Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋមន្ត្រី៖ តួលេខ​ស្ត្រី​ធ្វើ​ការ​នៅ​ក្រសួង​ការងារ​នៅ​តែ​មាន​ចំនួន​តិច

$
0
0

មន្ត្រី​រាជការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ថ្ងៃ​ទី​៨ មីនា ខួប​លើ​ទី​១០៦ ក្រោម​ប្រធានបទ​ថា "ស្ត្រី​ដើម្បី​សុខ​សន្តិភាព និង​វឌ្ឍនភាព"។ ក្នុង​ទិវា​ខួប​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​បញ្ជ្រាប​យេនឌ័រ បង្ហាញ​តួលេខ​ថា ស្ត្រី​ក្នុង​ក្រសួង​ការងារ​នេះ នៅ​តែ​មាន​ចំនួន​តិច។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ថា តួលេខ​ស្ត្រី​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចំនួន ២៣% ជា​តួលេខ​ទាប ដែល​នឹង​ត្រូវ​បង្កើន​ថែម​ទៀត៖ «»។

ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី គឺ​យោង​តាម​តួលេខ​បង្ហាញ​ដោយ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺ​អ្នកស្រី ទុង សុភាព ដែល​ប្រៀបធៀប​នឹង​ចំនួន​មន្ត្រី​រាជការ​សរុប​ក្នុង​ក្រសួង​នេះ​ជាង ៤​ពាន់​នាក់ មាន​ស្ត្រី​ចំនួន​ជាង ៩០០​នាក់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​តួលេខ​កើន​ជាង​ឆ្នាំ​មុន ០,៥៥%។

អ្នកស្រី​បន្ត​ថា ក្រសួង​ការងារ​មាន​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤ ដល់​២០១៨ ផ្ដោត​លើ​វិស័យ​បណ្ដុះបណ្ដាល​ការងារ និង​វិជ្ជាជីវៈ ដល់​ស្ត្រី ហើយ​បញ្ចូល​ស្ត្រី​ជា​អ្នក​ដឹកនាំ​ទៅ​ក្នុង​ក្រុម​អ្នក​ធ្វើ​សេចក្ដី​សម្រេច​កិច្ចការ​ផ្សេងៗ៖ «រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​ការងារ​បាន​បញ្ចូល​ស្ត្រី​ទៅ​ក្នុង​ក្រុម​អ្នក​ធ្វើ​សេចក្ដី​សម្រេច​កិច្ចការ​ផ្សេងៗ​ចំនួន ៧៨​នាក់ ដែល​ស្មើ​នឹង ៨,៣២% នៃ​ចំនួន​សរុប​នៃ​មន្ត្រី​រាជការ​ជា​ស្ត្រី។ ក្នុង​នោះ​មាន​ថ្នាក់​រដ្ឋលេខាធិការ​ចំនួន ២​រូប ថ្នាក់​អនុរដ្ឋលេខាធិការ ឬ​ថ្នាក់​ស្មើ​ចំនួន ២​រូប។ អគ្គនាយក និង​ថ្នាក់​ស្មើ​ចំនួន ៣​រូប។ អគ្គនាយក​រង និង​ថ្នាក់​ស្មើ​ចំនួន ៧​រូប ប្រធាន​នាយកដ្ឋាន និង​ថ្នាក់​ស្មើ​ចំនួន ៨​រូប អនុ​ប្រធាន និង​ថ្នាក់​ស្មើ​ចំនួន ៤០​រូប អនុ​ប្រធាន​មន្ទីរ​ចំនួន ៩​រូប នាយក​វិទ្យាស្ថាន​ចំនួន ២​រូប នាយក​រង​វិទ្យាស្ថាន​ចំនួន ៨​រូប»

ក្រៅ​ពី​ការ​បណ្ដុះបណ្ដាល​វិស័យ​ផ្សេងៗ ក៏​មាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ស្ត្រី​ជា​អ្នក​ដឹកនាំ​ថ្នាក់​រដ្ឋលេខាធិការ និង​អនុ​រដ្ឋលេខាធិការ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ដែរ។

រីឯ​នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា និង​ជា​អគ្គលេខាធិការដ្ឋាន​នៃ​បណ្ដាញ​យេនឌ័រ និង​អភិវឌ្ឍន៍ អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​ចំណោម​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​តែ​មាន​កម្រិត​ទាប។

ទាក់ទង​នឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​គ្រប​ដណ្ដប់​កម្មករ​ប្រមាណ ៧០​ម៉ឺន​នាក់ អ្នកស្រី​យល់​ថា ក្រសួង​គួរ​បង្កើន​ចំនួន​តួនាទី​ស្ត្រី​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ជិត​ប្រហាក់​ប្រហែល​នឹង​បុរស៖ «»។

ទាក់ទង​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ចំពោះ​ស្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​ថា ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​អនុវត្ត​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ រ៉ាប់រង​សុខភាព ជា​ពិសេស​ពេល​សម្រាល​កូន និង​ការ​ចូល​និវត្តន៍​ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ និង​ឯកជន ក្រោម​ប្រព័ន្ធ​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ​ហៅ​កាត់​ថា ប.ស.ស៖ «»។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី រស់ សុភាព ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​លើក​កម្ពស់​យេនឌ័រ ឲ្យ​ស្មើ​ភាព​គ្មាន​រវាង​ស្ត្រី និង​បុរស ផ្ដល់​យោបល់​ថា ក្រសួង និង​ស្ថាប័ន​សាធារណៈ​គួរ​តែ​បង្កើន​ល្បឿន​នៃ​ការ​បង្កើន​តួនាទី​ស្ត្រី ដើម្បី​ឲ្យ​ស្រប​តាម​គោល​ដៅ​អភិវឌ្ឍន៍​សកល​ដោយ​ភាព​និរន្តរភាព ដែល​កំណត់​ភាព​ស្មើ​គ្នា ៥០%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles