Clik here to view.

កម្មករសំណង់ និងសហជីព ស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហាសុខភាព សុវត្ថិភាព និងផ្តល់កិច្ចគាំពារសង្គមសម្រាប់ពួកគេ។ ការស្នើសុំនេះ បន្ទាប់ពីពួកគេមើលឃើញថា កម្មករសំណង់នៅតែរងហានិភ័យខ្ពស់ ខណៈវិស័យសំណង់បានដើរតួកាន់តែសំខាន់ជួយដល់សេដ្ឋកិច្ចជាតិ។
ថ្វីត្បិតតែវិស័យសំណង់ផ្ទះល្វែង សណ្ឋាគារ ខុនដូ (Condo) និងអគារខ្ពស់ៗរីកដុះដាលកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាការរួមចំណែកកសាងឡើងដោយកម្លាំងញើសឈាមរបស់កម្មករសំណង់ក្តី ប៉ុន្តែសព្វថ្ងៃនេះ កម្មករសំណង់នៅតែមិនទាន់ត្រូវបានគេយកចិត្តទុកដាក់ឡើយ ពោលគឺកម្មករសំណង់នៅតែប្រឈមនឹងលក្ខខណ្ឌការងារដ៏អាក្រក់ និងសុវត្ថិភាពដ៏ផុយស្រួយដដែល។ ទោះជាយ៉ាងណា ឧស្សាហកម្មការងារសំណង់នេះនៅតែទាក់ទាញអ្នកធ្វើការទាំងប្រុសទាំងស្រីគ្រប់វ័យមកពីគ្រប់ទិសទី បន្ទាប់ពីការងាររោងចក្រ។
កម្មករសំណង់ម្នាក់ឈ្មោះ ណុប ចន្ថា មកពីខេត្តកំពត រៀបរាប់ថា លោកបានចាកចោលភូមិស្រុកមកធ្វើជាកម្មករសំណង់នៅភ្នំពេញជាង ៥ឆ្នាំមកហើយ។ មានបទពិសោធន៍ធ្វើសំណង់នៅតាមផ្ទះល្វែងផង ខុនដូផង ឬធ្វើរបងផ្ទះគេផង លោកអះអាងថាការងារមួយនេះគឺហត់នឿយ និងប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ហើយទទួលបានប្រាក់ឈ្នួលទាប និងគ្មានអ្នកទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់កម្មករឡើយ។ ក្នុងមួយថ្ងៃ ចន្ថា ធ្វើការ ៨ម៉ោង ដោយទទួលបានប្រាក់ឈ្នួល ២ម៉ឺន ៨ពាន់រៀល។ ប្រាក់ឈ្នួលនេះ ចន្ថា ត្អូញត្អែរថា មិនអាចទ្រទ្រង់សម្រាប់ការចំណាយលើការហូបចុក ថ្លៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះជួលបានទេ៖ «»។
ទោះការងារសំណង់នេះលំបាក និងគ្រោះថ្នាក់ប៉ុណ្ណាក្តី លោក ណុប ចន្ថា និយាយថា លោកគ្មានជម្រើសទៅធ្វើការផ្សេងនោះទេ ព្រោះគ្មានចំណេះជ្រៅជ្រះ ហើយការងារខាងរោងចក្រមិនសូវជ្រើសរើសប្រុសៗទៅធ្វើការឡើយ។ ចង់ឬមិនចង់ ថ្ងៃមុខលោកប្រហែលមានតែជម្រើសមួយទៀតប៉ុណ្ណោះ គឺចំណាកស្រុកទៅធ្វើជាកម្មករនៅក្រៅប្រទេស ក្រែងបានប្រាក់ខែខ្ពស់ និងលក្ខខណ្ឌការងារល្អជាងនៅស្រុកខ្មែរ។
រីឯកម្មការិនីសំណង់ម្នាក់ទៀតឈ្មោះ កុយ ស្រីម៉ៅ បានធ្វើការងារសំណង់ជាង ៥ឆ្នាំដែរហើយ។ នៅក្នុងការដ្ឋានសំណង់ គឺលោកស្រីថាប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ហើយស្ត្រីធ្វើការស្មើដៃ ឬប្រហាក់ប្រហែលនឹងបុរសដែរ ប៉ុន្តែកម្មករជាស្ត្រីនៅតែបានប្រាក់ឈ្នួលទាបជាងបុរស គឺទទួលបានប្រាក់ឈ្នួលចន្លោះចាប់ពី ១ម៉ឺន ៥ពាន់រៀលទៅ ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកស្រីបន្តថា ការងារសំណង់ គឺគ្មានថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យទានដូចការងារផ្សេងឡើយ ហើយពេលឈឺ ឬគ្រោះថ្នាក់ការងារ គឺកម្មករត្រូវចេញលុយព្យាបាលដោយខ្លួនឯង៖ «»។
កម្មករសំណង់នៅទូទាំងប្រទេស ត្រូវបានគេប៉ាន់ស្មានថា មានចាប់ពី ១៩ម៉ឺននាក់ទៅ ២០ម៉ឺននាក់ ក្នុងនោះ ៣០ភាគរយជាស្ត្រី។
កម្មករសំណង់រៀបរាប់ប្រហាក់ប្រហែលគ្នាថា សុវត្ថិភាពការងារ បញ្ហាសុខភាព ប្រាក់ឈ្នួលទាប និងគ្មានការផ្តល់កិច្ចគាំពារសង្គមផ្សេងៗ គឺជាបញ្ហាចម្បងដែលក្រុមកម្មករសំណង់ចង់ឲ្យរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធជួយគិតគូរដោះស្រាយ៖ «»។
អាស៊ីសេរី មិនអាចសុំការពន្យល់ពីប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) លោក ជាវ ប៊ុនរិទ្ធ បានទេ ទោះបីជាអ្នកយកព័ត៌មានអាស៊ីសេរីទៅដល់កន្លែងធ្វើការរបស់លោកក្តី ដោយលោកប្រាប់ឲ្យដាក់ពាក្យស្នើសុំពីលោករដ្ឋមន្ត្រីក្រសួងការងារ ជាមុនសិន។ អាស៊ីសេរី បានដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងការងារ តាំងពីថ្ងៃទី២៦ ខែមិថុនា រហូតមកដល់ពេលនេះ មិនមានការឆ្លើយតបនៅឡើយទេ។
ចំណែកមេជាង និងជាអ្នកទទួលម៉ៅការសំណង់បន្តម្នាក់ គឺលោក ទួត វុទ្ធី រៀបរាប់ថា លោកមិនមានសម្ភារៈ ឬឧបករណ៍ការពារគ្រប់ឲ្យកម្មករទេ ដោយសារលោកម៉ៅតពីគេ។ ទោះយ៉ាងណា លោកថាលោកតែងតែក្រើនរម្លឹកឲ្យកម្មករប្រុងប្រយ័ត្នជានិច្ច។ លោកថា ជាទូទៅគឺក្រុមហ៊ុនធំៗជាអ្នកទទួលខុសត្រូវក្នុងការផ្តល់សម្ភារៈការពារខ្លួនដល់កម្មករ ប៉ុន្តែក្រុមហ៊ុនធំៗទាំងនោះមិនសូវអើពើឡើយ៖ «»។
នៅក្នុងអំឡុងពេល ៤ខែដើមឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត បានអនុញ្ញាតលើគម្រោងសាងសង់ដែលមានតម្លៃសរុបតាមការប៉ាន់ស្មានចំនួន ៤.០២២លានដុល្លារ កើនឡើង ៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានទុនវិនិយោគ ២.៨០៥លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួង។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ លោក យ៉ាន់ ធី អះអាងថា ដោយសារតែវិស័យសំណង់កើនឡើងខ្លាំងពេក ធ្វើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធភ្លេចត្រៀមខ្លួនថា គួរតែមានវិធានការបែបណាសម្រាប់វិស័យសំណង់នេះ។ ការលើកឡើងបែបនេះ ដោយលោកសំអាងថា វិស័យសំណង់នៅខ្វះច្បាប់ និងសេចក្តីប្រកាសស្ដីពីការធានាសុវត្ថិភាព និងសុខមាលភាពជូនកម្មករសំណង់ ដូចជាការផ្តល់សម្ភារៈការពារមានមួក ខ្សែក្រវាត់ ឬស្បែកជើង ជាដើម ដើម្បីឲ្យក្រុមហ៊ុនអនុវត្តតាមច្បាប់នេះដែលងាយស្រួលក្នុងការជជែក ឬប្ដឹងក្នុងករណីដែលក្រុមហ៊ុនមិនអនុវត្តតាម។
លោក យ៉ាន់ ធី បន្តថា បច្ចុប្បន្ន កម្មករសំណង់ដែលធ្វើការប្រកបដោយសុវត្ថិភាពត្រឹមត្រូវមានចំនួនតិចណាស់ ព្រោះកម្រឃើញពួកគេពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់សុវត្ថិភាពឡើយ ជាពិសេសនៅពេលធ្វើការងារនៅទីខ្ពស់ៗ។
លោកប្រាប់ទៀតថា ការងាររបស់កម្មករសំណង់ប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនណាស់ ដោយគិតក្នុងរយៈពេល ៦ខែឆ្នាំ២០១៧ នេះ មានកម្មករសំណង់ចំនួន ៦នាក់បានទទួលគ្រោះថ្នាក់ដល់ជីវិត និងចំនួន ៤នាក់រងរបួសធ្ងន់ធ្ងរ៖ «»។
លោកបន្ថែមថា តាមច្បាប់ គឺពេលកម្មករមានគ្រោះថ្នាក់ គឺនិយោជកមានដូចជាក្រុមហ៊ុន ឬម្ចាស់ការដ្ឋានជាអ្នកទទួលខុសត្រូវ ប៉ុន្តែលោកថាជាទម្លាប់នៅកម្ពុជា នោះ ដោយសារតែគ្មានច្បាប់ចែងជាក់លាក់ បានបណ្ដាលឲ្យមានការពិបាកក្នុងការស្វែងរកអ្នកទទួលខុសត្រូវ ដោយក្រុមហ៊ុនតែងតែរុញច្រានដាក់គ្នាទៅវិញមក ឬទម្លាក់លើកម្មករវិញថា មានភាពធ្វេសប្រហែសខ្លួនឯង។
ក្រៅតែពីគ្រោះថ្នាក់ការងារនោះ លោក យ៉ាន់ ធី មើលឃើញថា កម្មករសំណង់នៅមានបញ្ហាប្រឈមជាច្រើនទៀត ដូចជាធ្វើការហួស ៨ម៉ោងក៏មានក្នុងមួយថ្ងៃ ហើយគ្មានថ្ងៃសម្រាក និងជួនកាលបើកប្រាក់ឈ្នួលមិនទៀងទាត់ ជាដើម។ បើនិយាយពីប្រាក់ឈ្នួលវិញ គ្មានមូលដ្ឋានណាគិតឲ្យជាក់លាក់នោះទេ ពោលគឺពួកគេទទួលបានប្រាក់ឈ្នួលអាស្រ័យលើក្រុមហ៊ុនផ្សេងៗគ្នា ដូច្នេះលោកថា ពួកគេត្រូវតែទទួលបានសិទ្ធិស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចកម្មករឯទៀត៖ «»។
កម្មករសំណង់ និងមន្ត្រីសហជីពអះអាងថា មានក្រុមហ៊ុនធំៗមួយចំនួនតូចបានគិតគូរច្រើនអំពីសុវត្ថិភាពកម្មករ ប៉ុន្តែក្រុមហ៊ុនសំណង់ភាគច្រើនផ្សេងទៀតដែលទទួលបានសិទ្ធិសាងសង់គម្រោងធំៗ ដូចជាក្រុមហ៊ុនសាងសង់បុរី ផ្ទះល្វែង ហាក់ពុំសូវបានដឹងអំពីស្ថានភាពរបស់កម្មករសំណង់ទាំងនោះទេ ដោយសារការងារសាងសង់ត្រូវបានចុះកិច្ចសន្យាបន្តទៅក្រុមអ្នកម៉ៅការផ្សេងៗគ្នា។
នាយកប្រតិបត្តិនៃគម្រោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ លោក ជិន ហុក ដែលស្នើមិនឲ្យថតសំឡេង និងរូបភាពនោះ មានប្រសាសន៍ថា កម្មករនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) មានជាង ១.៥០០នាក់។ លោកថា នៅក្នុងក្រុមហ៊ុនរបស់លោកមានក្រុមសុវត្ថិភាពមួយតែងតែចុះត្រួតពិនិត្យសុវត្ថិភាព បរិស្ថាន និងអនាម័យនៅកន្លែងកម្មករស្នាក់នៅ និងកន្លែងធ្វើការ ដោយតម្រូវឲ្យកម្មករត្រូវតែពាក់មួក ពាក់អាវ និងពាក់ស្បែកជើងការពារត្រឹមត្រូវជាកំហិត។ ទន្ទឹមគ្នានេះ លោកអះអាងថា ប្រសិនបើមានគ្រោះថ្នាក់ការងារបន្តិចបន្តួចនៅក្នុងការដ្ឋាននោះ គឺក្រុមហ៊ុនមានពេទ្យប្រចាំការ និងមានគ្លីនិកដៃគូដើម្បីព្យាបាលកម្មករទាន់ពេលវេលាទៀតផង។ អ្នកយកព័ត៌មានអាស៊ីសេរី ដែលបានទៅដល់ការដ្ឋានសាងសង់របស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នៅកោះពេជ្រ មើលឃើញកម្មករសំណង់ផ្នែកខាងក្រៅនៃក្រុមហ៊ុននេះមានបំពាក់ឧបករណ៍សុវត្ថិភាពត្រឹមត្រូវ។
នាយកប្រតិបត្តិនៃគម្រោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្ររូបនេះ ក៏គាំទ្រឲ្យមានការកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករសំណង់ ដូចអ្វីដែលសហជីពបានទាមទារដែរ ហើយក្រុមហ៊ុន OCIC បានកំណត់ប្រាក់ឈ្នួលរួចហើយ ដោយមិនប្រកាន់កម្មករប្រុស ឬស្រីឡើយ។ លោកថា សម្រាប់កម្មករស្ត្រីដែលមិនចេះអ្វីសោះ ត្រឹមធ្វើជាអ្នកអនាម័យនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុតចំនួន ១ម៉ឺន ៨ពាន់រៀល ហើយកម្មករគ្មានជំនាញ និងមានជំនាញផ្សេងទៀត អាចទទួលចន្លោះពី ២ម៉ឺនរៀលដល់ ៦ម៉ឺនរៀលអាស្រ័យលើសមត្ថភាព។
ទោះបីជាយ៉ាងណាក៏ដោយចុះ សហជីពលើកឡើងថា កម្មករសំណង់ភាគច្រើនដែលយកជីវិតរបស់ខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់នៅក្នុងការងារនេះ ហើយមិនត្រូវបានធានាឡើយក្នុងករណីរងរបួស ឬស្លាប់ដោយសារតែមានចន្លោះប្រហោងនៅក្នុងបេឡាជាតិសន្តិសុខសង្គម ដែលត្រូវផ្ដល់សំណងដល់កម្មកររងរបួស ឬក្រុមគ្រួសាររបស់កម្មករដែលស្លាប់ពេលកំពុងធ្វើការនោះ នឹងធ្វើឲ្យគ្រួសារពួកគេកាន់តែធ្លាក់ខ្លួនក្រីក្រលំបាកថែមទៀត។
មន្ត្រីសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងកម្មករសំណង់ ប្ដេជ្ញាថានឹងបន្តធ្វើការតស៊ូមតិ និងធ្វើយុទ្ធនាការដើម្បីទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយនូវអ្វីដែលពួកគេទាមទារ ព្រោះពួកគេគ្មានជម្រើសផ្សេងក្រៅពីនេះឡើយ៕