
បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ វាយតម្លៃលើការបោះឆ្នោតអាណត្តិទី៤ ទាំងមូល ចាប់តាំងពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ការប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញថា មានការចាត់ចែងប្រសើរជាងមុន ប៉ុន្តែនៅតែខ្វះយុត្តិធម៌ និងមានការរឹតត្បិតសេរីភាពបញ្ចេញមតិ។
ក្រុមអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍បោះឆ្នោតវាយតម្លៃថា ស្ថានភាពមិនប្រក្រតីកើតមានទាំងនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ថ្ងៃ "ស" ដែលជាថ្ងៃហាមឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយសូម្បីតែការប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញក៏មានស្តង់ដារពីរដែរ។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា បានបង្ហាញរបាយការណ៍រកឃើញភាពមិនប្រក្រតីពេលឃោសនាបោះឆ្នោត (ថ្ងៃទី២០ ឧសភា ដល់២ មិថុនា) ថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីតុលាការ មេភូមិ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពឃោសនាឲ្យបក្សនយោបាយ មានការបង្កការភ័យខ្លាច គំរាមកំហែង ឬការប្រើអំពើហិង្សាពេលឃោសនា ករណីខ្លះមានជនពាក់ឯកសណ្ឋានជាកងកម្លាំងប្រដាប់អាវុធចូលរួមឃោសនាឲ្យបក្សនយោបាយ មានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេភូមិ ទៅគំរាមកំហែង បំភិតបំភ័យ ឬលំអៀងក្នុងការអនុវត្តតួនាទីនៅពេលឃោសនាបោះឆ្នោត មានការហាមឃាត់កិច្ចប្រជុំរបស់បេក្ខជន ឬគណបក្សនយោបាយ ហើយក៏នៅតែមានការយកយានជំនិះរដ្ឋ ប្រើប្រាស់ធនធានរដ្ឋ ទៅឃោសនាឲ្យបក្ស និងការរើសអើងកន្លែងសាធារណៈឲ្យបក្សនយោបាយឃោសនា៖
«មានសកម្មភាពផ្ដល់អំណោយ ជូនជាសគុណ ឬក៏សម្ភារៈ ឬក៏រង្វាន់លើកទឹកចិត្ត ការរៀបចំពិធីជប់លៀង ការផ្ដល់សេវាផ្សេងៗដោយឥតគិតថ្លៃជូនអ្នកបោះឆ្នោត យើងរកឃើញមាន ១២៥ករណី។ ប៉ុន្តែករណីទាំងអស់ហ្នឹងពិបាកនឹងវាយតម្លៃជាករណីទិញទឹកចិត្តអ្នកបោះឆ្នោត ឬក៏យ៉ាងណា? បើពិនិត្យមើលនៅមុនការឃោសនាបោះឆ្នោត យើងឃើញថា ករណីហ្នឹងកើតឡើងជាប្រព័ន្ធ ទាំងគណបក្សកាន់អំណាច និងគណបក្សមិនកាន់អំណាច គាត់បានធ្វើសកម្មភាពហ្នឹង គឺការចែកជាអំណោយ ឬក៏សម្ភារៈជូនអ្នកបោះឆ្នោត»។
ចំណែកនៅថ្ងៃសវិញ ភាពមិនប្រក្រតីកើតមាន ៦ករណី មានការធ្វើសកម្មភាពឃោសនាថ្ងៃសបរិយាកាសក្នុងភូមិជុំវិញការិយាល័យគ្មានសុវត្ថិភាព និងបញ្ហាសម្ភារៈ ឯកសារបោះឆ្នោតខ្លះមិនទាន់បញ្ជូនដល់ការិយាល័យ។ ភាពមិនប្រក្រតីពេលបោះឆ្នោតវិញ មានឧបសគ្គចំពោះអ្នកបោះឆ្នោតនៅតាមការិយាល័យ មានការបាត់ភាពសម្ងាត់នៃការបោះឆ្នោតដោយសារជញ្ជាំងការិយាល័យរហែក ការិយាល័យបោះឆ្នោតនៅក្រោយផ្ទះពលរដ្ឋជាដើម។ ករណីខ្លះទៀត គឺជាការបដិសេធមិនឲ្យអ្នកសង្កេតការណ៍ ឬភ្នាក់ងារគណបក្សនយោបាយចូលសង្កេតក្នុងការិយាល័យបោះ និងរាប់សន្លឹកឆ្នោត។
ក្នុងដំណើរការរាប់សន្លឹកឆ្នោតវិញ មន្ត្រី គ.ជ.ប បានទទួលស្គាល់សន្លឹកឆ្នោតមិនបានការ ដោយគ្មានការត្រួតពិនិត្យពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ការមិនឲ្យថតការរាប់សន្លឹកឆ្នោត រាប់សន្លឹកឆ្នោតដោយអានញាប់ពេក មិនបានបង្ហាញគំនូសច្បាស់ ឬបិទទ្វាររាប់សន្លឹកឆ្នោតជាដើម។ ជាងនេះទៅទៀត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬហៅថា ទម្រង់ ១១០២ មន្ត្រីរាប់សន្លឹកឆ្នោតបានបំពេញមិនត្រូវ ឬកត់ត្រាមិនត្រឹមត្រូវជាដើម។ បើទោះជាបន្ទប់ស្ថានការណ៍បោះឆ្នោតចាត់ទុកថា ភាពមិនប្រក្រតីទាំងនេះ មិនប៉ះពាល់ដល់លទ្ធផលឆ្នោតឆ្នាំ២០១៧ ក៏ដោយ ប៉ុន្តែបន្ទប់ស្ថានការណ៍បោះឆ្នោតនឹងផ្ញើភាពមិនប្រក្រតីដែលរកឃើញទៅឲ្យ គ.ជ.ប ដើម្បីកែតម្រូវសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និកហ្វិច (NICFEC) លោក សំ គន្ធាមី មើលឃើញមានភាពមិនប្រក្រតីច្រើននៅពេលឃោសនាបោះឆ្នោត ដូចជាការប្រើប្រាស់ធនធានរដ្ឋសម្រាប់ជាមធ្យោបាយឃោសនា បម្រាម គ.ជ.ប ចំពោះប្រព័ន្ធផ្សព្វផ្សាយឲ្យជួលម៉ោងផ្សាយស្មើភាពគ្នា ត្រូវបានបំពាន៖ «ក្នុងអំឡុងពេលឃោសនា ពីថ្ងៃទី២០ ខែ៥ ទៅដល់ថ្ងៃទី២ ខែ៦ យើងឃើញនៅក្នុងរបាយការណ៍ដែលយើងទទួលបានពីអ្នកសង្កេតការណ៍ទាំងអស់ហ្នឹង គឺការប្រើប្រាស់ធនធានរដ្ឋ។ នេះគឺជាបញ្ហាមួយដែលយើងគួរចាប់អារម្មណ៍ខ្លាំងបំផុត មិនអាចយកស្លាកឡានរដ្ឋទៅដោះស្លាកលេខចេញ ឬក៏ប្រើស្លាកលេខយកទៅឃោសនាបម្រើគណបក្ស»។
បន្ទប់ស្ថានការណ៍បោះឆ្នោត ក៏បានសិក្សាសំណាកគំរូ ៩ឃុំ នៅខេត្តក្រុងចំនួន ៣ ដើម្បីវាយតម្លៃអំពីខ្ទង់ចំណាយរបស់គណបក្សនយោបាយ។ ការសិក្សា និងសង្កេតរបស់សង្គមស៊ីវិលរកឃើញថា គណបក្សកាន់អំណាចបានប្រើប្រាស់ថវិកាសម្រាប់ឃោសនាបោះឆ្នោតនៅថ្នាក់ឃុំចំនួន ២៤,៧លាន (២៤.៧០០.០០០) ដុល្លារអាមេរិក ខណៈបក្សប្រឆាំងបានប្រើថវិកានៅថ្នាក់ឃុំដូចគ្នាចំនួន ៥,៦លាន (៥.៦០០.០០០) ដុល្លារ។ ថវិកាទាំងនោះបក្សកាន់អំណាចបានមកពីសមាជិកថ្នាក់ខេត្តរាជធានីរបស់ខ្លួន ឯបក្សប្រឆាំងបានមកពីសមាជិកបក្ស និងអ្នកគាំទ្រ។
មន្ត្រីផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា បើទោះជាបរិយាកាសមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតមានរូបភាពគំរាមកំហែង ដូចជាព្រមានពីសង្គ្រាមបើចាញ់ឆ្នោត ឬបង្ហាញវត្តមានកងកម្លាំងដ៏ច្រើននៅថ្ងៃបោះឆ្នោត តែពលរដ្ឋមិនបានខ្លាចដូចកាលមុនៗនោះទេ៖ «អ្នកនយោបាយ ឬក៏មន្ត្រីជាន់ខ្ពស់មួយចំនួន គាត់លើកឡើងពីបដិវត្តន៍ពណ៌ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋ ជូនកាលជាការសម្ដែងមតិជាការជួបជុំប្រមូលផ្ដុំក្នុងបញ្ចេញមតិ ឬក៏ការតវ៉ាដោយសន្តិវិធី តែត្រូវរងនូវការចោទប្រកាន់អាចថា ជាបដិវត្តន៍ពណ៌។ បរិយាកាសនយោបាយមួយដែលធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត ដែលយើងត្រូវពិចារណា»។
អ្នកនាំពាក្យរបស់ស្ថាប័ន គ.ជ.ប ធ្លាប់បញ្ជាក់ថា គ្មានការបោះឆ្នោតណាដែលល្អឥតខ្ចោះនោះទេ។ តែ គ.ជ.ប ស្វាគមន៍រាល់អនុសាសន៍ទាំងឡាយ។
តំណាងបន្ទប់ស្ថានការណ៍បោះឆ្នោត និងជាប្រធានអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បញ្ជាក់ថា តាមច្បាប់បោះឆ្នោតឃុំ-សង្កាត់ គ.ជ.ប មិនមានសិទ្ធិស្នើបង្ហាញរបាយការណ៍ចំណូលចំណាយរបស់គណបក្សនយោបាយ ប៉ុន្តែសម្រាប់ការបោះឆ្នោតនៅថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រ គ.ជ.ប មានសិទ្ធិស្នើឲ្យបក្សនយោបាយបង្ហាញខ្ទង់ចំណូលចំណាយរបស់បក្សបាន ដូច្នេះសង្គមស៊ីវិលស្នើ គ.ជ.ប បើកចំហព័ត៌មានហិរញ្ញវត្ថុរបស់គណបក្សនយោបាយសម្រាប់ការប្រើប្រាស់នៅពេលបោះឆ្នោតឆ្នាំ២០១៨៕