
លោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង ជំរុញលើកទឹកចិត្តឲ្យយុវជនកម្ពុជា ជ្រើសរើសមុខជំនាញសិក្សាបច្ចេកទេសវិជ្ជាជីវៈ ឬធីវែត (TVET) ដើម្បីឲ្យពួកគេជួយបំពេញតម្រូវទីផ្សារការងារ ហើយអាចជួយយុវជនងាយស្រួលរកការងារធ្វើ។ ការអំពាវនាវរបស់លោករដ្ឋមន្ត្រីក្រសួងការងារ នេះ នៅស្របពេលពលករខ្មែរគ្មានឯកសារស្របច្បាប់នៅក្នុងប្រទេសថៃ ដែលភាគច្រើនជាយុវជន បានវិលត្រឡប់មកកម្ពុជា វិញក្នុងមួយថ្ងៃៗរាប់រយនាក់។
លោក អ៊ិត សំហេង អះអាងថា បច្ចុប្បន្នជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជាជំនាញអគ្គិសនី ជួសជុលរថយន្ត ជួសជុលម៉ាស៊ីនត្រជាក់ អេឡិចត្រូនិក បង្សារ សំណង់ ក្រឡឹង មេកានិច កាន់តែមានសារសំខាន់ឡើងៗដែលយុវជនចាំបាច់ត្រូវចាប់យកការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ៖ «ពីព្រោះអីថា សំណូមពរទីផ្សារ គឺត្រូវការពលកម្មប្រកបដោយជំនាញបច្ចេកទេសវិជ្ជាជីវៈ ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារក្នុងតំបន់អាស៊ានយើងដែរ»។
លោកថា ខណៈវិស័យឧស្សាហកម្មកម្ពុជា កំពុងលូតលាស់ កម្លាំងពលកម្មជំនាញបច្ចេកទេសវិជ្ជាជីវៈជាធនធានចាំបាច់ ដើម្បីជួយទាក់ទាញវិនិយោគិន និងអភិវឌ្ឍវិស័យនេះឲ្យស្របតាមផែនការកំណត់៖ «ឥឡូវនេះ អ្នកវិនិយោគពេលដែលមកសិក្សាដាក់ទុនវិនិយោគនៅប្រទេសយើង ក្រៅពីបរិយាកាសវិនិយោគ ក្រៅពីសន្តិភាព ស្ថិរភាព ដែលជាកត្តាចម្បង បញ្ហាសំខាន់គឺធនធានមនុស្ស។ តើយើងអាចមានធនធានមនុស្សដើម្បីអាចឆ្លើយតបនឹងតម្រូវការនៃការវិនិយោគផ្នែកឧស្សាហកម្មរបស់គេដែរឬទេ?»។
កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការដើម្បីជំរុញការវិនិយោគវិស័យឧស្សាហកម្ម។ នៅខែមិថុនា ឆ្នាំ២០១៧ រដ្ឋាភិបាលក៏បានអនុម័តគោលនយោបាយជាតិស្ដីពីការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។
លោក អ៊ិត សំហេង ឲ្យដឹងថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈក្នុងមួយឆ្នាំមានចំនួន ៥ម៉ឺននាក់ ហើយលោកថា ចំនួននេះនៅមិនទាន់អាចផ្គត់ផ្គង់ទីផ្សារគ្រប់ចំនួនបានទេ៖ «ឲ្យតែរៀនចប់ ដឹងតែមានឱកាស (គេមកចាំទទួលយកទៅធ្វើការងារ)»។
លោករដ្ឋមន្ត្រីអះអាងថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ សិស្សនិស្សិត ក៏អាចមានឱកាសបន្តការសិក្សាកម្រិតថ្នាក់ឧត្តមបានដែរ ព្រមទាំងអាចបើកអាជីវកម្មបានដោយខ្លួនឯង ដែលអាចជួយបង្កើតការងារសម្រាប់អ្នកផ្សេងទៀត។
ចំពោះអ្នកសិក្សាស្រាវជ្រាវសង្គមវិញ លោកបណ្ឌិត មាស នី យល់ថា ការពង្រឹងគុណភាពធនធានមនុស្សដែលមានសមត្ថភាពពេញលេញធ្វើការងារ ជាចំណុចដែលមិនគួរមើលរំលង។ ហើយលោកថា ការដោះស្រាយបញ្ហាការងារនេះ ក្រសួងពាក់ព័ន្ធគួរសហការគ្នាធ្វើលើរឿងនេះ៖ «រឿងបញ្ហាទីផ្សារការងារនេះ មិនមែនក្រសួងការងារ អាចដោះស្រាយតែឯងបានទេ។ ក្រសួងដទៃទៀតក៏ជាប់ពាក់ព័ន្ធហ្នឹងដែរ។ យើងមើលក្រសួងអប់រំ មានតួនាទីជាអ្នកផលិតធនធានមនុស្ស។ ដូច្នេះប្រសិនបើក្រសួងអប់រំ ផលិតធនធានមនុស្សមិនត្រូវ ដូចជាកន្លងមកយើងឃើញថា ៧៣ភាគរយនៃកម្លាំងយុវជនដែលរៀនចប់ហើយ ចេញមកធ្វើការខុសជំនាញ»។
សម្រាប់កញ្ញា មី បុរី និស្សិតឆ្នាំទី១ យល់ឃើញថា ឱកាសការងារនៅកម្ពុជា មានច្រើនរង់ចាំយុវជន។ កញ្ញាសង្កត់ធ្ងន់លើយុវជនដែលមានសមត្ថភាព និងជំនាញច្បាស់លាស់៖ «ខ្ញុំគិតថានិស្សិតភាគច្រើនដែលឥតមានការងារធ្វើ គឺដោយសារតែគាត់មានជំនាញមិនច្បាស់លាស់។ គាត់រៀនជួនកាលគាត់បណ្តែតបណ្តោយតាមពេលវេលា។ បើយើងប្រាកដខ្លួនឯង ថាយើងប្រឹងរៀន ខ្ញុំជឿជាក់ថាការងារមានច្រើន ឲ្យតែច្បាស់ខ្លួនឯង»។
ទាក់ទងនឹងបញ្ហាការងារនេះ ប្រទេសកម្ពុជា មានប្រជាពលរដ្ឋប្រកបរបរកសិកម្មប្រមាណ ៥០ភាគរយនៃពលរដ្ឋស្ថិតក្នុងវ័យធ្វើការ។ នេះបើតាមការសង្កេតរបស់លោកបណ្ឌិត មាស នី។ លោកថា កសិករខ្លះកំពុងបង្ខំចិត្តទម្លាក់ចោលមុខរបរតត្រកូលនេះ បន្ទាប់ពីផលិតបានផលមិនស្របស្តង់ដារទីផ្សារ ហើយគ្មានទីផ្សារលក់។ អ្នកខ្លះចំណាកស្រុកទៅទីក្រុង ឬទៅបរទេសធ្វើជាកម្មករនៅតាមរោងចក្រកាត់ដេរ ខ្លះធ្វើជាកម្មករសំណង់ និងខ្លះទៀតធ្វើជាកម្មករកសិកម្ម។
ថ្មីៗនេះ អាជ្ញាធរថៃ បានអនុវត្តច្បាប់ស្ដីពីពលករខុសច្បាប់។ ពលករកម្ពុជា រាប់ពាន់នាក់ ត្រូវបានចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា លោកនឹងធ្វើដំណើរទៅប្រទេសថៃ នៅថ្ងៃទី៦ កក្កដា ខាងមុខ ដើម្បីពិភាក្សាជាមួយសមភាគីថៃ ក្នុងការជួយពលករកម្ពុជា៖ «ហើយខ្ញុំក៏សូមអំពាវនាវពីនេះទៅដែរ សូមកុំឲ្យបងប្អូនយើងកុំព្រួយបារម្ភ។ រដ្ឋាភិបាលយើង ស្ថានទូតយើងនៅប្រទេសថៃ កំពុងតែគិតគូរដោះស្រាយបញ្ហាជូនបងប្អូនយើង»។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ពីផែនការលម្អិត ដើម្បីជួយដល់ពលករកម្ពុជា ដែលត្រូវគេចាប់បញ្ជូនមកវិញនោះទេ។
សព្វថ្ងៃ ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ មានចំនួនជាង ១លាននាក់។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង។ បច្ចុប្បន្ន មនុស្សអាយុក្រោម ៣៥ឆ្នាំមានជាងពាក់កណ្ដាលនៃចំនួនប្រជាជនកម្ពុជា សរុបជាង ១៥លាននាក់។
របាយការណ៍ឆ្នាំ២០១៥ របស់អង្គការយុវជន វ៉ាយ.អ.ឌី.ភី (YRDP) និងក្រសួងការងារ បានបង្ហាញថា អត្រាអត់ការងារធ្វើរបស់ប្រជាជនវ័យចន្លោះពី ១៥ឆ្នាំដល់ ៣០ឆ្នាំ ចំនួន ២,៥ភាគរយ៕