Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​ចង់​ឱ្យ​អភិបាល​ខេត្ត​ថ្មី​ចុះ​មូលដ្ឋាន​ឱ្យ​បាន​​​ច្រើន​ដង

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម លើក​ឡើង​ថា ជា​ទូទៅ​ពួកគាត់​នៅ​តាម​ជនបទ ពិសេស​នៅ​តំបន់​ដាច់ស្រយាល មិន​សូវ​បាន​ស្គាល់​មុខ​ចៅហ្វាយ​ខេត្ត ឬ​អភិបាល​ខេត្ត​របស់​ខ្លួន​ទេ។ បញ្ហា​នេះ ពួកគាត់​ចង់​ឱ្យ​អភិបាល​ខេត្ត​ថ្មី​ដែល​ទើប​នឹង​ទទួល​បាន​តំណែង គប្បី​ចុះ​មូលដ្ឋាន​ឱ្យ​បាន​ញឹកញាប់​ដើម្បី​ស្ដាប់​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ផ្ទាល់ ជា​ជាង​ស្ដាប់​តែ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម ដែល​ពេល​ខ្លះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។

ក្រោយ​ពេល​ដឹង​ថា អភិបាល​ខេត្ត​កំពង់ចាម ថ្មី លោក គួច ចំរើន បាន​មក​ទទួល​តំណែង​ជំនួស​អតីត​អភិបាល​ខេត្ត​ចាស់ លោក លន់ លឹមថៃ ប្រជាពលរដ្ឋ​ស្វាគមន៍ និង​ចង់​ឃើញ​វត្តមាន​អភិបាល​ខេត្ត​ថ្មី​រូប​នោះ ចុះ​មូលដ្ឋាន​ឱ្យ​បាន​ញឹកញាប់​ដើម្បី​ដឹង​សុខ​ទុក្ខ​របស់​ពលរដ្ឋ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ លោក យ៉ុន យ៉ុង មាន​ប្រសាសន៍​ថា កាល​ពី​អាណត្តិ​អភិបាល​ខេត្ត​ចាស់ៗ ពួកគាត់​មិន​ដែល​បាន​ស្គាល់​មុខ​ពួកគេ​ទាំង​នោះ​ឡើយ។

លោក​បន្ត​ថា បញ្ហា​ប្រឈម​នៅ​ថ្នាក់​មូលដ្ឋាន​ជា​ច្រើន​ដែល​ជួប​ប្រទះ​កន្លង​មក ដូចជា​ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ ឬ​មាន​តម្លៃ​ថោក។ ក្រៅ​ពី​នេះ ប្រព័ន្ធ​ធារាសាស្ត្រ​មិន​មាន​គ្រប់គ្រាន់​សម្រាប់​កសិករ​យក​ទឹក​ដាក់​ស្រែ​​នៅ​ពេល​មាន​រដូវ​រាំង​ស្ងួត​ម្ដងៗ​ជាដើម។ ជាក់ស្ដែង​កាល​ពី​ជាង ១០​ថ្ងៃ​មុន ភាព​រាំង​ស្ងួត​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ភូមិ​របស់​ពួកគាត់​ស្ទើរ​តែ​ធ្វើ​ឱ្យ​ស្រូវ​ស្រែ​រាប់​រយ​ហិកតារ​ខូចខាត​ទៀត​ផង ប៉ុន្តែ​ចេះ​មាន​ភ្លៀង​ធ្លាក់​ខ្លះ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​ស្រូវវស្សា​ទាំង​នោះ​ប្រឹង​លូតលាស់​ឡើង​វិញ៖ «ចង់​ឱ្យ​គាត់​ចុះ​មក​ញឹកញាប់​ដើម្បី​ពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​ធារាសាស្ត្រ​អី​ឱ្យ​មាន​ដូច​ស្រុក​គេ»

​មិន​ខុសគ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត លោក គឹម ញក់ យល់​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​ថ្មី​ដាក់​ចិត្ត​ស្រលាញ់ និង​គិតគូរ​ដល់​សុខទុក្ខ​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ពិតប្រាកដ  គណៈ​អភិបាល​ខេត្ត​ថ្មី​គប្បី​ចុះ​មូលដ្ឋាន​ឱ្យ​បាន​ច្រើន ជៀសវាង​ជឿ​តែ​លើ​របាយការណ៍​របស់​មន្ត្រី​ថ្នាក់​ក្រោម៖ «លោក​ចុះ​មក​មើល​ផ្ទាល់​តែម្ដង ដើម្បី​មើល​ថា ប្រព័ន្ធ​ទឹក​ត្រង់​ណា​ដែល​អាច​ទាញ​មក​ដល់​មូលដ្ឋាន​ភូមិ ហើយ​មាន​ប្រឡាយ​ស្រេច។ ឯកឧត្ដម​មក​នឹង​ឃើញ​ហើយ​ថា ត្រូវ​ធ្វើ​ម៉េច? ដើម្បី​កុំ​ឱ្យ​ចាញ់​អភិបាល​ខេត្ត​មុន​ធ្វើ​យក​ស្នាដៃ​យក​កិត្តិយស»

​ខេត្ត​កំពង់ចាម មាន​ស្រុក​ចំនួន​៩ និង​ក្រុង​ចំនួន​មួយ ដែល​មាន​ពលរដ្ឋ​សរុប​ជាង ១​លាន​នាក់។

​អភិបាល​ខេត្ត​ថ្មី លោក គួច ចំរើន បាន​ទទួល​តំណែង​ជា​ផ្លូវការ​ជំនួស​អភិបាល​ខេត្ត​ចាស់ លោក លន់ លឹមថៃ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា។

ទាក់ទង​ការ​លើក​ឡើង​នេះ អភិបាល​ខេត្ត​កំពង់ចាម​ថ្មី លោក គួច ចំរើន មិន​ទាន់​មាន​ប្រសាសន៍​បែប​ណា​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដោយ​លោក​ថា កំពុង​ជាប់​ប្រជុំ។

មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​ពលរដ្ឋ គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​កន្លង​មក​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​អាជ្ញាធរ​ដើម្បី​ដឹង​សុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​នៅ​មាន​កម្រិត ប៉ុន្តែ​បើ​មាន​សកម្មភាព​ចុះ​មូលដ្ឋាន​ច្រើន គឺ​នៅ​រដូវ​កាល​បោះឆ្នោត និង​ចុះ​ទៅ​ពង្រឹង​គណបក្ស​របស់​ខ្លួន​ប៉ុណ្ណោះ៖ «សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​គាត់​ខ្វះ​ភាព​កក់​ក្ដៅ ហើយ​គាត់​អត់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​របស់​អាជ្ញាធរ​ទេ»

​លោក​កត់សម្គាល់​ថា បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដូចជា បញ្ហា​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នៅ​តែ​កើត​មាន។ បញ្ហា​ផលិតផល​កសិកម្ម ដូចជា ស្រូវ ពោត ដំឡូង ចេក ល្ពៅ និង​ការ​ចិញ្ចឹម​សត្វ​រួម​មាន​ជ្រូក ត្រី មាន​តម្លៃ​ថោក​ពេក មិន​អាច​ទូទាត់​ការ​ចំណាយ​បាន។ បន្ថែម​ពី​នេះ ការ​នាំ​ចូល​បន្លែ ត្រី សាច់ និង​ផ្លែឈើ ពី​ក្រៅ​ប្រទេស​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ជាដើម។

​មន្ត្រី​សមាគម​អាដហុក រូប​នេះ សង្ឃឹម​ថា គណៈ​អភិបាល​ខេត្ត​ថ្មី នឹង​ចុះ​មូលដ្ឋាន​បាន​ច្រើន​ជាង​អភិបាល​ខេត្ត​ចាស់​បន្ថែម​ទៀត ព្រមទាំង​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ពិត​ប្រាកដ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles