Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេ​ភូមិ​នៅ​ស្រុក​អន្លង់វែង​ប្ដឹង​ឧត្ដមសេនីយ៍​យោធា​ម្នាក់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា

$
0
0

មេ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង កំពុង​ស្វែងរក​ក្រុម​អ្នក​ច្បាប់​ឲ្យ​ជួយ​ជ្រោមជ្រែង ដើម្បី​តទល់​គ្នា​ក្នុង​ផ្លូវ​ច្បាប់​នៅ​តុលាការ​ខេត្ត​ឧត្តរមានជ័យ ប្រឆាំង​នឹង​ឧត្តមសេនីយ៍​យោធា​ម្នាក់​ដែល​ជា​អ្នក​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​ឯកជន ដាតា រ៉ាប់ប៊ើរ (Data Rubber)

ការ​ប្ដឹង​តតាំង​តាម​ផ្លូវ​ច្បាប់​នេះ បន្ទាប់​ពី​ឧត្តមសេនីយ៍​យោធា​រូប​នោះ​បាន​នាំ​ទាហាន​ពីរ​នាក់ និង​បក្សពួក​ខ្លះ​ទៀត ទៅ​វាយ​តប់​រូប​គាត់ ព្រម​ទាំង​អនុប្រធាន​ភូមិ​អូរតាម៉េង ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​មក។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ នឹង​ចុះ​អង្កេត​ករណី​ដែល​ឧត្តមសេនីយ៍​ផ្កាយ​មួយ​យោធា​ម្នាក់ ប្រើ​អំពើ​ហិង្សា​វាយ​តប់​ទៅ​លើ​មេ​ភូមិ​ថ្នល់កែង ម្នាក់ អនុប្រធាន​ភូមិ​អូរតាម៉េង ម្នាក់ ព្រម​ទាំង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​នៅ​ក្នុង​ឃុំ​អន្លង់វែង ឲ្យ​បាន​ឆាប់ៗ។

អង្គការ​សិទ្ធិ​មនុស្ស​យល់​ថា ករណី​ទាហាន​ប្រើ​អំណាច​វាយ​តប់​មក​លើ​ប្រជាពលរដ្ឋ​ដូច​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​ភូមិ​ថ្នល់កែង នៃ​ឃុំ​អន្លង់វែង គឺ​លោក មុត មន។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៤ ខែ​កក្កដា ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា រូប​លោក និង​អនុប្រធាន​ភូមិ​អូរតាម៉េង ម្នាក់​ឈ្មោះ ឡុង ប៊ុនថេង និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់ថ្មី ម្នាក់​ទៀត​ឈ្មោះ ហ៊ត់ ដុំ បាន​ទៅ​ដាំ​ស្វាយចន្ទី​នៅ​ក្នុង​ដី​ចម្ការ​របស់​លោក​ជាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ដាតា រ៉ាប់ប៊ើរ។ ដី​របស់​លោក​ថ្វីត្បិតតែ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​វាស់វែង​ឲ្យ​ហើយ​មាន​បង្កាន់ដៃ​កម្មសិទ្ធិ​ច្បាស់លាស់​ក៏ដោយ ក៏​ក្រុមហ៊ុន ដាតា រ៉ាប់ប៊ើរ មិន​ឲ្យ​ចូល​ទៅ​ដាំ​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក​មេ​ភូមិ​ថ្នល់កែង បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​ទៅ​ដាំ​ស្វាយចន្ទី​នោះ គឺ​ឧត្តមសេនីយ៍​យោធា​ម្នាក់​ឈ្មោះ ដួង ស៊ីណា ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ឲ្យ​ក្រុមហ៊ុន​នោះ​មាន​គ្នីគ្នា​ជាច្រើន​នាក់ និង​ទាហាន​ប្រដាប់​អាវុធ ២​នាក់​ផង បាន​មក​វាយ​ប្រជាពលរដ្ឋ​ម្នាក់ ព្រម​ទាំង​អនុប្រធាន​ភូមិ​អូរតាម៉េង ម្នាក់​ទៀត ហើយ​ក៏​សំដៅ​មក​វាយ​រូប​លោក​តែ​ម្ដង៖ «ពួក​ម៉ាក​ខ្ញុំ​ដែល​គេ​វាយ​ដួល​ប្រាប់​ថា មន ប្រយ័ត្ន ហើយ​លោក ដួង ស៊ីណា ក៏​ស្ទុះ​មក​ចាប់​ក​អាវ រួច​វាយ​ខ្ញុំ ៤​ដៃ ប្រមាថ​បាញ់​សព្វគ្រប់»

ប្រភព​ពី​មេ​ភូមិ​ថ្នល់កែង ឲ្យ​ដឹង​ថា បន្ទាប់​ពី​វាយ​តប់​រូប​លោក និង​អនុប្រធាន​ភូមិ​អូរតាម៉េង ហើយ​និង​ប្រជាពលរដ្ឋ​ម្នាក់​មក ឧត្តមសេនីយ៍​ផ្កាយ​មួយ​ឈ្មោះ ដួង ស៊ីណា និង​គ្នីគ្នា​ជាច្រើន​ទៀត​ក៏​បាន​ឡើង​ជិះ​រថយន្ត​បើក​ចេញ​ទៅ​ភ្នំពេញ​ភ្លាមៗ ប៉ុន្តែ​លោក​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តាម​រយៈ​សមត្ថកិច្ច​រួច​ហើយ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ឧត្តមសេនីយ៍​យោធា លោក ដួង ស៊ីណា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា។

មេ​ឃុំ​អន្លង់វែង លោក វង្ស ភ័ក្ត្រ ទទួល​ស្គាល់​ថា ឧត្តមសេនីយ៍​យោធា​ឈ្មោះ ដួង ស៊ីណា ពិត​ជា​បាន​វាយ​តប់​ទៅ​លើ​មេ​ភូមិ​របស់​លោក​មែន។ លោក​មេ​ឃុំ​បញ្ជាក់​ថា នៅ​ពេល​កើត​ហេតុ អាជ្ញាធរ​ស្រុក​អន្លង់វែង ក៏​បាន​ដឹង ដោយ​បាន​បញ្ជូន​កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ជាច្រើន​នាក់​ទៅ​ជួយ ព្រម​ទាំង​បាន​នាំ​ខ្លួន​ទាហាន​ពីរ​នាក់​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧត្តរមានជ័យ ដែល​ពាក់ព័ន្ធ​នឹង​ការ​ចូល​ដៃ​ជាមួយ​ឧត្តមសេនីយ៍​នោះ​ទៅ​សាកសួរ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង មួយ​យប់​ផង។

លោក​មេ​ឃុំ​អន្លង់វែង ជំរុញ​ឲ្យ​មេ​ភូមិ​ថ្នល់កែង ប្ដឹង​ករណី​ដែល​ឧត្តមសេនីយ៍​យោធា វាយ​តប់​នេះ ទៅ​តុលាការ​ខេត្ត​ឧត្តរមានជ័យ៖ «គេ​វាយ​កូន​ចៅ​របស់​យើង ទៅ​សប្បាយ​ចិត្តយ៉ាង​ម៉េច​កើត? សមត្ថកិច្ច​បាន​រៀបចំ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​ប្រឆាំង​នឹង​ឧត្តមសេនីយ៍​យោធា​នោះ​ហើយ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់​ថា ការ​ដែល​ឧត្តមសេនីយ៍​យោធា​នាំ​ទាហាន និង​បក្សពួក​ទៅ​វាយ​តប់​ប្រជាពលរដ្ឋ​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​លោក​នឹង​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​បាន​ឆាប់។

លោក ស្រី ណារ៉េន បញ្ជាក់​ថា សមាគម​ការពារ​សិទ្ធិ​មនុស្ស អាច​នឹង​ផ្ដល់​មេធាវី​ការពារ​មេ​ភូមិ​ដែល​រងគ្រោះ​ដោយសារ​តែ​ឧត្តមសេនីយ៍​យោធា​វាយ​តប់​នោះ ប្រសិន​បើ​ជា​ករណី​ចាំបាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles