
អ្នកភូមិនៃឃុំពេជចង្វារ និងឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ស្នើឲ្យអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ប្រញាប់ចុះវាស់វែងកំណត់ព្រំប្រទល់ដីព្រៃសហគមន៍ ដើម្បីកុំឲ្យពលរដ្ឋ ឬអ្នកមានលុយ និងមានអំណាច ឆ្លៀតចូលកាន់កាប់បន្ថែម ដែលធ្វើឲ្យមានបញ្ហាកាន់តែស្មុគស្មាញ។ មន្ត្រីជំនាញយល់ស្របនឹងការស្នើសុំរបស់តំណាងពលរដ្ឋ ហើយថានឹងចុះវាស់វែងក្នុងពេលឆាប់ៗ។
តំណាងពលរដ្ឋដែលចិញ្ចឹមចិត្តចង់បង្កើតសហគមន៍ព្រៃឈើឈ្មោះ «ពេជចង្វារធីតាល្អឆើត» តាំងពីជាង ១០ឆ្នាំមុននោះ ថ្លែងទាំងក្ដីសង្ឃឹមថា សហគមន៍នឹងចេញជារូបរាង ហើយទទួលស្គាល់ជាផ្លូវការដោយក្រសួងកសិកម្ម បើតំណាងពលរដ្ឋ អាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចុះវាស់វែងធ្វើបច្ចុប្បន្នភាពផ្ទៃដីជាថ្មីនោះ។ សហគមន៍ប៉ាន់ស្មានថា ផ្ទៃដីព្រៃអាចនៅសល់ប្រមាណ ៤០០ហិកតារ។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោម ៧នាក់ដែលចេញមុខទាមទារដីបង្កើតសហគមន៍ លោកស្រី យិន ប៉ិច មានប្រសាសន៍ថា កាលពីថ្ងៃទី៩ ខែឧសភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង និងមន្ត្រីផ្សេងទៀត បានសន្យាជាមួយតំណាងពលរដ្ឋ ថានឹងចុះវាស់វែងកំណត់ព្រំប្រទល់នៅក្រោយថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តែមកដល់ពេលនេះមិនទាន់ឃើញ ទើបធ្វើឲ្យពួកគេទន្ទឹងរង់ចាំ។
លោកស្រី យិន ប៉ិច ជឿថា នៅពេលចុះវាស់វែងកំណត់ព្រំជាក់ស្ដែងនឹងមានបញ្ហាខ្លះ តែសហគមន៍នឹងដោះស្រាយបញ្ហាទាំងនេះដោយសន្តិវិធី គឺមិនបង្កើតសហគមន៍ធ្វើឲ្យកើតរឿងនោះទេ៖ «អ្វីដែលដាក់ពាក្យបន្តបន្ទាប់ធ្វើឲ្យពន្យារពេលហ្នឹង ប៉ះពាល់ដល់មតិរបស់ពលរដ្ឋខ្លះ ក៏ដូចជាយើងមើលឃើញថា ការពន្យារហ្នឹងធ្វើឲ្យបាត់បង់ព្រៃឈើកាន់តែច្រើនឡើង។ និយាយទៅ ដីហ្នឹងដីមានព្រៃ បើសិនបង្កើតបានទៅ យើងការពារទៅព្រៃហ្នឹងកាន់តែចូលអត់ចុះ»។
ទាក់ទងនឹងការបង្កើតព្រៃសហគមន៍នេះ អាជ្ញាធរស្រុកបរិបូរណ៍ និងឃុំពេជចង្វារ ផ្ទៃដីព្រៃដែលនៅសេសសល់តិចតួចពីក្រុមនិស្សិតចុះវាស់វែងជូនពលរដ្ឋកាលពីឆ្នាំ២០១២ ត្រូវបានអ្នកភូមិជាច្រើនចូលទៅទន្ទ្រានកាន់កាប់ស្ទើរអស់ ឬដូចរណ្ដៅបាយខុំទៅហើយ។ ដូច្នេះការបង្កើតសហគមន៍ព្រៃឈើលើតំបន់ដែលមានព្រៃតិច ហើយពលរដ្ឋកំពុងកាន់កាប់នោះ អាចនឹងមានបញ្ហាចម្រូងចម្រាស។
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ថ្លែងថា មន្ត្រីជំនាញនឹងចុះវាស់វែងកំណត់ព្រំប្រទល់ដីព្រៃសហគមន៍ដែលនៅសេសសល់នៅចុងខែមិថុនា នេះ ឬនៅក្នុងសប្ដាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០១៧។ លោកយល់ស្របតាមការលើកឡើងរបស់តំណាងពលរដ្ឋដែលថា បើពន្យារពេលក្នុងការវាស់វែងកំណត់ព្រំប្រទល់ទៀត អាចនឹងមានបញ្ហាកាន់តែច្រើន៖ «ការពិតគាត់បានមកជួបនឹងរដ្ឋបាលព្រៃឈើ ជួបទាំងខ្ញុំ ហើយខ្ញុំមានគម្រោងចុះទៅពេលបោះឆ្នោតហើយ តែអត់ទាន់មានពេលទំនេរ។ អ៊ីចឹងនៅសប្ដាហ៍ក្រោយអាចនឹងចុះហើយ ចុះទៅធ្វើការហើយ ព្រោះពាក់ព័ន្ធនឹងដីមានទំនាស់»។
តំណាងពលរដ្ឋ លោកស្រី យិន ប៉ិច ថានៅមុនឆ្នាំ២០១២ ពលរដ្ឋ ៦ភូមិក្នុងឃុំពេជចង្វារ និង ១ភូមិទៀតនៅឃុំអញ្ចាញរូង បានប្រមូលស្នាមមេដៃជាង ៦០០គ្រួសារ ដាក់ជូនអាជ្ញាធរពាក់ព័ន្ធ ស្នើសុំកាត់ទុកដីព្រៃជិត ២ពាន់ហិកតារ (១.៨០៨ហិកតារ) ឋិតនៅឃុំពេជចង្វារ សម្រាប់ប្រើប្រាស់ជាសមូហភាព ប៉ុន្តែសំណើនេះមិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយទេ៕