Clik here to view.

អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ ថាបំណងកែប្រែច្បាប់ដើម្បីហាមទណ្ឌិតមិនឲ្យពាក់ព័ន្ធនឹងបក្សនយោបាយ គឺជាចេតនាបញ្ចប់ជីវិតនយោបាយរបស់ស្ថាបនិកគណបក្សសង្គ្រោះជាតិ។ លោក យឹម សុវណ្ណ យល់ឃើញថា ច្បាប់នេះនឹងបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ម្នាក់ តែកើត សម រង្ស៊ី មកវិញរាប់លាននាក់។ ប៉ុន្តែអ្នកស្រាវជ្រាវនយោបាយយល់ថា អវត្តមានលោក សម រង្ស៊ី នឹងប៉ះពាល់ដល់ប្រជាប្រិយភាពបក្សប្រឆាំង។
លោក យឹម សុវណ្ណ ចាត់ទុកការកែប្រែច្បាប់នេះនឹងធ្វើឲ្យសង្គមខ្មែរបែកបាក់ ហើយរងការរិះគន់ថាជាប្រទេសគ្មានលទ្ធិប្រជាធិបតេយ្យ។ លោកសម្ដែងការសោកស្ដាយចំពោះក្ដីបំណងរបស់ក្រុមអ្នកច្បាប់ និងតំណាងរាស្ត្រគណបក្សកាន់អំណាច ដែលចង់ធ្វើវិសោធនកម្ម ឬកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «តាមធម្មតាច្បាប់នេះជាច្បាប់នយោបាយហើយ។ ហេតុផលនយោបាយធ្វើឡើងដើម្បីផាត់ឯកឧត្តមអតីតប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ហ្នឹងចេញពីឆាកនយោបាយ។ ពេលដែលឯកឧត្តម សម រង្ស៊ី មិននៅ លោកមិនបានចូលធ្វើនយោបាយតាមធម្មតាទេ។ ក្ដីបារម្ភ ក្ដីព្រួយ ក្ដីនឹករលឹក ក្ដីសោកស្ដាយវាតែងតែកើតឡើងនៅក្នុងអារម្មណ៍មនុស្ស ក្នុងនាមជាមនុស្សជាតិ ក៏ប៉ុន្ដែពេលខ្លះការដែលបារម្ភ ការដែលព្រួយ ការដែលឈឺចាប់ទាំងអស់នោះ វាប្រែក្លាយឲ្យទៅជាការជំរុញឲ្យមានភាពក្លាហាន ឲ្យមានសេចក្តីមោះមុតបន្ថែមនៅក្នុងការតស៊ូដើម្បីប្រទេសជាតិតែប៉ុណ្ណឹងទេបាទ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ មិថុនា ក្នុងខួបលើកទី៦៦ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បានប្រកាសស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបន្ថែមទៀត ដែលលោកថាដើម្បីរារាំងកុំឲ្យទណ្ឌិតលូកលាន់កិច្ចការរបស់គណបក្សនយោបាយ។ ទោះមិនបានព្រមានចំឈ្មោះថាទណ្ឌិតរូបណាដែលមានឥទ្ធិពលក្នុងកិច្ចការគណបក្សនយោបាយ តែគេអាចដឹងថា សំដៅលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេស ដោយសារជាប់បណ្ដឹងជាច្រើននៅតុលាការក្រុងភ្នំពេញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បកស្រាយថា ការបោះឆ្នោតឆ្នាំ២០១៨ នឹងគ្មានយុត្តិធម៌ទេ ប្រសិនបើគ្មានវត្តមានរបស់លោក សម រង្ស៊ី។ លោក យឹម សុវណ្ណ ចាត់ទុកការគ្មានវត្តមានរបស់លោក សម រង្ស៊ី ពីគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យមានការឈឺចាប់ ខណៈដែលការឈឺចាប់ទាំងនោះ ពេលខ្លះវាបានក្លាយទៅជាកម្លាំងចិត្តជំរុញឲ្យមានភាពក្លាហានក្នុងការតស៊ូ ដើម្បីប្រទេសជាតិ។
ខណៈដែលសេចក្តីព្រាងវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ កំពុងត្រូវត្រួតពិនិត្យដោយក្រុមអ្នកច្បាប់ និងតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច មន្ត្រីរដ្ឋសភាបានប្រកាសជាមុនហើយថា នឹងទទួលយកសេចក្តីស្នើកែប្រែច្បាប់នេះទៅប្រជុំនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរដ្ឋសភា ហើយបើទោះជាច្បាប់នេះមិនទទួលបានការយល់ព្រម ឬមិនគាំទ្រពីតំណាងរាស្ត្របក្សប្រឆាំង ក៏បំណងកែប្រែច្បាប់នេះធ្វើទៅរួចដែរ ដោយសារសំឡេងបក្សកាន់អំណាចក្នុងរដ្ឋសភាមានលទ្ធភាពគ្រប់គ្រាន់ ដោយអនុម័តច្បាប់កែប្រែនោះដោយសំឡេងបក្សតែមួយបាន។
អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថាការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយកាលពីលើកទី១ នៅខែកុម្ភៈ ម្ដងរួចហើយនោះ គឺបម្រើផលប្រយោជន៍ដល់គណបក្សកាន់អំណាចទាំងស្រុង។ លោកបន្តថា ចំណុចដែលគួរត្រូវកែប្រែក្នុងច្បាប់គណបក្សនយោបាយ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយថា គឺហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ៖ «បញ្ហាយើងមើលឃើញត្រង់ស្លាកគណបក្សមួយចុះ! បើសិនបើគណបក្សហ្នឹងដាក់រូបតែ កឹម សុខា ម្នាក់ ប៉ុន្តែស្លាកគណបក្សចាស់ គឺនៅក្នុងរូបរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហើយលោក សម រង្ស៊ី គាត់ជាប់ពិរុទ្ធជាទណ្ឌិត។ បើចឹងទេ វាត្រូវតែដូរស្លាកគណបក្ស បើគ្រាន់តែដូរស្លាកគណបក្សហ្នឹង ក៏គណបក្សសង្គ្រោះជាតិ ខាតលុយចូលរាប់លានដុល្លារដែរ ហើយពេលវេលាទៀត មិនដឹងទាន់មិនទាន់ទេ។ អាហ្នឹងបើយើងគិតអំពីយន្តការនៃការប៉ះពាល់ គ្រាន់តែឃើញទិដ្ឋភាពមួយ ចឹងនៅក្នុងយន្តការផ្សេងៗទៀត ដូចលោក សម រង្ស៊ី ដែលត្រូវជួយឃោសនា ឬក៏ជំរុញប្រជាពលរដ្ឋកៀរគរប្រជាពលរដ្ឋដែលស្រឡាញ់គាត់ហ្នឹង ឲ្យមកគាំទ្រគណបក្សសង្គ្រោះជាតិ ហ្នឹង គ្រាន់តែគណបក្សសង្គ្រោះជាតិ មិនអាចយកគាត់ (សម រង្ស៊ី) ហ្នឹងមកឃោសនា ឬចាក់ផ្សាយក្នុងទីសាធារណៈ»។
ទោះជាយ៉ាងណាក៏ដោយចុះ អ្នកជំនាញផ្នែកនយោបាយដដែលផ្ដល់អនុសាសន៍ថា គណបក្សសង្គ្រោះជាតិ អាចលូតទៅមុខបានដោយមិនចាំបាច់មានការពាក់ព័ន្ធពីលោក សម រង្ស៊ី លុះត្រាតែសមាជិកទាំងអស់របស់គណបក្សប្រឆាំងឈប់មានការស្ទាក់ស្ទើរ និងខ្លាចមុខខ្លាចក្រោយតទៅទៀត។ លោកយល់ឃើញថា គណបក្សសង្គ្រោះជាតិ បានបោះបង់ប្រធានបទរសើបៗចោលដូចជាករណីរឿងព្រំដែន ជាដើម៕