Quantcast
Viewing all articles
Browse latest Browse all 11174

អតីត​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ម្នាក់​នៅ​ស្រុក​មេមត់​ស្វែងរក​អន្តរាគមន៍​ចូល​ជា​គ្រូ​ក្របខ័ណ្ឌ

Image may be NSFW.
Clik here to view.

អតីត​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ម្នាក់​នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ឲ្យ​គាត់​បាន​បង្រៀន និង​បាន​ចូល​ជា​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ ដើម្បី​មាន​ឱកាស​ជួយ​ដល់​កូន​សិស្ស​នៅ​តាម​តំបន់​ដាច់ស្រយាល​បន្ត​ទៀត។ ការ​ស្នើ​នេះ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ក្នុង​ឱកាស​រំឭក​ទិវា​នៃ​ការ​ចងចាំ​ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ ដាក់​បញ្ចូល​គ្រូ​កិច្ចសន្យា​ចំនួន ៣​នាក់​ជា​គ្រូ​ក្របខ័ណ្ឌ​របស់​ក្រសួង។

រយៈពេល​បង្រៀន និង​ធ្វើ​ការងារ​ជា​បុគ្គលិក​កិច្ចសន្យា​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​លើ​ទឹកដី​ឃុំ​ទន្លូង ស្រុក​មេមត់ អ្នកស្រី ហម គឹមសាន បាន​បំពេញ​ការងារ​ចំនួន ៦​ឆ្នាំ។

អតីត​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​បង្រៀន​ថ្នាក់​ទី​១ និង​ទី​២ រាប់​ឆ្នាំ​រូប​នេះ មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ទេ ប៉ុន្តែ​នៅ​ពេល​អស់​អាណត្តិ​កាល​ពី​ចុង​ឆ្នាំ​២០១៦ អ្នកស្រី​ត្រូវ​បាន​សាលា សម្រេច​បញ្ចប់​កិច្ចសន្យា​របស់​អ្នកស្រី ហើយ​មិន​បន្ត​កិច្ចសន្យា​ថ្មី​ឡើយ ក្រោម​ហេតុផល​ថា​មាន​គ្រូ​ក្របខ័ណ្ឌ​ពី​ក្រសួង​ចុះ​មក​បង្រៀន​ជំនួស​វិញ។

អតីត​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​នៅ​សាលា​ឆ្លង​កាត់​ចង្គំ​ទី​១ ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​សាលា​បឋម​សិក្សា​ក្តុល អ្នកស្រី ហម គឹមសាន មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​បង្រៀន​នៅ​សាលា​មួយ​ចំនួន​ដូចជា សាលា​បឋម​សិក្សា​បឹង​ជ្រោង សាលា​បឋម​សិក្សា​កោះ​ថ្ម និង​សាលា​ឆ្លង​កាត់​ភូមិ​ចង្គំ​ទី​១ ស្ថិត​នៅ​ក្រោម​ចំណុះ​សាលា​បឋម​សិក្សា​ក្តុល ព្រម​ទាំង​ធ្លាប់​ធ្វើ​ជា​មន្ត្រី​បណ្ណារក្ស​នៅ​សាលា​មួយ​នេះ​ទៀត​ផង។ អ្នកស្រី​បញ្ជាក់​ថា កន្លង​ទៅ គាត់​ធ្លាប់​ស្នើ​ឲ្យ​ក្រសួង​បញ្ចូល​ជា​មន្ត្រី​ក្របខ័ណ្ឌ​ដែរ ប៉ុន្តែ​មិន​មាន​លទ្ធផល​ល្អ​ឡើយ ហើយ​ចាប់​តាំង​ពី​សាលា​បញ្ចប់​កិច្ចសន្យា គ្រួសារ​របស់​អ្នកស្រី​ជួប​ការ​លំបាក​ក្នុង​ជីវភាព ព្រោះ​មិន​មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ឋិតថេរ​ដូច​ពី​មុន៖ «ដល់​សួរ​គេ​ទៅ គេ​ថា​គេ​អត់​រើស​កិច្ចសន្យា​ទេ ដោយ​គេ​ថា​ចាំ​មើល​សិនៗ គេ​ថា​អ៊ីចឹង»Image may be NSFW.
Clik here to view.

អតីត​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​រូប​នេះ គឺ​បង្រៀន​នៅ​សាលា​ឆ្លង​កាត់​តាំង​ពី​សាលា​នោះ គ្មាន​កៅអី​សម្រាប់​សិស្ស​អង្គុយ ហើយ​ជញ្ជាំង​ក៏​គ្មាន ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​សប្បុរសជន​នៅ​សហរដ្ឋ​អាមេរិក ជួយ​ឲ្យ​មាន​តុ​សម្រាប់​សិស្ស​អង្គុយ មាន​បន្ទប់ទឹក​ត្រឹមត្រូវ និង​មាន​ជញ្ជាំង​ឈើ​សម្រាប់​បិទ​បាំង​ទៀត​ផង។ ចុង​ក្រោយ សាលា​នេះ ខាង​ក្រសួង​សម្រេច​ធ្វើ​អំពី​ថ្ម​ចំនួន ១​ខ្នង ដែល​មាន ៦​បន្ទប់ ប៉ុន្តែ​ការងារ​របស់​អ្នកស្រី ត្រូវ​បាន​គេ​បញ្ចប់​កិច្ចសន្យា​រួច​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ក្នុង​ឱកាស​ទិវា​រំឭក​ការ​ចងចាំ​អំពី​ដំណើរ​ឆ្ពោះ​ទៅ​ផ្ដួល​រំលំ​របប ប៉ុល ពត នៅ​ភូមិ​កោះថ្ម ឃុំ​ទន្លូង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​អំពី​ការ​កសាង​សាលារៀន​ថ្មី​មួយ​ខ្នង​ដែល​មាន​កម្ពស់​ពីរ​ជាន់ សម្រាប់​អ្នក​ភូមិ​កោះថ្ម។ លោក​ថែម​ទាំង​ដឹង​ថា មាន​គ្រូ​កិច្ចសន្យា​ចំនួន ៣​នាក់ ហើយ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដាក់​បញ្ចូល​គ្រូ​ជាប់​កិច្ចសន្យា​ទាំង ៣​នាក់​នោះ​ជា​គ្រូ​ក្របខ័ណ្ឌ​ថែម​ទៀត៖ «ហើយ​ឮ​ថា​គ្រូបង្រៀន​នៅ​ទីនេះ​មាន​បី​នាក់​ជា​គ្រូ​កិច្ចសន្យា ហើយ​បាន​បង្រៀន​ប៉ុន្មាន​ឆ្នាំ​ទៅ​ហើយ។ លោក ខៀវ សាមេត បាន​វ៉ៃ​ទៅ​សួរ​ខ្ញុំ ហើយ​ក៏​បាន​សួរ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ផង​ដែរ។ ខ្ញុំ​សូម​ឲ្យ​បញ្ចូល​គ្រូ​ទាំង​បី​នាក់​នេះ​ជា​គ្រូ​ក្របខ័ណ្ឌ​តែ​ម្តង​ទៅ»

អ្នកស្រី ហម គឹមសាន ដែល​មាន​អាយុ ៣៦​ឆ្នាំ និង​មាន​កូន​ប្រុស​ក្នុង​បន្ទុក​ម្នាក់ ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​បាន​ចូល​បង្រៀន​វិញ និង​បាន​ចូល​ជា​មន្ត្រី​ក្របខ័ណ្ឌ​របស់​ក្រសួង​អប់រំ ដូច​គ្នា​ទៅ​នឹង​ការ​ជួយ​គ្រូ​ជាប់​កិច្ចសន្យា​នៅ​ភូមិ​កោះថ្ម ដែរ ពីព្រោះ​អ្នកស្រី​ក៏​ជា​អតីត​គ្រូ​ជាប់​កិច្ចសន្យា​បង្រៀន​នៅ​ទីនោះ​ដូច​គ្នា។

អតីត​គ្រូ​ជាប់​កិច្ចសន្យា​ដដែល​បញ្ជាក់​ថា ឆ្នាំ​សិក្សា​ថ្មី គឺ​អ្នកស្រី​មិន​បាន​ដាក់​ពាក្យ​ស្នើសុំ​បង្រៀន​ទេ ដោយសារ​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក និង​នាយក​សាលា​ដែល​ធ្លាប់​បង្រៀន​ប្រាប់​ថា ចាំ​ពេល​គេ​រើស​គ្រូ​កិច្ចសន្យា​បន្ត​ទៀត គេ​នឹង​ប្រាប់​អ្នកគ្រូ​ឲ្យ​ដាក់​ពាក្យ តែ​ក្រោយ​មក​ក៏​បាត់​ដំណឹង​សូន្យ។

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ មាន​ប្រសាសន៍​ថា ករណី​អតីត​គ្រូ​ជាប់​កិច្ចសន្យា​រូប​នោះ ខាង​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទេ។ លោក​បញ្ជាក់​ថា តំបន់​ដែល​ខ្វះ​គ្រូ ទើប​ក្រសួង​តម្រូវ​ឲ្យ​ជ្រើសរើស​គ្រូ​ជាប់​កិច្ចសន្យា​មក​បង្រៀន​បន្ថែម ប៉ុន្តែ​បើ​តំបន់​ដែល​មាន​គ្រូ​គ្រប់គ្រាន់ ក្រសួង​មិន​ត្រូវការ​ជ្រើសរើស​គ្រូ​ជាប់​កិច្ចសន្យា​ទៀត​ឡើយ៖ «ទាក់ទង​នឹង​គ្រូ​កិច្ចសន្យា សូម​លោក​យល់​ឲ្យ​ច្បាស់ ពាក្យ​ថា​កិច្ចសន្យា លុះត្រា​តែ​កន្លែង​តំបន់​ខ្វះ​គ្រូ។ អ៊ីចឹង​បើ​មាន​គ្រូ​ក្របខ័ណ្ឌ​ហើយ អ៊ីចឹង​គ្រូ​កិច្ចសន្យា​ត្រូវ​បាន​កាត់​បន្ថយ»

គ្រូបង្រៀន​ជាប់​កិច្ចសន្យា​នៅ​ខេត្ត​ត្បូងឃ្មុំ កម្រិត​ចំណេះ​ដឹង​ទូទៅ​មាន​ចំនួន​ជាង ៤០០​នាក់ ចំណែក​គ្រូបង្រៀន ៣​នាក់​នៅ​សាលា​បឋម​សិក្សា​កោះថ្ម ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​បញ្ចូល​ក្របខ័ណ្ឌ​នោះ លោក អ៊ិន ពៅសម្បត្តិ បញ្ជាក់​ថា ខាង​លោក​បាន​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​ក្រសួង​អប់រំ ដើម្បី​ស្នើសុំ​ទៅ​ក្រសួង​មុខងារ​សាធារណៈ ដាក់​បញ្ចូល​ពួក​គេ​ជា​មន្ត្រី​ក្របខ័ណ្ឌ។ លោក​ថា នីតិវិធី​នេះ​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​សេចក្តី​ស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​យោង​តាម​បទពិសោធន៍​ការងារ​យូរ​របស់​ពួក​គាត់ ព្រម​ទាំង​មាន​សញ្ញាបត្រ​បាក់ឌុប ជាដើម។

ចំណែក​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី កត់​សម្គាល់​ថា ការ​បញ្ឈប់​គ្រូ​ជាប់​កិច្ចសន្យា​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ លើស​ពី​នេះ ស្ថាប័ន​ក្រសួង និង​មន្ទីរ​អប់រំ គប្បី​លើក​ទឹក​ចិត្ត​ដល់​គ្រូ​ជាប់​កិច្ចសន្យា​ដែល​បាន​បម្រើ​ការងារ​យូរ​ឆ្នាំ​នៅ​តំបន់​ដាច់ស្រយាល ពិសេស​ត្រូវ​បញ្ចូល​ពួក​គាត់​ជា​មន្ត្រី​ក្របខ័ណ្ឌ បើ​ទោះ​បី​ជា​គ្រូបង្រៀន​រូប​នោះ​ត្រូវ​បាន​សាលា​បញ្ចប់​កិច្ចសន្យា​រួច​ហើយ​ក្តី ម្យ៉ាង​បើ​ទោះ​បី​ជា​តំបន់​នោះ​មាន​គ្រូ​ថ្មី​ចូល​ទៅ​បម្រើ​ការងារ​ក៏ដោយ៖ «តាម​ពិត​ទៅ​ការ​ដាក់​អន្តរាគមន៍ គឺ​វា​ល្អ​ហើយ ព្រោះ​វា​ត្រូវ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីចឹង​ណា៎»

ប្រធាន​សមាគម​គ្រូបង្រៀន​ដដែល​យល់​ថា ការ​បញ្ចូល​គ្រូ​ជាប់​កិច្ចសន្យា​នៅ​តំបន់​ដាច់ស្រយាល​ចូល​ក្របខ័ណ្ឌ គឺ​ជា​រឿង​ត្រឹមត្រូវ​ម្យ៉ាង ពីព្រោះ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ដែល​បាន​លះបង់​ខ្ពស់​ក្នុង​ការងារ​កន្លង​ទៅ។ បន្ថែម​ពី​នេះ បញ្ហា​កង្វះ​គ្រូបង្រៀន​នៅ​តំបន់​ដាច់ស្រយាល នៅ​តែ​កើត​មាន​ឡើង ម្យ៉ាង​គ្រូ​កិច្ចសន្យា​ភាគច្រើន​ត្រូវ​បាន​ក្រសួង​អប់រំ ដាក់​បញ្ចូល​ជា​មន្ត្រី​ក្របខ័ណ្ឌ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles