Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាកលវិទ្យាល័យ​ចិន​ចំនួន​៩​ប្រកាស​ផ្ដល់​អាហារូបករណ៍​ឲ្យ​សិស្ស​វិទ្យាល័យ​អង្គរ

$
0
0

វិទ្យាស្ថាន​បង្រៀន​ភាសា​ចិន នៅ​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​ថា វិទ្យាស្ថាន ខុង ជឺ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា កំពុង​ប្រឹងប្រែង​ផ្សព្វផ្សាយ និង​បង្រៀន​កូន​ខ្មែរ​ជាច្រើន​ឲ្យ​ចេះ​ភាសា​ចិន បាន​ស្ទាត់​ជំនាញ។ ការ​ផ្សព្វផ្សាយ និង​បង្រៀន​ភាសា​ចិន នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត​នេះ ក៏​មាន​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ដល់​អាហារូបករណ៍​ឲ្យ​សិស្ស​ទាំងឡាយ​ណា​ដែល​ពូកែ អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ចិន ថែម​ទៀត​ផង។

គណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ​ចំនួន​៩ មក​ពី​ខេត្ត​គួយចូវ (Gui Zhou) នៃ​ប្រទេស​ចិន បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាល័យ​អង្គរ ក្នុង​ទី​រួម​ខេត្ត​សៀមរាប។

ទស្សនកិច្ច​នេះ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​នៃ​វិស័យ​អប់រំ​របស់​គេ ព្រម​ទាំង​ប្រកាស​ផ្ដល់​អាហារូបករណ៍​ឲ្យ​សិស្ស​ខ្មែរ​ណា​ដែល​ចេះ​ភាសា​ចិន និង​រៀន​ពូកែ​ផង​នោះ។ ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​សាកលវិទ្យាល័យ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈ​អភិបាល​ខេត្ត​គួយចូវ (Gui Zhou) របស់​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​អភិបាល​ខេត្ត​សៀមរាប លើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំ វប្បធម៌ វិស័យ​ទេសចរណ៍ និង​វិស័យ​សុខាភិបាល ជាដើម។

នាយក​វិទ្យាល័យ​អង្គរ ដែល​ជា​អ្នក​រៀបចំ​ទទួល​គណៈប្រតិភូ​សាកលវិទ្យាល័យ​មក​ពី​ខេត្ត​គួយចូវ របស់​ចិន នោះ គឺ​លោក រិន ឡូត។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មិថុនា ថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ​ខេត្ត​គួយចូវ មក​កាន់​សាលា​របស់​លោក​ពេល​នេះ ក្នុង​បំណង​ផ្ដល់​អាហារូបករណ៍​ឲ្យ​សិស្ស​ខ្មែរ​មាន​ឱកាស​ទៅ​សិក្សា​នៅ​ឯ​ប្រទេស​ចិន។

លោក រិន ឡូត បញ្ជាក់​ថា មូលហេតុ​ដែល​សាកលវិទ្យាល័យ​ខេត្ត​គួយចូវ របស់​ចិន ផ្ដល់​អាហារូបករណ៍​មក​ឲ្យ​សាលា​របស់​លោក ពីព្រោះ​តែ​មាន​សិស្ស​ខ្លះ​បាន​រៀន​ភាសា​ចិន រយៈពេល ៦​ឆ្នាំ​មក​ហើយ៖ «ពាក់ព័ន្ធ​នឹង​អាហារូបករណ៍​ដែល​សាកលវិទ្យាល័យ​ផ្ដល់​ឲ្យ​នេះ គឺ​ពាក់ព័ន្ធ​ទៅ​លើ​សិស្ស​ដែល​រៀន​ភាសា​ចិន ហើយ​ប្រឡង​យក​ភាសា​ចិន ក្នុង​កម្រិត​ខ្ពស់ ដែល​អាច​ចេញ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទាន់​គេ»

វិទ្យាល័យ​អង្គរ គឺ​ជា​សាលា​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​បើក​បង្រៀន​ភាសា​ចិន ហើយ​សាកលវិទ្យាល័យ​នានា​របស់​ចិន តែង​មក​ទាក់ទង​ផ្ដល់​អាហារូបករណ៍។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សាកលវិទ្យាល័យ​នៅ​ប្រទេស​ចិន បាន​ផ្ដល់​អាហារូបករណ៍​ឲ្យ​សិស្ស​វិទ្យាល័យ​អង្គរ បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ឯ​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា អ្នក​គ្រប់គ្រង​មក​ពី​សាកលវិទ្យាល័យ​ចំនួន​៩ ក្នុង​ខេត្ត​គួយចូវ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​គុណសម្បត្តិ​នៃ​សាលា​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​សាកលវិទ្យាល័យ​មួយ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ទាំងនោះ បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ឲ្យ​សិស្ស​វិទ្យាល័យ​អង្គរ​ចំនួន ៥​នាក់ បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន ចំណែក​សាកលវិទ្យាល័យ​ផ្សេង​ទៀត នឹង​ជូន​ដំណឹង​ពី​អាហារូបករណ៍​តាម​ផ្លូវការ។

នាយក​សាខា​វិទ្យាស្ថាន ខុង ជឺ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ប្រចាំ​វិទ្យាល័យ​អង្គរ លោក លាវ ចិន (Liu Zhen) ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ​ចំនួន​៩ នៃ​ខេត្ត​គួយចូវ របស់​ចិន ដែល​មក​ផ្ដល់​អាហារូបករណ៍​ឲ្យ​សិស្ស​នៅ​វិទ្យាល័យ​អង្គរ​នេះ គឺ​ជា​សាកលវិទ្យាល័យ​ល្បីៗ​ខាង​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ផ្នែក​គរុកោសល្យ ជាដើម។ សាកលវិទ្យាល័យ​ទាំងនេះ​សុទ្ធតែ​ចង់​ឲ្យ​សិស្ស​នៅ​វិទ្យាល័យ​អង្គរ បាន​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ខេត្ត​គួយចូវ៖ «នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ គឺ​នឹង​មាន​សិស្ស​របស់​វិទ្យាល័យ​អង្គរ នៃ​ខេត្ត​សៀមរាប ខ្លះ អាច​នឹង​ទទួល​បាន​អាហារូបករណ៍ ហើយ​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នៃ​ខេត្ត​គួយចូវ របស់​ប្រទេស​ចិន ហើយ។ ទោះ​ជា​យ៉ាង​ណា លក្ខខណ្ឌ​នៃ​សិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ គឺ​ទាល់​តែ​ចេះ​ភាសា​ចិន ក្នុង​កម្រិត​ខ្ពស់​ដូចជា​កម្រិត HSK និង​កម្រិត HSCK ជាដើម»

អនុប្រធាន​ការិយាល័យ​មធ្យមសិក្សា​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​សៀមរាប លោក សាប់ សាខា ដែល​ចូលរួម​មើល​បទ​បង្ហាញ​របស់​សាកលវិទ្យាល័យ​ទាំង​៩ នៃ​ខេត្ត​គួយចូវ មាន​ប្រសាសន៍​ថា ការ​បង្ហាញ​ពី​សម្ភារៈ​សិក្សា​ទំនើបៗ​របស់​សាកលវិទ្យាល័យ ព្រម​ទាំង​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ផង​នោះ គឺ​ជា​ការ​ចាប់​ចិត្ត​យ៉ាង​ខ្លាំង។

លោក សាប់ សាខា ជំរុញ​ឲ្យ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​អង្គរ ត្រូវ​ចាប់​អារម្មណ៍​ទៅ​លើ​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​ទាំង​៩ របស់​ខេត្ត​គួយចូវ នៃ​ប្រទេស​ចិន នេះ៖ «បើ​សិន​ជា​ប្អូនៗ​មាន​ការ​ចាប់​អារម្មណ៍ ប្អូនៗ​ត្រូវ​ធ្វើ​ការ​វិភាគ​ស្វែងយល់ ហើយ​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ពូកែ ដើម្បី​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន»

វិទ្យាស្ថាន ខុង ជឺ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១១ មក គេ​បាន​ជួយ​បណ្ដុះបណ្ដាល និង​ធ្វើ​សម្ភាស​សិស្ស​និស្សិត​ខ្មែរ​ជាច្រើន​ដែល​ស្នើសុំ​អាហារូបករណ៍ ឲ្យ​ចេញ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ចិន ជា​ហូរហែ ក៏ប៉ុន្តែ​គេ​មិន​ប្រាកដ​ថា ក្នុង​រយៈពេល ៦​ឆ្នាំ​មក​នេះ តើ​មាន​សិស្ស និង​និស្សិត​ខ្មែរ​ចំនួន​ប៉ុន្មាន​នាក់​ពិតប្រាកដ​ទេ ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ឯ​ប្រទេស​ចិន បើ​គិត​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles