Quantcast
Viewing all articles
Browse latest Browse all 11174

រដ្ឋាភិបាល​ឲ្យ​ពលករ​ខ្មែរ​បំពេញ​ការងារ​នៅ​ថៃ​ជា​ប្រក្រតី​ក្រោយ​ជួប​ចរចា​ជាមួយ​ភាគី​ថៃ

Image may be NSFW.
Clik here to view.

រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ រក្សា​ភាព​នឹងន និង​ធ្វើ​ការងារ​ជា​ប្រក្រតី​ជាមួយ​និយោជក​របស់​ពួកគេ។ ការ​អំពាវនាវ​នេះ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ជួប​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ។

​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ថ្មី​ដែល​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ដល់​ពលករ​បរទេស​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ប្រទេស​ថៃ និង​ដាក់ទោស​និយោជក​ដែល​យក​ពលករ​ខុស​ច្បាប់​កាល​ពី​ចុង​ខែ​មិថុនា នោះ មាន​ពលករ​ខ្មែរ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា វិញ។

ក្រសួង​ការងារ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ប្រមាណ ១,៥​លាន​នាក់ កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ក្នុង​នោះ ៧៥​ម៉ឺន​នាក់​ជា​ពលករ​ស្រប​ច្បាប់ ខណៈ ៣០​ម៉ឺន​នាក់​ផ្សេង​ទៀត​មិន​ស្រប​ច្បាប់​ដែល​ក្នុង​ចំណោម​ពលករ​ទាំង ៣០​ម៉ឺន​នាក់​នេះ មាន​ទាំង​អ្នក​ដែល​មិន​ទាន់​បាន​ធ្វើ​លិខិត​ឆ្លង​ដែន និង​អ្នក​បាន​ធ្វើ​លិខិត​ឆ្លង​ដែន​ហើយ​តែ​មិន​ទាន់​បាន​ទទួល​ដែល​មាន​ចំនួន ១៦​ម៉ឺន​នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៧ កក្កដា ឲ្យ​ដឹង​ថា ក្រោយ​កិច្ច​ប្រជុំ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក ស៊ិរិឆៃ ឌីស្តាគុល (Sirichai Distakul) ភាគី​កម្ពុជា-​ថៃ បាន​ព្រមព្រៀង​គ្នា​ថា រដ្ឋាភិបាល​ថៃ មិន​អនុវត្ត​ទោស​ពិន័យ​ចំពោះ​និយោជក​ថៃ ដែល​កំពុង​ប្រើប្រាស់​កម្លាំង​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​នោះ​ទេ ហើយ​ក៏​មិន​បណ្ដេញ​ពលករ​ខ្មែរ​ដែល​បាន​ចូល​ក្នុង​ទឹក​ដី​ថៃ ហើយ​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន ឬ​រោងចក្រ​ណា​មួយ​នៅ​ក្នុង​ប្រទេស​ថៃ នោះ​ដែរ។ ក្រសួង​ការងារ​ថៃ នឹង​ផ្ដល់​ឱកាស​ចំនួន ១៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៧ ខែ​សីហា ដល់​ពលករ​ខ្មែរ និង​និយោជក​ថៃ ដែល​មិន​ទាន់​មាន​ឯកសារ​អ្វី​ទាំង​អស់​ឲ្យ​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​ចុះ​បញ្ជី​ពលករ​ខ្មែរ។ ក្រសួង​ការងារ​ថៃ នឹង​បើក​ការិយាល័យ​ចុះ​ឈ្មោះ​ពលករ​បរទេស​ចំនួន ១០​កន្លែង នៅ​ក្នុង​ទីក្រុង​បាងកក និង​ចំនួន ១​កន្លែង​នៅ​ក្នុង​ខេត្ត​នីមួយៗ​នៃ​ប្រទេស​ថៃ។

​ក្រសួង​ការងារ​ថៃ អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ដែល​មាន​លិខិត​ឆ្លង​ដែន លិខិត​ធ្វើ​ដំណើរ ឬ​ប័ណ្ណ​ស៊ីជម្ពូ​ស្រប​ច្បាប់​ពេល​ដំបូង ប៉ុន្តែ​ក្រោយ​មក​បាន​ផ្លាស់ប្ដូរ​និយោជក​ដោយ​ខុស​នីតិវិធី ហើយ​ក្លាយ​ទៅ​ជា​ពលករ​ខុស​ច្បាប់ អាច​មក​ចុះ​បញ្ជី​ជាមួយ​មន្ទីរ​ការងារ​ថៃ ដើម្បី​បំពេញ​ឯកសារ​ដើម្បី​ក្លាយ​ទៅ​ជា​ពលករ​ស្របច្បាប់​វិញ។

ក្រៅ​ពី​នេះ ភាគី​ថៃ ក៏​បាន​ឯកភាព​តាម​សំណើ​របស់​កម្ពុជា ក្នុង​ការ​រៀបចំ​យុទ្ធនាការ ១០០​ថ្ងៃ បើក​ផ្ដល់​លិខិត​ឆ្លង​ដែន លិខិត​ធ្វើ​ដំណើរ ឬ​ប័ណ្ណ អូ.ស៊ី.ដាប់ប៊លយូ.ស៊ី (OCWC) ដល់​ពលករ​ខ្មែរ​ឲ្យ​បាន​ចំនួន ១៦​ម៉ឺន​នាក់​ដែល​បាន​ធ្វើ​ការ​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់​រួច​ហើយ​ក្នុង​ពេល​កន្លង​មក។ យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​សីហា ត​ទៅ ដោយ​គណៈកម្មការ​នឹង​បញ្ជូន​ក្រុម​ចល័ត​ចំនួន​៤ ក្រុម​បន្ថែម​ទៀត ដើម្បី​ចុះ​បើក​ផ្ដល់​តាម​រោងចក្រ​ធំៗ​ទាំង ២០០ ដែល​មាន​ប្រើប្រាស់​កម្លាំង​ពលករ​ខ្មែរ​លើស​ពី ៧០​នាក់។ កម្រៃ​សេវា​ផ្លូវការ​ក្នុង​ការ​បើក​ផ្ដល់​សំណុំ​ឯកសារ ដែល​ភាគី​ថៃ និង​កម្ពុជា បាន​ឯកភាព​គ្នា​គឺ​ជិត ១​ពាន់​បាត ឬ​ស្មើ​ប្រមាណ ៣៣​ដុល្លារ​អាមេរិក។

បន្ថែម​ពី​លើ​នេះ ភាគី​ថៃ ក៏​បាន​ឯកភាព​តាម​សំណើ​របស់​កម្ពុជា ក្នុង​ការ​រៀបចំ​យុទ្ធនាការ​១​ទៀត​គឺ​យុទ្ធនាការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ​ខ្មែរ​ដែល​មិន​ទាន់​មាន​លិខិត​ធ្វើ​ដំណើរ និង​ប័ណ្ណ OCWC ដើម្បី​យក​ទៅ​សុំ​ភាព​ស្រប​ច្បាប់​ពី​អាជ្ញាធរ​ថៃ ដោយ​កំណត់​យន្តការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ និង​បើក​ផ្តល់​ឯកសារ​ជូន​ពលករ​នៅ​ក្នុង​ថ្ងៃ​តែមួយ ហើយ​ពលករ​អាច​ទៅ​សុំ​ទិដ្ឋាការ​ស្នាក់​នៅ និង​ទិដ្ឋាការ​ការងារ​ពី​ភាគី​ថៃ ពី​កន្លែង​តែមួយ​តែម្ដង។

យុទ្ធនាការ​គ្រោង​ចាប់​ផ្ដើម​ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែ​សីហា ដោយ​មាន​ក្រុម​ការងារ​ចំនួន ២០​ក្រុម​បន្ថែម​ទៀត ដោយ​ផ្ដើម​ចេញ​ពី​ពលករ​ផ្នែក​នេសាទ​ក្នុង​ខេត្ត​រ៉ាក់យ៉ង និង​ផ្នែក ឬ​ខេត្ត​ផ្សេង​ទៀត​ជា​បន្តបន្ទាប់។ កម្រៃ​សេវា​ផ្លូវការ​ក្នុង​ការ​ធ្វើ និង​បើក​ផ្ដល់​សំណុំ​ឯកសារ​នេះ​គឺ ២.៣៥០​បាត ឬ​ស្មើ​ប្រមាណ ៨០​ដុល្លារ​អាមេរិក។

​គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់​បញ្ជាក់​ថា នឹង​ចុះទៅ​ផ្ដល់​សំណុំ​ឯកសារ​ផ្ដល់​ភាព​ស្រប ច្បាប់​ជូន​ពលករ​នៅ​ក្នុង​ទឹកដី​ថៃ តែម្ដង។ ដោយ​ឡែក​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា ហើយ​មាន​បំណង​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ គណៈកម្មការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ទទូច​ឲ្យ​ជ្រើសរើស​ការ​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​ស្របច្បាប់​ជា​ពលករ (MOU) តាម​រយៈ​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំង ៧៧ ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​កម្ពុជា និង​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles