Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ និងស្មោះត្រង់ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែខិតជិតចូលមកដល់។ រីឯមន្ត្រីសង្គមស៊ីវិលយល់ថា ការផ្តល់ដំបូន្មានដល់មន្ត្រីរាជការម្តងហើយម្តងទៀតនេះ គឺមិនទាន់មានប្រសិទ្ធភាពនោះទេ ពោលគឺទាមទារឲ្យបង្កើតយន្តការថ្មីៗបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហា។
នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ មកដល់ លោក ហ៊ុន សែន បានហៅប្រជាពលរដ្ឋថាជាចៅហ្វាយនាយ ហើយលោកបានស្ដីបន្ទោស និងផ្តល់ដំបូន្មានជាច្រើនដល់មន្ត្រីរាជការ ឲ្យកែប្រែឥរិយាបថរបស់ខ្លួនពីចៅហ្វាយនាយ មកជាអ្នកបម្រើប្រជាពលរដ្ឋឲ្យបានល្អ។
ការផ្តល់ដំបូន្មានជាថ្មីម្តងទៀតនេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា។ លោកនាយករដ្ឋមន្ត្រីបន្តក្រើនរម្លឹកដែរថា ឥរិយាបថមន្ត្រីបើត្រឹមតែចេះចងក្រវាត់ក ស្លៀកពាក់ឲ្យស្អាតបាតសម្រាប់ចូលធ្វើការនៅសាលាស្រុក សាលាខេត្ត ឬចូលស្ថាប័នរដ្ឋ គឺមិនទាន់គ្រប់គ្រាន់នោះទេ៖ «»។
ការដាស់តឿនជាថ្មីម្តងទៀតនេះ គឺធ្វើឡើងបន្ទាប់ពីលទ្ធផលបោះឆ្នោតឃុំ-សង្កាត់អាណត្តិនេះ គណបក្សប្រជាជនកម្ពុជា បានបាត់តំណែងមេឃុំ-ចៅសង្កាត់អស់ជិត ៥០០តំណែង និងអាសនៈក្រុមប្រឹក្សាជាង ៤ពាន់អាសនៈ។ ចំនួនបាត់បង់នេះ បានទៅលើគណបក្សសង្គ្រោះជាតិ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ការផ្លាស់ប្ដូរឥរិយាបថរបស់មន្ត្រីពីចៅហ្វាយនាយមកជាអ្នកផ្តល់ ឬបម្រើសេវាជូនប្រជាជននេះ គឺមិនងាយនោះទេ ទោះបីជាការក្រើនរម្លឹកជាញឹកញាប់ និងមានគោលនយោបាយស្ដីពីការផ្តល់សេវាសាធារណៈរួចទៅហើយក្តី។ លោកពន្យល់ថា មានរឿងរ៉ាវជាច្រើនដែលបន្ទច់បង្អាក់ការអនុវត្តគោលនយោបាយផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព គឺមានដូចជាបញ្ហាអំពើពុករលួយ បក្ខពួកនិយម កង្វះវិធានការច្បាប់ ឬវិន័យរដ្ឋបាលលើមន្ត្រីខូចខិល ជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ លោក សន ជ័យ ផ្តល់យោបល់ថា រដ្ឋាភិបាលគួរតែបង្កើតយន្តការថ្មីៗផ្សេងទៀត ដូចជាបង្កើតការិយាល័យប្រជាពលរដ្ឋឲ្យបានច្រើននៅតាមការិយាល័យផ្តល់សេវាផ្នែករដ្ឋបាល៖ «»។
រីឯអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ក៏បានគាំទ្រប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ព្រោះថា ការណែនាំនោះគឺបានឆ្លុះបញ្ចាំងពីការពិតអំពីប្រព័ន្ធរដ្ឋដែលកំពុងដំណើរការរាល់ថ្ងៃ។ ប៉ុន្តែយ៉ាងណាក្តី លោកបារម្ភថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីអាចមិនសូវមានប្រសិទ្ធភាពនោះទេ ព្រោះលោកធ្លាប់ឮការប្រកាសបែបនេះជាច្រើនលើកច្រើនសាដែរ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមហាក់មិនសូវយកចិត្តទុកដាក់ក្នុងការស្តាប់ និងអនុវត្តតាមឲ្យបានជាប់លាប់នោះទេ៖ «»។
លោក មាស នី យល់ថា ដរាបណាប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូលមិនបានបំពេញតួនាទីជាប្រព័ន្ធនោះទេ ហើយរង់ចាំតែអ្នកដឹកនាំចេញបញ្ជារហូតនោះ គឺប្រព័ន្ធគ្រប់គ្រងបែបនេះច្បាស់ជាមិនមានដំណើរការប្រកបដោយប្រសិទ្ធភាពទេ។ ក្រៅពីនេះទៀត រដ្ឋាភិបាលក៏ធ្លាប់បានប្ដេជ្ញាចិត្ត និងបានធ្វើកំណែទម្រង់ស្ថាប័នរដ្ឋនៅក្នុងអាណត្តិទី៥ ក្រោយពីការបោះឆ្នោតឆ្នាំ២០១៣ ដែរ ក៏ប៉ុន្តែកំណែទម្រង់នេះត្រូវបានអ្នកវិភាគមើលឃើញថា ហាក់មិនបានជោគជ័យនោះដែរ៕