
រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចុះរុះរើសំណង់រឹងមាំទាំងឡាយណាដែលសង់រំលោភដីចំណីផ្លូវសាធារណៈ នាំឲ្យប៉ះពាល់ដល់សោភ័ណភាពក្រុងទេសចរណ៍មួយនេះ។ អ្នកឃ្លាំមើលសង្គម ស្នើឲ្យការអនុវត្តវិធានការនេះមានប្រសិទ្ធភាព និងត្រូវអនុវត្តច្បាប់ឲ្យបានស្មើភាពរវាងប្រជាពលរដ្ឋក្រីក្រ មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជាថ្មីម្តងទៀតបានស្នើដល់ប្រជាពលរដ្ឋ ត្រូវរុះរើសំណង់រឹងមាំនៅតាមទីតាំងរៀងៗខ្លួនដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងរក្សាសោភ័ណភាពក្រុងទេសចរណ៍ឲ្យបានប្រសើរឡើង។ ជាងនេះ ក៏រំលឹកដល់ប្រជាពលរដ្ឋ មិនត្រូវនាំយកសម្ភារៈផ្សេងៗទៅដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ នាំឲ្យប៉ះពាល់ដល់អ្នកថ្មើរជើងនោះដែរ។
លោក យន្ត មីន ព្រមានថា ការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈរបស់អាជ្ញាធរនៅពេលនេះ អាចឈានដល់សមត្ថកិច្ចអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលមិនសហការជាមួយរដ្ឋបាលខេត្ត ហើយរឹងទទឹងមិនព្រមរុះរើសំណង់រឹងមាំរបស់ខ្លួនដែលសង់រំលោភដីចំណីផ្លូវសាធារណៈ ឬប្រមាថអាជ្ញាធរ៖ «»។
បន្ថែមលើនេះ លោក យន្ត មីន ក៏បានស្នើដល់ប្រជាពលរដ្ឋដែលកន្លងទៅធ្លាប់បាននាំយកកាកសំណល់រឹងយកទៅបោះចោលនៅតាមលូ ឬអូរបង្ហូរទឹក និងបានសង់សំណង់រឹងមាំផ្សេងៗនៅលើដីចំណីមាត់អូរ ក៏តម្រូវឲ្យរុះរើចេញដែរ ព្រោះនាំឲ្យស្ទះផ្លូវទឹកពេលមានភ្លៀងធ្លាក់ម្តងៗ។
អ្នកឃ្លាំមើលការងារអភិវឌ្ឍន៍សង្គមប្រចាំខេត្តព្រះសីហនុ ស្វាគមន៍ចំពោះចំណាត់ការរក្សាសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈឲ្យមានរបៀបរៀបរយ និងសោភ័ណភាពនាមូលដ្ឋានក្រុងទេសចរណ៍មួយនេះ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី លើកឡើងថា កន្លងទៅនេះ រាល់ការចេញសេចក្តីជូនដំណឹងឲ្យម្ចាស់សំណង់រឹងមាំដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈ គឺអាជ្ញាធរចុះអនុវត្តមិនមានប្រសិទ្ធភាពទេ ហើយភាគច្រើនបានចុះអនុវត្តតែទៅលើសំណង់ប្រជាពលរដ្ឋមានជីវភាពសាមញ្ញៗ ប៉ុន្តែសម្រាប់សំណង់សង់ខុសច្បាប់ ឬសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់មន្ត្រីមានតួនាទីខ្ពស់ ឈ្មួញ និងក្រុមហ៊ុនធំៗ គឺពុំសូវឃើញអាជ្ញាធរចុះរុះរើសំណង់ទាំងនោះចោលទេ។
ត្រង់ចំណុចនេះ អ្នកស្រី សុធារី ស្នើឲ្យការចុះអនុវត្តការងាររុះរើសំណង់រឹងមាំដែលសង់ខុសច្បាប់ និងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ត្រូវអនុវត្តឲ្យបានស្មើភាពគ្នារវាងប្រជាពលរដ្ឋសាមញ្ញ មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ ទើបទទួលបានការគាំទ្រពីសាធារណជន៖ «»។
តាមការកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចុះណែនាំអប់រំប្រជាពលរដ្ឋ កុំសង់សំណង់រឹងមាំផ្សេងៗរំលោភលើផ្លូវសាធារណៈ រំលោភលើដីចំណីអូរ ឬលូបង្ហូរទឹក និងបានចុះរុះរើសំណង់រឹងមាំដែលសង់ខុសច្បាប់ ឬប៉ះពាល់ដល់ចំណីផ្លូវសាធារណៈជាបន្តបន្ទាប់។ ជាងនេះ ក៏បានដាក់បម្រាមមិនឲ្យពលរដ្ឋនាំយកសម្ភារៈផ្សេងៗដាក់តាំងលក់នៅលើចិញ្ចើមផ្លូវនាំឲ្យប៉ះពាល់ដល់អ្នកថ្មើរជើង ជាដើម។
យ៉ាងនេះក្តី ក៏នៅមានប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងព្រះសីហនុ មិនទាន់បានចូលរួមសហការជាមួយរដ្ឋបាលខេត្តនេះឲ្យបានជាប្រចាំទេ ដោយលួចសង់សំណង់រឹងមាំរំលោភលើដីចំណីផ្លូវសាធារណៈ និងនៅលើដីចំណីមាត់អូរបង្ហូរទឹក ជាដើម៕