Clik here to view.

មន្ត្រីបរិស្ថានស្រុកសៀមប៉ាង រងការចោទថា រុះរើលំនៅឋាន និងបណ្ដេញពលរដ្ឋឲ្យចាកចេញពីដីដែលពួកគេធ្លាប់រស់នៅ និងបង្កបង្កើនផលជាច្រើនឆ្នាំទាំងបង្ខំ។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពីមន្ត្រីបរិស្ថាន និងនគរបាលមួយក្រុមបាននាំគ្នារុះរើផ្ទះពលរដ្ឋចំនួន ៤ខ្នង កាលពីថ្ងៃទី១៨ ខែមិថុនា ដោយលើកហេតុផលថា ពលរដ្ឋមកតាំងទីលំនៅឋានក្នុងតំបន់អភិរក្សខុសច្បាប់។
ពលរដ្ឋជាង ២០គ្រួសាររស់នៅឃុំថ្មកែវ ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង បានផ្ដិតមេដៃដាក់ញត្តិស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសង្គមស៊ីវិលអន្តរាគមន៍ទៅមន្ត្រីបរិស្ថាន ឲ្យបញ្ឈប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិ និងឈប់គំរាមបង្ខំឲ្យពួកគាត់ចុះចេញពីដីដែលរស់នៅសព្វថ្ងៃ។
តំណាងពលរដ្ឋរស់នៅឃុំថ្មកែវ លោក គីម ចាន់ឌី ឲ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ថា ក្រុមពលរដ្ឋជាង ២០គ្រួសារ នៅតែបន្តរស់នៅទីនោះទាំងអារម្មណ៍ភ័យខ្លាច ដោយសារមន្ត្រីបរិស្ថានធ្លាប់គំរាមដុតផ្ទះ ប្រសិនបើអ្នកភូមិនៅតែរឹងរូសមិនព្រមចាកចេញ។ លោកកត់សម្គាល់ថា ពលរដ្ឋ ២៦គ្រួសារ បានទៅតាំងទីលំនៅចំណុចញ៉ាងស៊ុមធំ ជាប់មាត់ទន្លេសេកុង ក្នុងស្រុកសៀមប៉ាង តាំងពីឆ្នាំ២០១០ បានដាំដំណាំ និងធ្វើស្រែចិញ្ចឹមជីវិត។
លោកថា អ្នកភូមិក្នុងមួយគ្រួសារមានដីទទឹង ២០ម៉ែត្រ ទៅ ៣០ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រ ទៅ ៥០ម៉ែត្រ សរុបជិត ១០ហិកតារ។ លើសពីនេះ ពលរដ្ឋរស់នៅទីនោះសុទ្ធសឹងតែជាពលរដ្ឋក្រីក្រ គ្មានដីធ្វើស្រែចិញ្ចឹមជីវិត ហេតុនេះពួកគាត់ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការបណ្ដេញពួកគាត់ដោយបង្ខំ ខណៈតំបន់នោះជាប់មាត់ទន្លេងាយស្រួលរស់នៅ និងនេសាទត្រីចិញ្ចឹមជីវិត៖ «អត់ឲ្យទេ សុខចិត្តស្លាប់លើដីហ្នឹងហើយ ដើម្បីព្រោះដីហ្នឹងពុំមែនសម្រាប់ធ្វើអាជីវកម្មធំដុំទេ គឺធ្វើជាលក្ខណៈគ្រួសារតិចតួចម៉េចឲ្យ។ ចាត់ទុកថា អ្នកហ្នឹងគឺជាអ្នកបំផ្លាញរបស់កសិករ ហើយលោកមិនល្អទេ បើចេះដឹកនាំប្រជាពលរដ្ឋថា ឥឡូវកាប់ត្រឹមនេះៗទៅ ធ្វើអីក៏ធ្វើដែរ ត្រឹមនេះៗ ប៉ុន្តែពង្រីកត្រឹមនេះ ខ្ញុំមិនឲ្យពង្រីកទេ តែអានេះមកគំរាមបណ្ដោយ»។
អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខែត្រស្ទឹងត្រែង លោក អេង ភីរុង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៤ ខែកក្កដា ព្រោះទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
មេឃុំថ្មកែវ លោក ស៊ីម ដាម បញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរឃុំបានទទួលពាក្យបណ្ដឹងពីពលរដ្ឋរួចហើយ និងបានចាត់ឲ្យអាជ្ញាធរឃុំចុះស៊ើបអង្កេតរឿងនេះនៅពេលឆាប់ៗ ព្រោះពលរដ្ឋនៅតំបន់នោះមួយចំនួនជាពលរដ្ឋចំណាកស្រុកបានទៅតាំងទីលំនៅខុសច្បាប់តាមដងទន្លេ។ តែយ៉ាងណាអាជ្ញាធរមានផែនការផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋដែលគ្មានដីពិតប្រាកដ៖ «ខាងបរិស្ថានថ្ងៃនេះគាត់មកជួបខ្ញុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ស៊ើបផ្ទាល់ជាមួយអាជ្ញាធរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាមដងទន្លេ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកការរុះរើលំនៅឋានរបស់ពលរដ្ឋដោយបង្ខំជាករណីខុសនីតិវិធី ប្រសិនបើមន្ត្រីបរិស្ថាន និងនគរបាលទាំងនោះពុំមានដីកាពីតុលាការទេ។ លោកថា បើការតាំងទីលំនៅរបស់ពលរដ្ឋដើម្បីចិញ្ចឹមជីវិតលក្ខណៈគ្រួសារ មិនប៉ះពាល់ដីចំណីមាត់ទន្លេ អាជ្ញាធរគួរតែមានការយោគយល់ ហើយអាជ្ញាធររដ្ឋាភិបាលគួរផ្ដល់ដីសម្បទានសង្គមកិច្ចនៅកន្លែងណាមួយសមរម្យ ប្រសិនមានគម្រោងបណ្ដេញពួកគេចេញពីតំបន់នោះ៖ «បើសិនជាគាត់អត់មានទេ អាជ្ញាធរគួរប្រាប់ ស្នើសុំដីសម្បទានសង្គមកិច្ចដើម្បីឲ្យគាត់រស់នៅ។ យើងមិនកាន់ជើងអ្នកខូចទេ តែបើគាត់អត់ពិតប្រាកដមែន អាជ្ញាធរដែនដីហ្នឹងគាត់គួរតែមើលចំណុចខ្វះខាតរបស់ពួកគាត់។ តើគាត់កាន់កាប់ដីយ៉ាងម៉េចឲ្យស្របច្បាប់? បើអត់មានទេ អាចស្នើសុំដីសម្បទានសង្គមកិច្ចឲ្យពួកគាត់»។
លោក ហូ សំអុល ចាត់ទុកការមកតាំងទីលំនៅរបស់ពលរដ្ឋចំណូលស្រុកលើដីចំណីទន្លេ ថាជាការកាន់កាប់ដីសាធារណរដ្ឋខុសច្បាប់ ក៏ប៉ុន្តែលោកជំរុញឲ្យពលរដ្ឋណាគ្មានដីពិតប្រាកដ ប្រញាប់ដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចតាមរយៈអាជ្ញាធរមូលដ្ឋាន សាមីជនរស់នៅដើម្បីអាជ្ញាធរស្រុក-ខែត្រពិនិត្យ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពន្លឿនផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋក្រីក្រពិតប្រប្រាកដ ដើម្បីស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ប្រមុខរដ្ឋាភិបាល៕