Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល៖ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដែល​មក​ទទួល​សេវា​សុខភាព​សាធារណៈ​ធ្លាក់​ចុះ

$
0
0

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ផ្ដល់​សេវា​សុខភាព​សម្រាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​បាន​ជួប​សន្ទនា​ជាមួយ​មន្ត្រី​ជំនាញ មន្ត្រី​រដ្ឋាភិបាល ស្ដីពី​យុទ្ធនាការ​គាំទ្រ​បញ្ឈប់​ទណ្ឌកម្ម​មក​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន។ កិច្ច​ពិភាក្សា​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ដំបូង​របស់​រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​តែង​ទៅ​ទទួល​សេវា​សុខភាព​សាធារណៈ​ធ្លាក់​ចុះ។

នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា អង្គការ​ខាណា (Khana) និង​អង្គការ​ជា​ដៃគូ​ពាក់ព័ន្ធ​របស់​ខ្លួន​មួយ​ចំនួន​ទៀត​បាន​រៀបចំ​កិច្ច​សន្ទនា​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​មក​ពី​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ មន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នក​ចូលរួម​ចំនួន​ទៀត​ដែល​ធ្លាប់​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ស្ដីពី​យុទ្ធនាការ គាំទ្រ​បញ្ឈប់​ទណ្ឌកម្ម​មក​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​ឯ​សណ្ឋាគារ​ហ្គ្រីន ផាលេស (Green Palace Hotel) រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​អង្គការ​ខាណា លោក ជួប សុខចំរើន ថ្លែង​ថា យុទ្ធនាការ​គាំទ្រ​បញ្ឈប់​ទណ្ឌកម្ម​មក​លើ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នេះ គឺ​ជា​យុទ្ធនាការ​សកល​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ប្រហែល ៥​ឆ្នាំ​មក​ហើយ រី​ឯ​នៅ​កម្ពុជា វិញ វា​ជា​លើក​ទី​៣​នៃ​យុទ្ធនាការ​នេះ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​អនុវត្ត​សេវា​កាត់​បន្ថយ​គ្រោះថ្នាក់​មក​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន។

លោក​បន្ថែម​ថា នៅ​ក្នុង​យុទ្ធនាការ​លើក​ដំបូង​ដើម្បី​ប្រឆាំង​គ្រឿងញៀន​រយៈពេល ៦​ខែ​របស់​រដ្ឋាភិបាល ដែល​ចាប់​បញ្ជូន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទៅ​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ ឬ​ទៅ​ព្រៃ​ស ជាដើម គឺ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដែល​ទៅ​ទទួល​យក​ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈ​ធ្លាក់​ចុះ៖ «អ្នក​ដែល​ទទួល​បាន​ថ្នាំ​មេតាដូន​ពី​មន្ទីរពេទ្យ​រុស្ស៊ី មាន​ជិត ២០០​នាក់ ប៉ុន្តែ​មក​ដល់​ពេល​នេះ ចំនួន​នេះ​ថយ​ចុះ​រហូត ហើយ​ឥឡូវ​សល់​តែ ៨០​នាក់ តែ​មិន​មែន​មាន​ន័យ​ថា ដោយសារ​យុទ្ធនាការ​ទាំង​ស្រុង​ទេ»

នៅ​ក្នុង​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០១២ របស់​ក្រសួង​សុខាភិបាល អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ និង​មាន​អង្គការ​ខាណា ជា​ដៃគូ​មួយ​ផង បាន​ឱ្យ​ដឹង​ថា ដោយ​ឡែក​សម្រាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​តាមរយៈ​ចាក់​ម្ជុល និង​ជា​ក្រុម​ងាយ​ប្រឈម​ខ្លាំង​បំផុត​នឹង​ការ​ឆ្លង​មេ​អេដស៍ និង​ជំងឺ​ថ្លើម​ប្រភេទ C មាន​ចំនួន​ជាង ១.៣០០​នាក់ ប៉ុន្តែ​មាន​តែ ១​ភាគ​៣​នៃ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ទាំង​នេះ​ប៉ុណ្ណោះ បាន​ទទួល​សេវា​កាត់​បន្ថយ​គ្រោះថ្នាក់៖ «ក្នុង​ចំណោម​អ្នក​ចាក់​ថ្នាំញៀន ១០០​នាក់ គឺ​មាន ២៥​នាក់​គឺ​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​សម្រាប់​អ្នក​អត់​ចាក់​វិញ ១០០​នាក់ អត្រា​ផ្ទុក​មេរោគ​អេដស៍​មាន ៤​នាក់»

​សេវា​កាត់​បន្ថយ​គ្រោះថ្នាក់​មក​លើ​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ដូចជា​កម្មវិធី​ចុះ​អប់រំ​សហគមន៍​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន កម្មវិធី​ផ្ដល់​ម្ជុល​ស៊ីរាំង កម្មវិធី​ធ្វើ​តេស្ដ​រក​មេរោគ​អេដស៍ កម្មវិធី​ផ្ដល់​ឱសថ​សម្រាប់​អ្នក​ចាក់​ហេរ៉ូអ៊ីន កម្មវិធី​ចែក​ស្រោម​អនាម័យ និង​ការ​ផ្ដល់​ជំនាញ​ឱ្យ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក ឈុំ វណ្ណារិទ្ធ ថ្លែង​ថា ការ​ព្យាបាល​អ្នក​ប្រើប្រាស់​គ្រឿងញៀន នៅ​តាម​សហគមន៍​គឺ​មាន​ប្រសិទ្ធភាព​ជាង​ការ​ចាប់​បញ្ជូន​ទៅ​ដាក់​តាម​មណ្ឌល​កែប្រែ​នានា។ លោក​បន្ថែម​ថា ថ្វី​ត្បិត​ការ​ព្យាបាល​នៅ​តាម​សហគមន៍​មាន​ប្រសិទ្ធភាព​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នៅ​មាន​ផល​លំបាក​មួយ​ចំនួន​ដោយសារ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ខ្លះ​មិន​ចង់​ផ្ដល់​ដំណឹង​អំពី​ការ​ញៀន​របស់​ខ្លួន​ទៅ​អ្នក​ដទៃ ដោយសារ​ការ​ភ័យ​ខ្លាច និង​ការ​រើសអើង៖ «ព្យាបាល​សហគមន៍ មាន​ន័យ​ថា ម៉ែ​ឪ​បង​ប្អូន​យក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ក្រសួង​សុខាភិបាល»

​ជាមួយ​គ្នា​នេះ តំណាង​ឱ្យ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ថ្នាក់​ជាតិ និង​ជា​អតីត​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​អស់​រយៈ​ជាង ១០​ឆ្នាំ លោក អុក ខា លើក​ឡើង​ថា យុទ្ធនាការ ៦​ខែ គឺ​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ជា​បន្តបន្ទាប់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំឃាំង និង​បញ្ជូន​ទៅ​ស្ដារ​នីតិសម្បទា បើ​ទោះ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទាំង​នោះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជនរងគ្រោះ​ក្ដី៖ «សម្ដេច​គាត់​ថា ជា​ជនរងគ្រោះ ប៉ុន្តែ​ច្បាប់​ថ្មី និង​យុទ្ធនាការ​ថ្មី​ហ្នឹង ចាប់​បាន​គឺ​បញ្ជូន​ទៅ​ស្ដារ​នីតិសម្បទា និង​ឃុំឃាំង»

យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​រយៈពេល ៦​ខែ ដែល​គិត​ចាប់ពី​​ថ្ងៃ​ទី​១ ខែ​មករា មក​ដល់​ថ្ងៃ​ទី​២២ ខែ​មិថុនា អាជ្ញាធរ​ជំនាញ​បង្ក្រាប​បាន​ចំនួន​ជាង ៤​ពាន់ (៤.១០៤) ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ជាង ៩​ពាន់ (៩.៣០៤) នាក់ ក្នុង​នោះ​ជាង ៤​ពាន់​នាក់ ត្រូវ​បាន​រក​ឃើញ​ពី​បទ​សង្ស័យ​ថា ប្រព្រឹត្ត​បទល្មើស​គ្រឿង​ញៀន។

​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក នាក យុទ្ធា ថ្លែង​ថា ថ្វី​ត្បិត​ក្នុង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​បាន​ចែង ផ្ដន្ទាទោស​អ្នក​ប្រើប្រាស់​គ្រឿង​ពី ១​ខែ ទៅ ៦​ខែ និង​ពី ៦​ខែ ទៅ ១​ឆ្នាំ​ក្ដី ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នោះ ស្ម័គ្រចិត្ត​ទទួល​យក​សេវា​ព្យាបាល​ដើម្បី​ស្ដារ​នីតិសម្បទា នោះ​គឺ​ពុំ​មាន​ការ​ផ្ដន្ទាទោស​ឡើយ៖ «ប៉ុន្តែ​នៅ​មេត្រា ១០៥ គាត់​មាន​សរសេរ​ថា ប្រសិនបើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នោះ គាត់​ស្ម័គ្រ​ចិត្ត​ទៅ​ទទួល​យក​សេវា​ស្ដារ​នីតិសម្បទា ការ​ចោទ​ប្រកាន់​ត្រូវ​លើកលែង»

​មន្ត្រី​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន លើក​ទី​១ នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ខាង​មុខ​នេះ ក៏​នឹង​មាន​ការ​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​ទិសដៅ​ការងារ​បន្ត ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​២ ទៀត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles