Clik here to view.

ក្រុមអ្នកជំនាញដែលមានសមាសភាពរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ មិថុនា ពិភាក្សាគ្នាពីអនុសាសន៍ដែលត្រូវបានស្នើឡើងជូនរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៤ ដើម្បីជួយជំរុញរដ្ឋាភិបាលធានាពីការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ប្រធានបទសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលត្រូវជជែក រួមមានសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ សិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបជុំ សិទ្ធិដីធ្លី កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងសិទ្ធិស្ត្រី និងសិទ្ធិកុមារ។
នេះជាការពិគ្រោះយោបល់ និងវាយតម្លៃពាក់កណ្ដាលអាណត្តិលើការអនុវត្តអនុសាសន៍ ក្រោយការត្រួតពិនិត្យជាសកលតាមកាលកំណត់ ឬ យូ.ភី.អ (UPR = Universal Periodic Review) របស់ប្រទេសកម្ពុជា។
វាជាការពិនិត្យតាមដានការអនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងស្ថានភាពសិទ្ធិមនុស្សសំខាន់ៗនៅតាមបណ្ដាប្រទេសសមាជិក ក្នុងមួយអាណត្តិរយៈពេលប្រាំឆ្នាំ។
ដោយបញ្ជាក់ក្នុងឯកសារកម្រងអនុសាសន៍របស់យន្តការសិទ្ធិមនុស្សសហប្រជាជាតិ ចំពោះប្រទេសកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) តំណាងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅកម្ពុជា កាលពីឆ្នាំ២០១៤ បានបញ្ជាក់ថា អនុសាសន៍ទាំងនេះអាចក្លាយជាឧបករណ៍នៃការតស៊ូមតិដ៏មានអំណាចបំផុតសម្រាប់ដៃគូពាក់ព័ន្ធទាំងអស់។
ថ្លែងជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកម្មវិធីបើកកិច្ចពិភាក្សា អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សង្កេតឃើញថា រដ្ឋាភិបាលកម្ពុជា ទទួលយកអនុសាសន៍ចំនួន ១៦៣ ក្នុងចំណោម ២០៥ ពីអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏ប៉ុន្តែសម្រាប់អ្នកស្រី ការយកអនុសាសន៍នោះមកអនុវត្តឲ្យមានប្រសិទ្ធភាព ជារឿងសំខាន់ដែលត្រូវតាមដាន និងវាយតម្លៃ។
អ្នកស្រីកត់សម្គាល់ថា រយៈពេលចុងក្រោយនេះ បរិយាកាសខាងការបញ្ចេញមតិ និងសេរីភាពខាងជួបជុំកំពុងរួមតូចទៅ ពិសេសមុនការបោះឆ្នោតមកដល់ និងការគាបសង្កត់លើអ្នកមានទស្សនៈផ្សេងពីរដ្ឋាភិបាល៖ «»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ពិនិត្យមើលពីភាពស្របច្បាប់របស់ក្រុមការងាររបស់សង្គមស៊ីវិលដែលឃ្លាំមើល និងវាយតម្លៃការបោះឆ្នោត បន្ទាប់ពីក្រុមនេះបានរកឃើញពីភាពមិនប្រក្រតីមួយចំនួនក្នុងដំណើរការរៀបចំបោះឆ្នោត។
តុលាការបានកោះហៅអ្នកកាសែតដើម្បីសួរនាំ បន្ទាប់ពីចុះទៅយកព័ត៌មាន ហើយមន្ត្រីយុត្តិធម៌បានបង្ហាញពីកម្រិតទោសទណ្ឌដែលអាចត្រូវជាប់ពន្ធនាគារ។
ការប្រមូលផ្តុំនៅតាមទីសាធារណៈ ដែលពលរដ្ឋធ្វើឡើងទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស ត្រូវបានហាមប្រាម។ អ្នកការពារសិទ្ធិមនុស្សដែលព្យាយាមបញ្ចេញយោបល់ជជីកសួររកហេតុផលចំពោះករណីភាពអយុត្តិធម៌សង្គមត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដោយអង្គការសហប្រជាជាតិ ហៅថាជាការឃុំខ្លួនតាមអំពើចិត្ត។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដែលរិះគន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឬរដ្ឋាភិបាលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ។
អ្នកវិភាគដែលជជីកវែកញែករកអ្វីនៅពីក្រោយនៃការវិវឌ្ឍន៍ស្ថានភាពសង្គម និងនយោបាយខ្លះ ត្រូវគេសម្លាប់ ខ្លះទៀតកំពុងជាប់ពន្ធនាគារ ខ្លះទៀតកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ។
អ្នកស្រី ចក់ សុភាព យល់ថា ការគោរព និងស្តាប់មតិរិះគន់ អាចពង្រឹងសិទ្ធិ និងសេរីភាពប្រជាពលរដ្ឋ៖ «»។
ចំណែកលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាលយល់ឃើញថា ការសហការគ្នារវាងភាគីពាក់ព័ន្ធជាការចាំបាច់ ដើម្បីជួយលើកស្ទួយសិទ្ធិរបស់ពលរដ្ឋកម្ពុជា៖ «»។
តំណាងរងប្រចាំប្រទេសកម្ពុជា នៃការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី ម៉ារៀ ឌូមីនិក ប៉ារ៉ង់ (Marie-Dominique Parent) បញ្ជាក់នៅក្នុងពិធីបើកកិច្ចពិភាក្សារយៈពេល ២ថ្ងៃថា អ្នកស្រីសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងរួមគ្នារកដំណោះស្រាយកាន់តែប្រសើរ ដើម្បីពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា៖ «»។
ប្រទេសកម្ពុជា ត្រូវបានពិនិត្យដំបូងក្រោមដំណើរការត្រួតពិនិត្យជាសកលតាមកាលកំណត់ ឬ យូ.ភី.អ កាលពីឆ្នាំ២០០៩៕