Clik here to view.

រយៈពេលប្រាំមួយខែ ឬឆមាសទី១ ឆ្នាំ២០១៧ ភ្ញៀវទេសចរបរទេសចំនួនជាង ១លាន ២សែននាក់ (១.២៣៣.១៣៧នាក់) បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានប្រាសាទអង្គរវត្តដែរ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ វាមានអត្រាកំណើនជិត ១៣ភាគរយ (១២,៩២%)។ ចំណែកប្រាក់ចំណូលពីការលក់សំបុត្រវិញ កម្ពុជា ទទួលបានចំណូលសរុបចំនួនជាង ៥២លានដុល្លារសហរដ្ឋអាមេរិក (៥២.១៦៧.៩៧២ដុល្លារ) ដែលអត្រាកំណើនមានជិត ៦៧ភាគរយ (៦៦,៨២%)។
គ្រឹះស្ថានអង្គរដែលជាស្ថាប័នរបស់រដ្ឋាភិបាល បានផ្សាយតួលេខនេះកាលពីថ្ងៃទី១ កក្កដា។ ដោយឡែកស្ថិតិរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា សម្រាប់ពេញមួយខែមិថុនា មានភ្ញៀវទេសចរបរទេសចំនួនជាង ១៤ម៉ឺននាក់ (១៤០.៧៦០នាក់) បានទិញប័ណ្ណទស្សនា ហើយចំនួនភ្ញៀវកើនក្នុងអត្រា ១៨ភាគរយ (១៧,៩៩%) ដែលបាននាំចំណូលសរុបចំនួនជាង ៦លានដុល្លារ (៦.២៥៥.៣៧០ដុល្លារ)។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ប្រាក់ចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនា បែងចែកជាពីរ។ ទីមួយ ប្រាក់ជិត ៦លានដុល្លារ (៥.៩៧២.៨៥០ដុល្លារ) ត្រូវបង់ចូលថវិកាជាតិ ហើយប្រាក់ចំនួនជាង ២៨ម៉ឺនដុល្លារ (២៨១.៥២០ដុល្លារ) ត្រូវឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចលក់សំបុត្រដោយខ្លួនឯងតាមរយៈគ្រឹះស្ថានអង្គរ ដែលមានក្រសួងចំនួនពីរគ្រប់គ្រង គឺក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច។ មុននឹងដកមកវិញនេះ អស់រយៈពេល ១៧ឆ្នាំហើយ រដ្ឋាភិបាលបានប្រគល់សិទ្ធិលក់សំបុត្រចូលទស្សនាឧទ្យានអង្គរឲ្យក្រុមហ៊ុន សូគីម៉ិច (Sokimex) របស់លោកសេដ្ឋី សុខ គង់៕