Clik here to view.

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា សហការជាមួយភាគីថៃ នឹងបើកយុទ្ធនាការ ១០០ថ្ងៃ ដើម្បីធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅប្រទេសថៃ ដែលសេសសល់ប្រមាណ ១៦ម៉ឺននាក់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងបញ្ជាក់បែបនេះកាលពីយប់ថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីរូបលោកបានត្រឡប់មកពីប្រទេសថៃ ដើម្បីជួបជជែកពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ រឿងពលករខ្មែរដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ៖ «យុទ្ធនាការនេះប្រហែលជាយើងអាចបញ្ចប់ ១៦ម៉ឺន អ៊ីចឹងទេចំណុចនេះសំខាន់ណាស់។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូននៅប្រទេសថៃ ដែលធ្វើលិខិតឆ្លងដែនហើយ តែមិនទាន់ទទួលបានត្រូវឆាប់មកទាក់ទងដើម្បីទទួលយក ដើម្បីរួចផុតពីផ្លូវច្បាប់ផ្សេងៗ។ ឥឡូវនេះកន្លែងដែលយើងទទួលធ្វើគឺនៅស្ថានទូត និងក្នុងខេត្តចំនួន៣ ផ្សេងទៀតកំពុងដំណើរការ...»។
ក្នុងយុទ្ធនាការនេះដែរ ក្រសួងនឹងបង្កើតក្រុមការងារតាមខេត្តធំៗក្នុងប្រទេសថៃ ដែលមានរោងចក្រច្រើន និងមានពលករខ្មែរធ្វើការងារនៅទីនោះ ព្រមទាំងបង្កើតក្រុមការងារចល័តប្រមាណ ៤ក្រុមផ្សេងទៀត ចុះធ្វើការតាមតំបន់រោងចក្រនានា។ លោកបន្តថា នៅពេលដែលផ្ដល់លិខិតឆ្លងដែន លោកនឹងសុំឲ្យថៃ ផ្ដល់ទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការការងារ។
លោក អ៊ិត សំហេង បញ្ជាក់ថា អាជ្ញាធរថៃ បានផ្ដល់ការអនុគ្រោះសម្រាប់ពលករខ្មែរ ក្នុងការរៀបចំឯកសារចុះបញ្ជីថ្មី ដោយប្រើរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។ លោកបន្តថា បច្ចុប្បន្ននេះពលករខ្មែរដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ មានប្រមាណ ១លាន ៥ម៉ឺននាក់ ក្នុងនោះមានពលករប្រមាណ ៧៥ម៉ឺននាក់ មានភាពស្របច្បាប់ និងប្រមាណ ៣០ម៉ឺននាក់ផ្សេងទៀតមិនទាន់ស្របច្បាប់នោះទេ៕