Clik here to view.

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នឹងជំរុញឲ្យសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បបួលមេឃុំ និងក្រុមប្រឹក្សាឃុំដទៃទៀតដែលមានអាសនៈ អភិវឌ្ឍភូមិឃុំគំរូនៅមូលដ្ឋាន តាមគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ការអភិវឌ្ឍភូមិឃុំគំរូដើម្បីឲ្យរដ្ឋាភិបាលមើល គឺជាក្ដីស្រមៃរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោក យ៉េង វីរៈ ជឿជាក់ថា មេឃុំ និងក្រុមប្រឹក្សាឃុំមកពីគណបក្សដទៃទៀត នឹងទទួលយកគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចង់អភិវឌ្ឍភូមិឃុំគំរូ និងគោលនយោបាយថ្នាក់មូលដ្ឋាន ដើម្បីកៀរគរថវិកាសម្រាប់អភិវឌ្ឍមូលដ្ឋានខ្លួនឯងដោយមិនពឹងផ្អែកទាំងស្រុងទៅលើកញ្ចប់ថវិកាដែលរដ្ឋាភិបាលទម្លាក់ឲ្យ៖ «យើងនៅតែព្យាយាមចឹង ដូចខ្ញុំបានជម្រាបចឹង ត្បិតថាសំឡេងយើងមានឧទាហរណ៍ ៥អាសនៈ យើងមាន២ ឬក៏យើងមាន១ សំឡេងយើងហ្នឹង យើងជឿថាយើងនឹងបបួល យើងរុញឲ្យសមាជិកក្រុមប្រឹក្សាឃុំដែលចេញមកពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា ពិចារណាទៅនឹងគំនិតយើងទាំងប៉ុន្មានហ្នឹង។ យើងមានការជឿជាក់ច្រើន ដែលថាយើងទទួលការគាំទ្រទៅលើគំនិតទាំងឡាយដែលយើងមានហ្នឹង ទៅលើការអភិវឌ្ឍភូមិឃុំ»។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសថា នៅពេលឈ្នះឆ្នោតជាមេឃុំ នឹងបង្កើតភូមិឃុំគំរូនៅតាមឃុំ-សង្កាត់ឲ្យរដ្ឋាភិបាលមើល។ ក្រុមស្ថាបនិក និងបេក្ខជនឈរឈ្មោះមេឃុំ-ចៅសង្កាត់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុទ្ធតែសង្ឃឹមថា បេក្ខជនបក្សខ្លួនអាចធ្វើបាន។ បក្សនេះអះអាងថា ការអភិវឌ្ឍភូមិឃុំគំរូ ធ្វើឡើងតាមរយៈការអភិវឌ្ឍតាមបែបវិមជ្ឈការពិតប្រាកដនៅតាមឃុំ-សង្កាត់។ បន្ថែមពីលើក្ដីស្រមៃចង់បង្កើតភូមិឃុំគំរូឲ្យរដ្ឋាភិបាលមើល គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ចង់បានតំណាងរាស្ត្រគំរូដែលមិនស្ដាប់តែតាមការបង្គាប់បញ្ជាពីមេបក្ស ឬអ្នកលើកបន្តុបនោះដែរ។
ប្រធានក្រុមពង្រឹងសមត្ថភាពមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ បានប្រកាសរកបេក្ខជនតំណាងរាស្ត្រល្អសម្រាប់ឈរឈ្មោះឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨។ លោក យ៉ង សាំងកុមារ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីតំណាងរាស្ត្រល្អ នៅព្រឹកថ្ងៃទី២៥ មិថុនា ក្នុងទីស្នាក់ការបក្សថា បេក្ខជនតំណាងរាស្ត្រល្អ ជ្រើសរើសតាមប្រព័ន្ធពីក្រោមទៅលើដោយការបោះឆ្នោតជ្រើសរើសពីសមាជិកបក្សនៅមូលដ្ឋាន ដើម្បីឲ្យឈរឈ្មោះ ហើយប្រធានគណបក្សនេះគ្មានសិទ្ធិចាត់ចែង ឬដាក់បន្តុបបេក្ខជនណាម្នាក់ឡើយ។ សូម្បីតែប្រធានគណបក្ស បើចង់ឈរឈ្មោះជាតំណាងរាស្ត្រ ក៏ត្រូវមានការបោះឆ្នោតឲ្យឈរឈ្មោះពីសមាជិកថ្នាក់ក្រោមដែរ៖ «យីហោគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហ្នឹង សំខាន់ទៅលើតំណាងរាស្ត្រប៉ុន្មាននាក់ហ្នឹង បើតំណាងរាស្ត្រប៉ុន្មាននាក់ហ្នឹងចរិតមិនកើត មិនថ្លៃថ្នូរទេ គណបក្សហ្នឹងវាថោកទាបហើយ។ យីហោគណបក្សហ្នឹង វាអាស្រ័យប៉ុន្មាននាក់ហ្នឹង តំណាងរាស្ត្រមិនមែនអាស្រ័យលើប្រធានបក្សទេ...។ ខ្ញុំតែងនិយាយថា នៅពេលគណបក្សសង្គ្រោះជាតិ ខ្លាំង គណបក្សប្រជាជនខំ នៅពេលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខ្លាំង គណបក្សសង្គ្រោះជាតិ ខំ ឥឡូវដល់ពេលខំទាំងអស់គ្នា យ៉ាងម៉េចទៅ... ប៉ុន្តែអាខំវាមានពីខំមួយល្អ...»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រេចបង្កើតក្រុមការងារដើម្បីរៀបចំបេក្ខជនតំណាងរាស្ត្រល្អឆ្នាំ២០១៨ នៅតាមខេត្តរួចរាល់ហើយ។
ទីប្រឹក្សាសិទ្ធិមនុស្ស និងអភិបាលកិច្ចឯករាជ្យ លោក សួន ប៊ុនស័ក្ដិ គិតថាជាចំណុចល្អសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចង់ផ្ដួចផ្ដើមគំនិតអភិវឌ្ឍន៍ភូមិឃុំគំរូ។ លោកយល់ថា គំនិតផ្ដួចផ្ដើមនេះនឹងទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សា និងមេឃុំ ដោយសារតែថ្នាក់ដឹកនាំឃុំម្នាក់ៗសុទ្ធតែចង់បានការគាំទ្រពីពលរដ្ឋ។ ចំណែកយុទ្ធសាស្ត្រជ្រើសរើសតំណាងរាស្ត្រល្អវិញ អ្នកប្រឹក្សាសិទ្ធិមនុស្ស និងអភិបាលកិច្ចឯករាជ្យ លោក សួន ប៊ុនស័ក្ដិ មើលឃើញថា បើលោកបណ្ឌិត យ៉ង សាំងកុមារ អាចរកបានបេក្ខជនតំណាងរាស្ត្រល្អពិតប្រាកដ នោះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចចាត់ទុកថាឈ្នះមួយដំណាក់កាលរួចទៅហើយ៖ «ខ្ញុំផ្ទាល់ខ្លួនក្នុងឋានៈជាអ្នកតាមដានហ្នឹង ខ្ញុំគាំទ្ររបៀបដែលគាត់ធ្វើហ្នឹង ព្រោះថាប្រសិនបើគាត់មានបេក្ខជនណាមួយដែលទទួលបានការជ្រើសតាំងក្នុងក្របខ័ណ្ឌបក្សរួចទៅហើយ សឹងតែថាគាត់ឈ្នះមួយហើយ មួយដំណាក់កាលដំបូងហើយ»។
កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់បេក្ខជនឈរឈ្មោះនៅឃុំ-សង្កាត់ចំនួន២៧ ក្នុងខេត្តចំនួន៩។ លទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនបានឈ្នះជាមេឃុំ ឬចៅសង្កាត់នោះទេ ប៉ុន្តែទទួលបានតួនាទីជាសមាជិកក្រុមប្រឹក្សាចំនួន ៣ឃុំ មាន ៥អាសនៈ។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បញ្ជាក់ថា បើទោះជាមេឃុំ ឬក្រុមប្រឹក្សាឃុំមកពីគណបក្សផ្សេងមិនគាំទ្រគោលនយោបាយអភិវឌ្ឍន៍ភូមិឃុំល្អរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ដោយ សមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែអាចមានឱកាសអភិវឌ្ឍផ្នែកខ្លះនៃឃុំតាមលទ្ធភាព ដោយមិនពឹងផ្អែកទាំងស្រុងទៅលើតែមេឃុំនោះទេ៕