Clik here to view.

ការបោះឆ្នោតជាភារកិច្ចសំខាន់របស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនទាំងនៅថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ ប៉ុន្តែក្រោយការបោះឆ្នោតពលរដ្ឋនៅមានភារកិច្ចសំខាន់ និងចម្បងមួយដំណាក់ការទៀត ដែលមិនអាចរំលងបាននោះ គឺការតាមដានសកម្មភាពការងារ ឬការអនុវត្តគោលនយោបាយរបស់មន្ត្រីគណបក្សដែលជាប់ឆ្នោតនោះ ដើម្បីវាយតម្លៃ និងកំណត់ជាតម្រុយមួយសម្រាប់ការសម្រេចចិត្តបោះឆ្នោតជ្រើសរើសមេដឹកនាំជាបន្តបន្ទាប់ទៀត។
ក្រុមអ្នកជំនាញការអភិវឌ្ឍសង្គម និងអភិបាលកិច្ចល្អ ជំរុញឲ្យប្រជាពលរដ្ឋចូលរួមសកម្មក្នុងការតាមដានការអនុវត្តគោលនយោបាយរបស់គណបក្សដែលខ្លួនបានបោះឆ្នោតឲ្យនោះ។ ការតាមដាននេះ ដើម្បីវាយតម្លៃថា អ្នកដឹកនាំដែលពលរដ្ឋបោះឆ្នោតឲ្យនោះ បានបម្រើផលប្រយោជន៍ដល់ម្ចាស់ឆ្នោតបានកម្រិតណា និងមានសមត្ថភាពអភិវឌ្ឍភូមិ ឃុំ និងប្រទេសទាំងមូលបានដែរ ឬក៏អត់? ដើម្បីឲ្យការចូលរួមនេះមានប្រសិទ្ធភាព និងមានថាមពលនោះ ក្រុមអ្នកជំនាញលើកទឹកចិត្តឲ្យម្ចាស់ឆ្នោតបង្កើតជាក្រុមប្រឹក្សាប្រជាពលរដ្ឋសម្រាប់ឃ្លាំមើលការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន។
លោកសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ចល្អ លោកបណ្ឌិត ចាន់ វិបុល ពន្យល់ថា ក្រុមប្រឹក្សាប្រជាពលរដ្ឋជាការចងក្រងនូវបណ្ដុំប្រជាពលរដ្ឋ ដែលមានទស្សនវិស័យលើការអភិវឌ្ឍសហគមន៍ប្រកបដោយវិជ្ជមាន ព្រមទាំងមានរចនាសម្ព័ន្ធមានតំណាងច្បាស់លាស់អាចមានសមត្ថកិច្ចក្លាហានហ៊ានជជែកពិភាក្សា ឬតស៊ូមតិលើផ្នែកអ្វីមួយ៖ «ក្រុមប្រឹក្សាប្រជាពលរដ្ឋមានតួនាទីសំខាន់ណាស់ក្នុងការស្ថិតនៅចន្លោះកណ្ដាលរវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីពាំនាំមតិយោបល់ និងក្ដីបារម្ភរបស់ប្រជាពលរដ្ឋទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាតំណាងស្របច្បាប់នៅក្នុងកៅអីអ្នកនយោបាយ ឬកៅអីរបស់រដ្ឋាភិបាល ទី២ ប្រជាពលរដ្ឋនៅកន្លែងខ្លះមិនទាន់បង្កើតតំណាង ក៏ត្រូវចាប់ផ្ដើមត្រួតពិនិត្យកិច្ចការរបស់ក្រុមប្រឹក្សានេះដែរ...»។
លោកបន្តថា ក្រុមប្រឹក្សាប្រជាពលរដ្ឋអាចមានសិទ្ធិចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅ អាចសរសេរពាក្យបណ្ដឹងរិះគន់ និងលើកនូវសំណើផ្សេងៗដាក់ក្នុងប្រអប់សំបុត្រនៅសាលាឃុំ-សង្កាត់ ដើម្បីពិនិត្យដោះស្រាយ៖ «ការឃ្លាំមើលនេះ ជាទូទៅនៅក្នុងសង្គមកម្ពុជា គេបង្កើតប្រអប់គណនីភាពនៅតាមសាលាឃុំ-សង្កាត់ ដើម្បីឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ឬពីគំនិតយោបល់ផ្សេងៗ»។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ក៏បានគាំទ្រនូវវិធីសាស្ត្រនេះ។ លោកក៏បានលើកពីសារប្រយោជន៍របស់ម្ចាស់ឆ្នោតក្នុងការឃ្លាំមើលលទ្ធផលក្រោយបោះឆ្នោតនោះ៖ «ពលរដ្ឋខ្មែរគួរយល់ដឹងឲ្យបានច្រើនលើគោលនយោបាយរបស់គណបក្សនីមួយៗ ហើយនៅពេលគណបក្សនោះជាប់ឆ្នោត ត្រូវពិនិត្យមើលថា តើបានយកគោលនយោបាយនោះមកអនុវត្ត ឬទេ...»។
គណបក្សសង្គ្រោះជាតិ ដែលទើបមានក្រុមប្រឹក្សា និងតំណែងមេឃុំ-ចៅសង្កាត់ច្រើន គួរកត់សំគាល់នៅអាណត្តិទី៤នេះ បានប្រកាសបើកទូលាយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមសហការគ្នាក្នុងការកសាងសហគមន៍ទាំងអស់គ្នាប្រកបដោយការទទួលខុសត្រូវ៖ «នៅពេលគាត់មិនអនុវត្តតាមការសន្យា ប្រជាពលរដ្ឋនឹងមានការលើកជាអនុសាសន៍ ឬរិះគន់ និងវាយតម្លៃទៅលើការងារក្រុមប្រឹក្សាទាំងនោះ ហើយគណបក្សក៏មានកម្មវិធីតាមដានដូចគ្នាដែរ មែនទែនទៅមន្ត្រីជាប់ឆ្នោតទាំងជាង ៥ពាន់នាក់នោះ គឺជាអាយុជីវិត ឬជោគវាសនារបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ បើគាត់ធ្វើមិនល្អប្រាកដជាមានបញ្ហាហើយ»។
ជុំវិញរឿងនេះដែរ អាស៊ីសេរី ពុំទាន់អាចសុំការបញ្ជាក់ជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងមានមេឃុំ-ចៅសង្កាត់ចាស់វស្សាជាច្រើន បានដឹកនាំកន្លងមកនោះនៅឡើយកាលពីថ្ងៃទី២៨ ខែមិថុនា។
អ្នកជំនាញការអភិវឌ្ឍសង្គម និងអភិបាលកិច្ចល្អ បង្ហាញថា បើការដឹកនាំមួយខ្វះការចូលរួមពីម្ចាស់ឆ្នោតនោះ គឺជាគ្រោះថ្នាក់មួយសម្រាប់ការអភិវឌ្ឍក្នុងសង្គមប្រជាធិបតេយ្យ។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលការបោះឆ្នោតឲ្យដឹងថា ការអាក់ខានចូលរួមរបស់ប្រជាពលរដ្ឋកន្លងមកនោះ គឺដោយសារពួកគាត់មិនទទួលបានព័ត៌មានគ្រប់គ្រាន់ និងមិនមានការបើកទូលាយឲ្យមានការចូលរួមជាមួយអាជ្ញាធរជាដើម។ ប៉ុន្តែសម្រាប់បរិបទបច្ចុប្បន្ន ពួកគាត់មានជំនឿថា ពលរដ្ឋអាចយល់ដឹងបានច្រើនទាក់ទងសិទ្ធិ អំណាចរបស់ពួកគាត់ទៅលើរដ្ឋបាលថ្នាក់មូលដ្ឋាន ទាំងនៅមុនការបោះឆ្នោត និងក្រោយបោះឆ្នោត។
ពលរដ្ឋម្ចាស់ឆ្នោតភាគច្រើនអាចមានសិទ្ធិរួមគ្នាធ្វើញត្តិ សុំដកមេឃុំ-ចៅសង្កាត់ ណាដែលមិនបម្រើប្រជាពលរដ្ឋពិតប្រាកដ៕