Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាលា​រាជធានី​និង​ក្រសួង​បរិស្ថាន​បកស្រាយ​ខុស​គ្នា​រឿង​បង្ហូរ​ទឹក​លូ​ចូល​ទន្លេ

$
0
0

ទោះ​ជា​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​ពលរដ្ឋ និង​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ពី​ការ​បង្ហូរ​ទឹក​លូ ដែល​ជា​កាក​សំណល់​ទីក្រុង ចូល​ក្នុង​ទន្លេ​ចតុមុខ ពិសេស​ទន្លេ​បាសាក់​តូច​នោះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​ថា នេះ​គ្រាន់​តែ​ជា​ទឹក​សាច​ចូល​ទន្លេ​ប៉ុណ្ណោះ​នៅ​ពេល​ស្ដារ​លូ មិន​មែន​ជា​ការ​បើក​បង្ហូរ​​ទឹក​លូ​ឡើយ។

ការ​ឆ្លើយ​តប​នេះ ផ្ទុយ​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​បរិស្ថាន ដែល​ថា ការ​បើក​ទ្វារ​ទឹក​លូ​ជា​ជម្រើស​ចុង​ក្រោយ​ក្នុង​ការ​ស្តារ​លូ ព្រោះ​លូ​បច្ចុប្បន្ន​មាន​មុខ​កាត់​តូច និង​កក​ស្ទះ​ដោយ​កំហាប់​ដី​ស្ទើរ​តែ​ជិត​មុខ​លូ ដូច្នេះ​ការ​បើក​បង្ហូរ​ទឹក​ចេញ ជា​ការ​ទុកចន្លោះ​សម្រាប់​អ្នក​បច្ចេកទេស បូម​យក​កាកសំណល់​ដែល​កក​ស្ទះ​ចេញ។

មិន​ថា​ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ សូម្បីតែ​ពលរដ្ឋ​ទូទៅ​តែង​មក​លំហែ​កម្សាន្ត ហាត់ប្រាណ តាម​ប្រតាយ​មាត់​ទន្លេ ពិសេស​ម្ដុំ​បរិវេណ​ព្រះបរមរាជវាំង។ ការ​សម្រាក​លំហែ​កាយ បាន​ប្ដូរ​អារម្មណ៍​អ្នក​ដំណើរ​ទាំង​នោះ​វិញ នៅ​ពេល​ពួកគេ​ស្រូប​យក​ក្លិនស្អុយ​នៃ​ការ​បោះ​សំរាម ឬ​ការ​បន្ទោបង់​ពាសវាលពាសកាល ពិសេស​គឺ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ទន្លេ។

យុវជន​ម្នាក់​ដែល​តែង​មក​កម្សាន្ត​នៅ​ម្តុំ​មាត់​ទន្លេ​ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​អារម្មណ៍​តានតឹង បាន​អោយ​អាស៊ីសេរី ដឹង​ថា ជានិច្ចកាល ពេល​លោក​មក​អង្គុយលេង​តែង​មាន​ក្លិនស្អុយ​ជា​ប្រចាំ ពិសេស​នៅ​កន្លែង​ក្បែរ​មាត់​លូ​ជាដើម។ លោក​ថា ទាំង​ក្លិន និង​ទឹក​លូ​ដែល​ហូរ​ចូល​ទន្លេ​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស៖ «»។

អាជីវករ​លក់​ភេសជ្ជៈ​នៅ​ម្តុំ​វត្ត​ឧណ្ណាលោម ស្នើ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​អះអាង​ប្រាប់​អាស៊ីសេរី​ថា លោក​តែង​ឃើញ​ទឹក​ស្អុយ​ហូរ​ចូល​ទន្លេ​ជា​ប្រចាំ វា​មាន​ក្លិន​មិន​ល្អ ដែល​ប៉ះពាល់​ដល់​សុខភាព ជាង​នេះ​ទៅ​ទៀត គឺ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា។ បុរស​វ័យ​ជា ៤០​ឆ្នាំ​រូប​នេះ បាន​អោយ​ដឹង​ទៀត​ថា លោក​តែងតែ​លឺ​ពាក្យ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​បរទេស។ គាត់​ថា ពេល​ខ្លះ​គាត់​ឃើញ​ជនបរទេស​ទាំង​នោះ​ដើរ​បិទ​ច្រមុះ​ទៀត​ផង។

ទឹក​លូ​បង្ហូរ​ចូល​ទន្លេង​មុខ​វាំង ៨៥៥ ២០១៧
ទឹក​លូ​ដែល​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ក្នុង​ទន្លេ​ខាង​មុខ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Ou Banung RFA/Ou Banung

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​តៗ​គ្នា និង​ការ​ចែក​រំលែក​រូបភាព ៣​សន្លឹក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ពី​អ្នក​ប្រើប្រាស់​ជា​ច្រើន​នាក់ អំពី​ការ​បង្ហូរ​ទឹក​ស្អុយ ឬ​ទឹក​កខ្វក់​ចូល​ទន្លេ​ក្បែរ​វត្ត​ឧណ្ណាលោម និង​នៅ​មុខ​ក្រសួង​បរិស្ថាន​នោះ មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​អះអាង​អោយ​អាស៊ីសេរី ដឹង​ថា សាលា​រាជធានី​ភ្នំពេញ មិន​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​ប្រើប្រាស់​កើន​ឡើង ដូច្នេះ​លូ​មាន​ការ​កកស្ទះ ហើយ​ដើម្បី​បូម​បាន មន្ត្រី​មន្ទីរ​សាធារណការ​ក្រុង ត្រូវ​បាញ់​ទឹក​ចូល​ក្នុង​លូ ដូច្នេះ​ហើយ​ទើប​មាន​ទឹក​សាច​ចេញ​តាម​បំពង់​លូ​ហូរ​ចូល​ទន្លេ៖ «»។

ផ្ទុយ​ពី​ការ​ឆ្លើយ​តប​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន លោក ហេង ណារ៉េត បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ថា ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ និង​សំណង់​ជា​ច្រើន ដូច្នេះ​កាក​សំណល់​ទាំង​រឹង និង​រាវ ក៏​មាន​ការ​កើន​ឡើង​ដែរ។ លោក​បន្ត​ថា ប្រព័ន្ធ​លូ​ចាស់​នៅ​ម្តុំ​ផ្លូវ​សុធារស ដែល​ហូរ​ទៅ​ផ្លូវ​ព្រះ​នរោត្តម មាន​មុខ​កាត់ ៨​តឹក នោះ​មាន​កំណក​ដី​ជាង ៨០​ភាគរយ ដូច្នេះ​វា​បណ្ដាល​អោយ​មាន​ការ​កកស្ទះ​ចូល​ផ្ទះ​ប្រជាជន និង​ស្ថាប័ន​មួយ​ចំនួន​នៅ​តំបន់​នោះ។ ជា​ដំណោះស្រាយ​ចំពោះ​មុខ គឺ​ត្រូវ​ស្តារ​លូ​នោះ​ចេញ ហើយ​ដើម្បី​ស្តារ​លូ​នោះ ខាង​សាលា​រាជធានី​ភ្នំពេញ ដែល​ទទួល​បន្ទុក​ផ្ទាល់​ត្រូវ​បើក​បង្ហូរ​ទឹក​លូ​ចេញ​ខ្លះ ដើម្បី​អាច​បូម​កាក​សំណល់​ដី​បាន។ លោក​ថា នេះ​ជា​ដំណោះស្រាយ​ចុង​ក្រោយ បើ​ទោះ​ជា​ការ​បង្ហូ​ទឹក​លូ​នេះ វា​ជៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ក៏ដោយ។

មន្ត្រី​បរិស្ថាន​រូប​នេះ​បញ្ជាក់​ទៀត​ថា គម្រោង​នៃ​ការ​ស្តារ​លូ​នេះ គ្រោង​ធ្វើ​រយៈពេល​មួយ​ខែ ដូច្នេះ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ​នេះ អាច​នឹង​បន្ត​រហូតដល់​អ្នក​ជំនាញ​អាច​បូម​កាកសំណល់​ក្នុង​លូ​បាន៖ «»។

លោក ហេង ណារ៉េត មន្ត្រី​ក្រសួង​បរិស្ថាន បាន​អោយ​ដឹង​ទៀត​ថា អាង​ស្តុក​ទឹក​នៅ​ម្តុំ​មាត់​ទន្លេ គឺ​ជា​អាង​ស្តុក​ទឹក​ស្អុយ មិន​មែន​ជា​អាង​ចម្រោះ​ទឹក​​នោះ​ទេ។ អាង​នោះ​ពី​សម័យ​មុខ​ទសវត្ស​ឆ្នាំ​១៩៩០ គឺ​សម្រាប់​ស្តុក​ទឹក​ភ្លៀង តែ​ដោយសារ​បច្ចុប្បន្ន​ប្រជាជន​កើន​ឡើង អាង​ស្តុក​ទឹក​ភ្លៀង​នេះ​ត្រូវ​បាន​ក្លែង​ជា​អាង​ស្តុក​ទឹក​ស្អុយ ដែល​ជា​កាកសំណល់​រាវ​ចេញ​ពី​ផ្ទះ​ប្រជាជន ដូចជា​ទឹក​លូ​ជាដើម។ ដូច្នេះ​អាង​នេះ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ស្តុក​ទឹក​ស្អុយ ដើម្បី​បង្វិល​ទឹក​ទាំង​នោះ​ទៅ​ចាក់​តាម​បឹង​វិញ ដូចជា​បឹង​ជើងឯក និង​បឹង​ត្របែក ជាដើម។ មន្ត្រី​ជំនាញ​ខាង​បរិស្ថាន រូប​នេះ​បាន​បន្ត​ថា គម្រោង​នេះ​បាន​ជំនួយ​មក​ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​អង្គការ​ចៃកា (JICA)។

ក្រសួង​បរិស្ថាន បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ក្រោយ​មើល​ឃើញ​ថា មាន​ការ​បង្ហូរ​ទឹក​លូ​ចូល​ទន្លេ​សា​ជា​ថ្មី បន្ទាប់​ពី​ក្រសួង​នេះ​ធ្លាប់​បាន​ស្នើ​សាលា​រាជធានី​ភ្នំពេញ អោយ​បិទ​ការ​បង្ហូរ​ទឹក​កខ្វក់​កាល​ពី​ដើម​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles