Clik here to view.

ចៅសង្កាត់លេខ១ ទើបជាប់ឆ្នោតថ្មី នាខេត្តព្រះសីហនុ បានឲ្យដឹងថា អតីតចៅសង្កាត់លេខ១ លោក ឈិត សុផាត នៅមិនទាន់ប្រគល់សោបន្ទប់ការិយាល័យចៅសង្កាត់ អោយរូបលោកបានធ្វើការទេ ហើយបានចាក់សោបន្ទប់ការិយាល័យនេះជាប់រហូតមកដល់ពេលនេះ។
ចៅសង្កាត់លេខ១ ទើបជាប់ឆ្នោតថ្មី មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុក ចេត្តនី បានឲ្យដឹងថា ចៅសង្កាត់ចាស់ឈ្មោះ ឈិត សុផាត មិនទាន់ប្រគល់សោបន្ទប់ការិយាល័យធ្វើការនៅសាលាសង្កាត់ជូនលោកទេ គិតមកដល់ថ្ងៃសុក្រ ទី៧ ខែកក្កដា។ លោកថា បន្ទប់ការិយាល័យធ្វើការត្រូវបានអតីតចៅសង្កាត់ឈ្មោះ ឈិត សុផាត ចាក់សោជាប់រហូត ក្រោយពេលរូបលោកបានប្រកាសចូលកាន់តំណែងចៅសង្កាត់ផ្លូវការ កាលពីថ្ងៃទី៣ ខែកក្កដា។
លោក អ៊ុក ចេត្តនី បានបញ្ជាក់ថា សម្រាប់រូបលោកមិនសំខាន់មានបន្ទប់ធ្វើការ ឬមិនមានបន្ទប់ធ្វើការនោះទេ ទោះនៅក្រោមម្លប់ឈើ ក៏លោកអាចធ្វើការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់លេខ១ បានដែរ ប៉ុន្តែការទាមទាររកសោបន្ទប់ការិយាល័យដែលអតីតចៅសង្កាត់លេខ១ ធ្លាប់អង្គុយធ្វើការកន្លងមកនេះ ព្រោះលោកចង់លើកស្ទួយការអនុវត្តច្បាប់នៅកម្ពុជា ឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ៖ «សម្រាប់ខ្ញុំមិនអីទេ ដោយសារតែខ្ញុំមិនមែនជាអ្នកល្មោភអំណាច ឬល្មោភបន្ទប់ធ្វើការអ្វីដែរ ខ្ញុំគ្រាន់តែចង់បំភ្លឺថា ចង់បម្រើដល់ប្រជាពលរដ្ឋឲ្យបានល្អតែប៉ុណ្ណឹងទេ។ ប៉ុន្តែអ្វីដែលខ្ញុំធ្វើនេះ គឺពាក់ព័ន្ធនឹងផ្លូវច្បាប់ គឺឲ្យអតីតចៅសង្កាត់ចាស់ហ្នឹងគោរពតួនាទី ហើយឲ្យគាត់ប្រកាន់ច្បាប់ ដែលបានចែងមកឲ្យក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗអនុវត្ត គឺខ្ញុំចង់ពន្យល់ផ្លូវច្បាប់ដល់គាត់ឲ្យយល់ត្រង់ចំណុចហ្នឹងទេ គឺមិនមែនខ្លួនខ្ញុំដល់មានបន្ទប់ធ្វើការរបស់អតីតចៅសង្កាត់ហ្នឹងមកអង្គុយធ្វើការបានធ្វើការកើតទេ គឺមិនដូច្នេះឡើយ»។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ឈិត សុផាត អតីតចៅសង្កាត់លេខ១ ដើម្បីបំភ្លឺជុំវិញមូលហេតុដែលរូបលោកមិនព្រមប្រគល់សោបន្ទប់ការិយាល័យចៅសង្កាត់ធ្វើការងាររបស់សាលាសង្កាត់លេខ១ ជូនចៅសង្កាត់ទើបជាប់ឆ្នោតថ្មីនេះបានទេតាមទូរស័ព្ទ នៅរសៀលថ្ងៃសុក្រ ទី៧ ខែកក្កដា ព្រោះគ្មានអ្នកទទួល។
Image may be NSFW.
Clik here to view.
ព្រមគ្នានេះ ក៏មិនទាន់ឃើញថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ និងប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជាដើម មកពីគណបក្សប្រជាជនកម្ពុជា ចេញមុខរកដំណោះស្រាយបញ្ចប់វិវាទនោះនៅឡើយដែរ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើឲ្យចៅសង្កាត់លេខ១ ទើបជាប់ឆ្នោតថ្មី និងអតីតចៅសង្កាត់បន្តជួបជជែកគ្នារកដំណោះស្រាយលើបញ្ហាសោបន្ទប់ធ្វើការងារនៅសាលាសង្កាត់លេខ១ នេះចប់ឲ្យបានឆាប់ ហើយងាកមករួមសហការគ្នាជំរុញការផ្ដល់សេវាបម្រើផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរជាងឈ្លោះគ្នាដណ្ដើមតុកៅអី និងបន្ទប់ការិយាល័យធ្វើការងារ៖ «អតីតចៅសង្កាត់លេខ១ និយាយថា មូលហេតុដែលគាត់មិនចាកចេញពីបន្ទប់ធ្លាប់ធ្វើការងារ ៣អាណត្តិមកនេះ គឺដោយសារបន្ទប់នេះគាត់បានរៀបចំតុបតែង និងម្យ៉ាងទៀត គាត់ថា បន្ទប់នេះមានតុទូឯកសារជាច្រើនបានដាក់តម្កល់នៅក្នុងនោះ ដែលពិបាកដល់ការរុះរើចេញទៅបន្ទប់ផ្សេង។ ទាំងនេះជាមូលហេតុដែលគាត់មិនព្រមប្រគល់សោបន្ទប់ជូនចៅសង្កាត់ថ្មីនោះ»។
ព័ត៌មានជុំវិញការមិនព្រមប្រគល់សោបន្ទប់ចៅសង្កាត់នៅពេលនេះ បានក្លាយជាប្រធានបទដែលត្រូវគេលើកយកមកពិភាក្សាគ្នានៅតាមហាងគុយទាវ តុកាហ្វេ និងក្លឹបហាត់ប្រាណជាដើម នាទីប្រជុំជនខេត្តព្រះសីហនុ ក្នុងប៉ុន្មានថ្ងៃមកនេះ។
អ្នកខ្លះបានពេបជ្រាយ និងរិះគន់ទង្វើរបស់អតីតចៅសង្កាត់លេខ១ លោក ឈិត សុផាត ដែលស្ដាយស្រណោះបន្ទប់ធ្វើការងារដែលខ្លួនធ្វើជាចៅសង្កាត់ចំនួន ៣អាណត្តិដោយចាត់ទុកថា ជារឿងអាម៉ាស់បំផុត។ អ្នកខ្លះទៀត ក៏បានរិះគន់ចៅសង្កាត់លេខ១ ទើបជាប់ឆ្នោតថ្មី ឈ្មោះ អ៊ុក ចេត្តនី ដែលនៅបន្តជីកសួរដេញដោលរករឿងបន្ទប់ធ្វើការនេះ ដោយចាត់ទុកថា បានយករឿងតូចមកបើកកកាយឲ្យក្លាយជារឿងធំ។ ប៉ុន្តែអ្នកវិភាគខ្លះទៀតនិយាយថា បើចាញ់ហើយចុះចេញទៅ។
អ្នកជំនួញខ្លះដែលបានជិះរថយន្តទៅឃ្លាំមើលដល់ពីមុខបរិវេណសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ បង្ហាញទស្សនៈថា រឿងនេះគួរតែរដ្ឋបាលក្រុងខេត្តព្រះសីហនុ ពិសេសលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញមុខដោះស្រាយបញ្ចប់វិវាទឲ្យបានឆាប់ ព្រោះមិនចំណេញដល់បក្សប្រជាជនកម្ពុជា នោះទេ។
អ្នកជំនួញខ្លះទៀតបានធានារួមគ្នាប្រមូលថវិកាទិញតុកៅអី ផ្ដល់ជូនចៅសង្កាត់លេខ១ ទើបជាប់ឆ្នោតថ្មី ដាក់អង្គុយធ្វើការនៅក្រោមឆ័ត្រ ឬម្លប់ឈើ នៅពីមុខសាលាសង្កាត់នេះ បើអតីតចៅសង្កាត់លេខ១ លោក ឈិត សុផាត មិនប្រគល់បន្ទប់ការិយាល័យចៅសង្កាត់ជូនទេ៕