Quantcast
Viewing all articles
Browse latest Browse all 11174

ភាព​ចម្រូងចម្រាស​រវាង​ចៅ​សង្កាត់​ថ្មី​និង​អតីត​ចៅ​សង្កាត់​រឿង​បន្ទប់​ធ្វើ​ការ​នៅ​ខេត្ត​ព្រះសីហនុ

Image may be NSFW.
Clik here to view.

មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ចៅ​សង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី និង​អតីត​ចៅ​សង្កាត់ ត្រូវ​រួម​សហការ​គ្នា​ជំរុញ​ការ​ផ្តល់​សេវា​បម្រើ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ប្រសើរ​ជាង​ឈ្លោះ​គ្នា​ដណ្ដើម​បន្ទប់​ធ្វើ​ការងារ។

គិត​ត្រឹម​ថ្ងៃ​ពុធ ទី​៥ ខែ​កក្កដា អតីត​ចៅ​សង្កាត់​លេខ១ ឈ្មោះ ឈិត សុផាត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រាញ​ននៀល​មិន​ព្រម​ប្រគល់​បន្ទប់​ធ្លាប់​អង្គុយ​ធ្វើ​ការ​ប៉ុន្មាន​អាណត្តិ​កន្លង​ទៅ ឲ្យ​ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដោយ​លើក​ហេតុផល​ថា អគារ​សាលា​សង្កាត់​លេខ១ ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ចំណាយ​ថវិកា​សាងសង់។

ក្រុម​ប្រឹក្សា​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ទើប​ប្រកាស​ចូល​កាន់​តំណែង​ថ្មី បាន​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​កក្កដា បាន​លើក​យក​របៀបវារៈ​ចំនួន​បី​មក​ពិភាក្សា ដោយ​មាន​វត្តមាន​ចៅ​សង្កាត់​លេខ១ ជាប់​ឆ្នោត​ថ្មី និង​អតីត​ចៅ​សង្កាត់ ចូលរួម។

ការ​ពិភាក្សា​ក៏​បាន​លើក​យក​ករណី​អតីត​ចៅ​សង្កាត់​លេខ១ ចាញ់​ឆ្នោត គឺ​លោក ឈិត សុផាត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​ព្រម​ប្រគល់​បន្ទប់​ការិយាល័យ និង​សម្ភារៈ​ធ្វើ​ការងារ​ដែល​ខ្លួន​ធ្លាប់​ប្រើប្រាស់​ពេល​ធ្វើ​ជា​ចៅ​សង្កាត់​ប៉ុន្មាន​អាណត្តិ​មក​នេះ ទៅ​ឲ្យ​ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ចៅ​សង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​សង្កាត់។ អ្នកស្រី​ចាត់​ទុក​ការ​ដែល​អតីត​ចៅ​សង្កាត់​លេខ១ លោក ឈិត សុផាត មិន​ទាន់​ព្រម​ប្រគល់​បន្ទប់​ធ្វើ​ការ​ទៅ​ឲ្យ​ចៅ​សង្កាត់​ជាប់​ឆ្នោត​ថ្មី ថា​ជា​រឿង​តូចតាច និង​គួរ​ត្រូវ​សម្របសម្រួល​ឲ្យ​បាន​ឆាប់។

អ្នកស្រី​ឲ្យ​ដឹង​ថា អគារ​សាលា​សង្កាត់​លេខ១ គឺ​មាន​បន្ទប់​ចំនួន​៤ មាន​ទំហំ​ប៉ុន​គ្នា និង​មិន​គួរ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា​រឿង​បន្ទប់​ធ្វើ​ការ គឺ​អ្នក​ចាស់​ត្រូវ​តែ​ចាកចេញ ហើយ​អ្នក​ថ្មី​ត្រូវ​តែ​ទៅ​អង្គុយ​នៅ​បន្ទប់​របស់​អតីត​ចៅ​សង្កាត់​ធ្លាប់​អង្គុយ​ធ្វើ​ការ​នោះ​ទេ។

អ្នកស្រី សុធារី បញ្ជាក់​ថា បើ​អតីត​ចៅ​សង្កាត់​ចាញ់​ឆ្នោត គាត់​បាន​លើក​យក​ហេតុផល និង​សំណូមពរ​ចង់​អង្គុយ​ក្នុង​ការិយាល័យ​គាត់​ចាស់ ដែល​គាត់​អះអាង​ថា​បាន​ចំណាយ​ថវិកា​តុបតែង និង​មាន​ទូ​ឯកសារ​ផ្សេងៗ​ជាច្រើន​ពិបាក​ក្នុង​ការ​រុះរើ​ចេញ គួរ​តែ​ចៅ​សង្កាត់​ថ្មី​ពិចារណា​អនុញ្ញាត​ឲ្យ​គាត់ ដោយ​គ្រាន់​តែ​សរសេរ​អក្សរ​បន្ទប់​ចៅ​សង្កាត់​នៅ​ពី​មុខ​បន្ទប់​ការិយាល័យ​ចៅ​សង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី វា​ជា​ការ​ស្រេច។

អ្នកស្រី សុធារី ផ្តល់​ទស្សនៈ​ថា គួរ​តែ​ទាំង​ចៅ​សង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត​ថ្មី និង​អតីត​ចៅ​សង្កាត់ រួម​គ្នា​ដោះស្រាយ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ឆាប់ ប្រសើរ​ជាង​ទៅ​ឈ្លោះ​ដណ្ដើម​បន្ទប់​ធ្វើ​ការ​គ្នា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេវា​បម្រើ​ពលរដ្ឋ៖ «»

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក ឈិត សុផាត អតីត​ចៅ​សង្កាត់ បាន​អះអាង​ថា ៣​អាណត្តិ​ហើយ​ដែល​លោក​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​លេខ១ គឺ​អគារ​សាលា​សង្កាត់​នេះ​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា រួម​ជាមួយ​សប្បុរសជន និង​រូប​លោក​ផ្ទាល់ បាន​ចំណាយ​ថវិកា​ដើម្បី​សាងសង់ ដោយ​ចែក​ជា ៤​បន្ទប់​មាន​ទំហំ​ប៉ុន​គ្នា។

ទោះ​ជា​យ៉ាង​ណា កិច្ចប្រជុំ​ស្ទើរ​ពេញ​មួយ​ព្រឹក​រវាង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​លេខ១ រួម​មាន​វត្តមាន​លោក អ៊ុក ចេត្តនី ចៅ​សង្កាត់​លេខ១ ទើប​ជាប់​ឆ្នោត និង​លោក ឈិត សុផាត អតីត​ចៅ​សង្កាត់ គឺ​មិន​បាន​ឯកភាព​គ្នា​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​បន្ទប់​ការិយាល័យ​ធ្វើ​ការ​នេះ​ទេ។ អតីត​ចៅ​សង្កាត់ នៅ​តែ​ក្រាញ​ននៀល​មិន​ព្រម​ប្រគល់​បន្ទប់​ធ្វើ​ការ​ដែល​ខ្លួន​ធ្លាប់​អង្គុយ ទៅ​ឲ្យ​លោក អ៊ុក ចេត្តនី ចៅ​សង្កាត់​ថ្មី​នេះ​ទេ។

ករណី​នេះ ចៅ​សង្កាត់​លេខ១ លោក អ៊ុក ចេត្តនី ថ្លែង​ថា ការ​ដែល​រូប​លោក​នៅ​ទទូច​ចង់​បាន​បន្ទប់​ការិយាល័យ​ធ្វើ​ការងារ​របស់​អតីត​ចៅ​សង្កាត់​លេខ១ គឺ​ដើម្បី​ងាយស្រួល​នៅ​ពេល​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មក​រក​សេវា​បម្រើ​ផ្សេងៗ គឺ​មាន​លក្ខណៈ​ងាយស្រួល ព្រោះ​ពួក​គាត់​ធ្លាប់​ស្គាល់​បន្ទប់​ធ្វើ​ការ​របស់​អតីត​ចៅ​សង្កាត់​ស្រាប់។ ជាង​នេះ លោក​ត្រូវ​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​ឆន្ទៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ទទូច​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ៖ «»

ទាក់ទិន​បញ្ហា​នេះ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ចាត់​ទុក​រឿង​ផ្លាស់ប្ដូរ​បន្ទប់​ធ្វើ​ការងារ​នៅ​សាលា​សង្កាត់​លេខ១ ថា​ជា​រឿង​កំប៉ិកកំប៉ុក និង​ស្នើ​ឲ្យ​ចៅ​សង្កាត់​ជាប់​ឆ្នោត​ថ្មី និង​អតីត​ចៅ​សង្កាត់ ត្រូវ​រួម​សហការ​គ្នា​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ប្រសើរ​ជាង​យក​រឿង​តូចតាច​មួយ​មក​ប្រឈម​មុខ​ដាក់​គ្នា។

ទោះ​ជា​យ៉ាង​ណា លោក អ៊ី សុខឡេង មិន​បាន​ណែនាំ​អតីត​ចៅ​សង្កាត់​នោះ​ទេ តែ​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) តប​ទៅ​សមាជិក​គាំទ្រ​ចៅ​សង្កាត់​លេខ១ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថា កុំ​ឲ្យ​ធ្វើ​អ្វី​ជ្រុល​ហួសហេតុ​ពេក។

ការ​មិន​ព្រម​ប្រគល់​បន្ទប់​ធ្វើ​ការងារ​ទៅ​ឲ្យ​ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នេះ បាន​ទទួល​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន។ ប្រជាពលរដ្ឋ​ខ្លះ​បាន​ជិះ​រថយន្ត និង​ម៉ូតូ​មក​ឈប់​នៅ​ពី​មុខ​សាលា​សង្កាត់​លេខ១ ហើយ​បាន​សម្ដែង​មតិ​ថា មិន​គួរ​លោក ឈិត សុផាត អតីត​ចៅ​សង្កាត់​លេខ១ ដែល​ជា​មនុស្ស​ចាស់​ទុំ​ម្នាក់ នៅ​សោកសង្រេង​ក្រាញ​ននៀល​មិន​ព្រម​ចុះ​ចេញ​ពី​កៅអី ឬ​តុ​ធ្លាប់​អង្គុយ​ធ្វើ​ការងារ​របស់​ខ្លួន​ពេល​ចាញ់​ឆ្នោត​បែប​នេះ​ទេ។ អ្នក​ជំនួញ និង​អាជីវករ​ខ្លះ​ទៀត បាន​ចាត់​ទុក​សកម្មភាព​របស់​អតីត​ចៅ​សង្កាត់​លេខ១ លោក ឈិត សុផាត ថា​ជា​គំរូ​អាក្រក់ និង​មាន​ភាព​អាម៉ាស់​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles