Quantcast
Viewing all articles
Browse latest Browse all 11174

ម្រេច​កំពត​រក្សា​តម្លៃ​ថេរ​ខណៈ​ម្រេច​តំបន់​ដទៃ​ទៀត​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក

Image may be NSFW.
Clik here to view.

ការ​ប្រមូល​ផល​ម្រេច​នៅ​ទូទាំង​ប្រទេស បាន​បញ្ចប់​ទៅ​ហើយ​នៅ​ចុង​ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ។ ម្រេច​កំពត ដែល​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​បាន​រក្សា​តម្លៃ​ថេរ​ដដែល ក៏ប៉ុន្តែ​ម្រេច​នៅ​តំបន់​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​កសិករ​អ្នក​ជំនាញ និង​ក្រសួង​កសិកម្ម។

នៅ​ក្រោយ​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ ម្រេច​កំពត នៅ​រក្សា​តម្លៃ​ថេរ​ដដែល គឺ​ម្រេច​ស មាន​តម្លៃ ២៨​ដុល្លារ ម្រេច​ក្រហម ២៥​ដុល្លារ ម្រេច​ខ្មៅ ១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ម្រេច​កំពត ដែល​អាច​ផលិត​បាន​តាម​ស្តង់ដារ​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​នេះ​មាន​ប្រមាណ ៨០​តោន តិច​ជាង​ការ​រំពឹង​ទុក​ប្រហែល ២០​តោន។ មូលហេតុ​ដែល​មិន​អាច​សម្រេច​បាន ១០០​តោន គឺ​ដោយសារ​ម្រេច​ដែល​អាច​ដាក់​ឈ្មោះ​ម្រេច​កំពត​បាន ត្រូវ​បំពេញ​លក្ខខណ្ឌ​ច្រើន​ចំណុច ដូច្នេះ​បើ​មាន​ខុស​លក្ខខណ្ឌ​បន្តិចបន្តួច គឺ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ម្រេច​កំពត​នោះ​ទេ៖ «»

លោក ងួន ឡាយ បញ្ជាក់​ទៀត​ថា កសិករ និង​ផលិតករ​ម្រេច​កំពត មិន​ព្រួយ​បារម្ភ​នឹង​បញ្ហា​ទីផ្សារ និង​តម្លៃ​ម្រេច​ដែល​ផលិត​បាន​នោះ​ទេ ព្រោះ​ម្រេច​កំពត​មាន​គុណភាព​ខ្ពស់ និង​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ទាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ ជាពិសេស​នៅ​ទីផ្សារ​អឺរ៉ុប។

ផ្ទុយ​ពី​ម្រេច​កំពត ម្រេច​នៅ​តំបន់​ផ្សេង​ទៀត​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​កសិករ។

លោក ភុំ សុវឌ្ឍន់ គឺ​ជា​ប្រធាន​សហគមន៍​ម្រេច​សរីរាង្គ​គគីរ​មេមង ដែល​ស្ថិត​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ លោក​បញ្ជាក់​ថា ម្រេច​ដែល​កសិករ​នៅ​តំបន់​របស់​លោក​ផលិត​បាន​មាន​តម្លៃ​មិន​ស្ថិតស្ថេរ​នោះ​ទេ គឺ​ចន្លោះ​ពី ៣ ទៅ ៤​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ នេះ​ជា​តម្លៃ​មួយ​ដ៏​ទាប បើ​ធៀប​នឹង​តម្លៃ​កាល​ពី​ឆ្នាំ​មុន​ដែល​ស្ថិត​នៅ​ចន្លោះ ៨ ទៅ ៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

លោក​យល់​ឃើញ​ថា មាន​កត្តា​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​នេះ​ត្រូវ​ធ្លាក់​ចុះ ដូចជា​ការ​ផលិត​លើស​តម្រូវការ ម្រេច​ដែល​ផលិត​បាន​ខ្វះ​គុណភាព ឬ​មាន​ប្រើ​សារធាតុ​គីមី​ច្រើន​ហួស ជាដើម។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា សហគមន៍​របស់​លោក នឹង​ប្រឹងប្រែង​ផលិត​ម្រេច​ឲ្យ​បាន​តាម​ស្តង់ដារ តែ​អ្វី​ដែល​លោក​សំណូមពរ​នោះ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​បាន​កាន់​តែ​ច្រើន៖ «»Image may be NSFW.
Clik here to view.


ឆ្លើយតប​រឿង​នេះ ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ខាន់ សំបាន បញ្ជាក់​ថា ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​ធ្លាក់​ចុះ​តម្លៃ​កសិផល ហើយ​កំពុង​រិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ៖ «»

នៅ​ឆ្នាំ​២០១៧ នេះ ផ្ទៃដី​ដាំ​ដុះ​ម្រេច​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៦​ពាន់​ហិកតារ (.៦៧៨​ហិកតារ) ដែល​ផ្តល់​ផល​សរុប​ជាង ២​ម៉ឺន​តោន។ មិន​មាន​ការ​សិក្សា​ណា​មួយ​ដែល​បង្ហាញ​ពី​បរិមាណ​តម្រូវការ​ម្រេច​នៅ​កម្ពុជា នៅ​ឡើយ​ទេ។ ម្រេច​ដែល​កម្ពុជា ផលិត​បាន​ភាគច្រើន​បំផុត គឺ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។

អ្នក​ជំនាញ​ខាង​កសិកម្ម និង​ជា​ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ទទួល​ស្គាល់​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ម្រេច​នេះ គឺ​ដោយសារ​និន្នាការ​ទីផ្សារ​អន្តរជាតិ ក៏ប៉ុន្តែ​លោក​ថា មូលហេតុ​សំខាន់​បំផុត​នោះ គឺ​ដោយសារ​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ទីផ្សារ​នាំ​ចេញ​ទៅ​វៀតណាម។

លោក​ថា វៀតណាម កាត់​បន្ថយ​ការ​ទិញ​ម្រេច​ពី​កម្ពុជា ដោយសារ​មូលហេតុ​ពីរ​យ៉ាង គឺ​វៀតណាម ខ្លួន​ឯង​ផលិត​បាន​ម្រេច​ច្រើន​ដល់​ទៅ​ជិត ២០​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ ហើយ​ទី​ពីរ គឺ​ដោយសារ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​អ្នក​ជំនាញ​រក​ឃើញ​ថា ម្រេច​វៀតណាម មាន​កម្រិត​សារធាតុ​គីមី​ខ្ពស់។

ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ចំពោះ​ផលិតកម្ម​ម្រេច បណ្ឌិត យ៉ង សាំងកុមារ ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​នេះ​ទាំង​ការ​ផ្តល់​បច្ចេកទេស និង​ការ​ស្វែងរក​ទីផ្សារ​ជូន​កសិករ៖ «»

បណ្ឌិត យ៉ង សាំងកុមារ យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំងក្លា​ចំពោះ​ឧស្សាហកម្ម​ម្រេច ពីព្រោះ​កម្ពុជា មាន​សក្ដានុពល​ចំពោះ​ការ​ដាំដុះ​ម្រេច ហើយ​មាន​កសិករ​រាប់​ពាន់​នាក់​រួច​ទៅ​ហើយ​ដែល​បាន​វិនិយោគ​ធនធាន​របស់​ខ្លួន​ដាំដុះ​ម្រេច។

សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ដោយសារ​ម្រេច​ជា​គ្រឿងទេស​ដ៏​ចាំបាច់ និង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ពិភពលោក ដែល​អាច​រក​ប្រាក់​ចំណូល​ជាច្រើន​ចូល​ជាតិ។ ជា​ឧទាហរណ៍ គ្រាន់​តែ​ម្រេច​មួយ​មុខ វៀតណាម អាច​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នៅ​ឆ្នាំ​២០១៥ វៀតណាម រក​ចំណូល​បាន​ជាង ១.២០០​លាន​ដុល្លារ​អាមេរិក (,២៩​ពាន់​លាន​ដុល្លារ) ហើយ​នៅ​ឆ្នាំ​២០១៦ វៀតណាម រក​ចំណូល​បាន​ជាង ១.៤០០​លាន​ដុល្លារ (,៤២​ពាន់​លាន​ដុល្លារ) ពី​ការ​នាំ​ចេញ​ម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ។

ងាក​មក​កម្ពុជា វិញ បើ​កម្ពុជា អាច​មាន​លទ្ធភាព​នាំ​ម្រេច​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀតណាម យ៉ាង​ហោច​ណាស់​ក៏​កម្ពុជា អាច​រក​ចំណូល​បាន​ជាង ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែរ​ពី​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ។ នេះ​បើ​គិត​តាម​បរិមាណ​ម្រេច​ដែល​កម្ពុជា ផលិត​បាន រួម​នឹង​តម្លៃ​ម្រេច​ស្តង់ដារ​លើ​ទីផ្សារ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles