
ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានចោទក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង ថា បានប្រើគ្រឿងចក្រឈូសរំលោភយកដីចម្ការរបស់ពួកគាត់ដែលធ្លាប់រស់នៅ និងដាំដំណាំកសិកម្មក្រោយឆ្នាំ១៩៧៩ មកនោះ។ អាជ្ញាធរខេត្តសន្យាថា នឹងលើកយករណីនេះទៅដោះស្រាយជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានអំពាវនាវដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ឲ្យបញ្ឈប់សកម្មភាពប្រើគ្រឿងចក្រឈូសរំលោភយកដីចម្ការ និងសង់សំណង់រឹងមាំផ្សេងៗរំលោភយកដីរបស់ពួកគាត់។
ស្ត្រីវ័យចំណាស់ឈ្មោះ ជី វិស័យ អាយុ ៦៥ឆ្នាំ ស្ថិតក្នុងចំណោមពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង អះអាងថា ដីចម្ការមានទីតាំងនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ដែលមានព្រំដីក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានចោទក្រុមហ៊ុននេះថា បានប្រើគ្រឿងចក្រឈូសរំលោភយកដីចម្ការរបស់គាត់មានទំហំជាង ៣ហិកតារកន្លះ (៣៥,៤៧០) យកទៅសង់សំណង់ផ្សេងៗ។
ស្ត្រីរូបនេះបានចោទលោក ឈុន ប៊ុនថា ជាតំណាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ថាបាននាំយកគ្រឿងចក្រទៅឈូសឆាយដីចម្ការមានដំណាំចន្ទី ស្វាយ និងដូង របស់ពួកគាត់បំផ្លាញចោលដើម្បីរំលោភយកដីពួកគាត់។
នៅក្នុងពាក្យបណ្ដឹងសុំអន្តរាគមន៍ទៅលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្ត្រីវ័យចាស់ឈ្មោះ ជី វិស័យ និងលោក សុខ ចិន្តា បានប្ដឹងសុំអន្តរាគមន៍ដល់ផ្នែកវាស់វែង និងប្រមូលទិន្នន័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិសុខសាន្ត ឲ្យធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លីលើដីដែលជាកម្មសិទ្ធិរបស់ពួកគាត់។
ក្រុមប្រជាពលរដ្ឋបានស្នើដល់លោក យន្ត មីន ជួយទប់ស្កាត់សកម្មភាពតំណាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប គឺលោក ឈុន ប៊ុនថា ឲ្យផ្អាកសកម្មភាពនាំយកគ្រឿងចក្រទៅឈូសឆាយដីចម្ការ និងសង់សំណង់ផ្សេងៗ នៅលើដីទំនាស់មានទីតាំងនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ជាប់ព្រំដីក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ជាបណ្ដោះអាសន្នដើម្បីរង់ចាំដំណោះស្រាយ៖ «កូនចៅមានដីតែប៉ុណ្ណឹង គឺកូនរស់នៅលើដីស្ថិតក្នុងភូមិសុខសាន្ត សង្កាត់កោះរ៉ុង នេះ តាំងពីអាយុ ៩ឆ្នាំមកម្ល៉េះ ហើយដីនេះជារបស់ឪពុកម្តាយកូនទេ ហើយកូនចៅបានមករស់នៅទីកន្លែងនេះជាយូរឆ្នាំមកហើយ ហើយពេលនេះត្រូវក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង បានមកដេញមិនឲ្យកូនចៅរស់នៅលើដីនេះទៀតទេ។ ហើយរាល់ថ្ងៃនេះ កូនចៅមានការភិតភ័យ ស្នើសុំឲ្យសម្ដេច ហ៊ុន សែន ជួយដល់រូបនាងខ្ញុំផង ហើយជួយដោះស្រាយផ្តល់ប្លង់នៅលើចំណែកដីដែលខ្ញុំកំពុងរស់នៅនេះឲ្យបានឆាប់ សូមឲ្យសម្ដេចជួយដល់នាងខ្ញុំផង»។
ចំណែក លោក សុខ ចិន្តា ដែលអះអាងថា ជាម្ចាស់ដីទំនាស់ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ម្នាក់ដែរ។ លោកបានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ដោះស្រាយឲ្យបានឆាប់ៗ ព្រោះដីរបស់គាត់ប្រមាណ ៣ហិកតារ ដែលត្រូវក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ឈូសឆាយរំលោភយក និងសង់សំណង់រឹងមាំផ្សេងនៅលើដីទំនាស់នោះ៖ «ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង បានមករំលោភយកដីពលរដ្ឋពួកខ្ញុំដែលមានដាំដំណាំដូង ស្វាយចន្ទី និងស្វាយ ជាដើម នៅលើដីចម្ការជាក់ស្តែង មានទទួលផលជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ប៉ុន្តែពេលនេះរកព្រឹកខ្វះល្ងាច ដោយសារក្រុមហ៊ុនបានរំលោភយកដីចម្ការរបស់ពួកខ្ញុំនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង នេះ ដោយសារពួកខ្ញុំមិនបានរកស៊ីអ្វីសោះ ព្រោះនៅជាប់តស៊ូពីរឿងវិវាទដីធ្លីរបស់ពួកខ្ញុំទាំងអស់គ្នានេះ។ ឥឡូវនេះ ខ្ញុំសូមស្នើឲ្យសម្ដេចជួយអន្តរាគមន៍ដល់ពួកយើងខ្ញុំទាំងអស់គ្នានៅភូមិសុខសាន្ត ដែលត្រូវក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង ប្រើគ្រឿងចក្រឈូសឆាយរំលោភយកនេះឲ្យបានឆាប់ផង»។
ឆ្លើយតបបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នឹងលើកយកករណីវិវាទដីធ្លីនេះដាក់ជូនទៅលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឲ្យបញ្ជូនមន្ត្រីជំនាញចុះមកពិនិត្យដល់ទីតាំងកើតមានទំនាស់នេះជាថ្មីម្ដងទៀត។
លោក យន្ត មីន ទទួលស្គាល់ថា ទីតាំងដែលក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប កំពុងសាងសង់សំណង់អគារសណ្ឋាគារផ្កាយប្រាំនេះ គឺពិតជាមានពលរដ្ឋបានដាក់ពាក្យបណ្ដឹងមករូបលោកឲ្យជួយផ្អាកសកម្មភាពក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ពិតមែន៖ «រឿងនេះខ្ញុំបានប្រកាសឲ្យទប់ស្កាត់វិវាទនេះត្រឹមប៉ុណ្ណឹងសិន ហើយវិវាទដីធ្លីនេះ ខ្ញុំនឹងស្នើទៅថ្នាក់ដឹកនាំថ្នាក់លើចុះជួយខ្ញុំខ្លះ ហើយក៏នឹងស្នើទៅក្រសួងដែនដី ឲ្យចុះជួយដោះស្រាយទៅលើជម្លោះដីធ្លីរវាងពលរដ្ឋនៅភូមិសុខសាន្ត ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ព្រោះកន្លងមកករណីនេះវាមានជាប់ពាក់ព័ន្ធជាមួយក្រសួងដែនដី ដោយសារតែក្រសួងនេះជាក្រសួងដែលទទួលបន្ទុកខាងបច្ចេកទេសដែនដី គឺជាអ្នកចុះវាស់វែងក្បាលដីចេញប្លង់កម្មសិទ្ធិជាដើម នៅលើកោះរ៉ុង នាពេលកន្លងមកនេះ គឺក្រសួងដែនដីគាត់បានចុះមកជួយវាស់វែង។ អ៊ីចឹងការងារនេះ គឺមិនទាន់បានចប់សព្វគ្រប់នៅឡើយទេ គឺមិនទាន់អាចឈានដល់ចេញប្លង់កម្មសិទ្ធិបាននៅឡើយទេ ហើយករណីទំនាស់ដីធ្លីដែលប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដាក់ពាក្យបណ្ដឹងមករូបខ្ញុំថ្មីៗនេះ គឺរដ្ឋបាលខេត្តមានតែទៅពឹងពាក់ដល់ក្រសួងដែនដី ដើម្បីរួមគ្នាដោះស្រាយទំនាស់ដីធ្លីនៅលើកោះរ៉ុង ដែលកន្លងមកមានការឈ្លោះទាស់ទែងគ្នានេះឡើងវិញ ព្រោះភាគីទំនាស់ម្នាក់ថាអ៊ីចេះ ភាគីម្ខាងទៀតថាអ៊ីចុះ។ ខាងភាគីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចោទខាងភាគីប្រជាពលរដ្ឋថាបាននាំគ្នាមកវាយបំផ្លាញសម្ភារៈរបស់គេ ហើយខាងភាគីប្រជាពលរដ្ឋបានប្ដឹងមកខេត្ត ប្ដឹងចោទថាខាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រំលោភដីពួកគាត់ ហើយប្ដឹងមកខេត្ត ខាងខេត្តអត់ជួយទប់ស្កាត់គាត់។ អ៊ីចឹងគាត់មានតែវាយកម្ទេចសំណង់សង់នៅលើដីរបស់គាត់ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មកសាងសង់នោះចោល»។
ទាក់ទិនបញ្ហានេះ អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងដែនដី ត្រូវចុះមកពិនិត្យជាក់ស្ដែងដល់ទីតាំងកើតមានទំនាស់នៅភូមិសុខសាន្ត ដែលមានវិវាទជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងអនុញ្ញាតឲ្យក្រុមហ៊ុននេះធ្វើសកម្មភាពឈូសឆាយពង្រីកផ្ទៃដីវិនិយោគរបស់ខ្លួន ព្រោះបានប៉ះពាល់ដល់ដីពលរដ្ឋរស់នៅតំបន់នេះ។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ឈុន ប៊ុនថា តំណាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ដើម្បីបំភ្លឺលើករណីប្រជាពលរដ្ឋចោទថា បាននាំយកគ្រឿងចក្រទៅឈូសបំផ្លាញផលដំណោះ មានស្វាយចន្ទី ដូង និងស្វាយនោះទេ។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង បានបើកការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មានឈ្មោះថា រ៉ូយ៉ាល់ ស៊ែន កោះរ៉ុង (Royal Sands Koh Rong) ក្នុងទឹកប្រាក់វិនិយោគប្រមាណ ២០លានដុល្លារអាមេរិក។ ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់នោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមសម្ពោធដែលអំឡុងពេលនោះ សំណង់លំដាប់ផ្កាយនេះធ្វើពិធីសម្ពោធដោយមិនទាន់បានស្នើសុំច្បាប់សាងសង់ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ នោះទេ។
រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិវិនិយោគទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅលើកោះរ៉ុង រយៈពេល ៩៩ឆ្នាំ។ ក្នុងប្លង់អភិវឌ្ឍន៍កោះរ៉ុង ទាំងមូលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដែលគេចងព្យួរនៅតាមផ្លូវដែលក្រុមហ៊ុននេះកំពុងឈូសឆាយកន្លងមកបង្ហាញថា ផែនទីបង្ហាញទម្រង់ និងទីតាំងក្បាលដីកោះរ៉ុង ក្នុងភូមិសាស្ត្រសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ជាទ្រព្យឯកជនរបស់រដ្ឋ នាមូលដ្ឋាននេះមានទំហំសរុប ៧.៨២៦ហិកតារ៕