍ និងអំពាវនាវឲ្យចូលរួមទាំងអស់។ លោកប្រាប់ថា បងប្រុសលោកកាលនៅរស់ជាមនុស្សឯករាជ្យ ទោះបក្សប្រឆាំង ឬបក្សកាន់អំណាច ក៏បងប្រុសលោកមិនដែលញញើតក្នុងការរិះគន់នោះទេ ដូច្នេះនៅថ្ងៃបុណ្យខួប ១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គ្រួសារសពក៏អំពាវនាវឲ្យអ្នកនយោបាយទាំងអស់អាចចូលរួមក្នុងពិធីបុណ្យបាន៖ «»។
រយៈពេល១ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី គ្រួសាររបស់លោកបណ្ឌិត បានបែកបាក់សាច់ញាតិបងប្អូន ដោយលោកបណ្ឌិតស្លាប់ ប្រពន្ធកូនភៀសខ្លួនចេញពីកម្ពុជា ឯអ្នកម្ដាយរបស់បណ្ឌិត កែម ឡី មួយឆ្នាំមកនេះ លោក កែម រិទ្ធិសិត ប្រាប់ថា មិនដែលបានឃើញស្នាមញញឹមរបស់អ្នកម្ដាយលោកនោះទេ ក្រៅពីទៅវត្តដោយភាពស្រងូតស្រងាត់។ ម្ដាយលោកមានតែទឹកភ្នែករលីងរលោង នឹកកូននៅមុខផ្នូរតែប៉ុណ្ណោះ។
ទោះយ៉ាងណា លោក កែម រិទ្ធិសិត នៅតែសង្ឃឹមយុត្តិធម៌សម្រាប់គ្រួសារ និងសព។ លោកថា លុះណាមានការកែប្រែប្រព័ន្ធយុត្តិធម៌ឲ្យឯករាជ្យ តុលាការនឹងផ្ដល់យុត្តិធម៌ដល់គ្រួសារលោក៕