Quantcast
Viewing all articles
Browse latest Browse all 11174

លោក គឹម សុខ៖ តុលាការ​អនុវត្ត​ច្បាប់​តាម​ការ​កំណត់​ពី​មនុស្ស​ព្រៃ​ដែល​មាន​អំណាច

Image may be NSFW.
Clik here to view.

តុលាការ​កំពូល​សម្រេច​ច្រាន​ចោល​បណ្ដឹង​សាទុក្ខ​របស់​មេធាវី លោក ជូង ជូងី ដែល​ប្ដឹង​ប្រឆាំង​នឹង​សាលដីកា​សាលឧទ្ធរណ៍ និង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​រឿង​ឃុំ​ខ្លួន​លោក គឹម សុខ ថា ខុស​នីតិវិធី។ លោក គឹម សុខ ថា សេចក្ដី​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក។

ខណៈ​ឆ្នាំ​ពន្ធនាគារ​នាំ​ខ្លួន​ចូល​រថយន្ត​ដឹក​យក​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស វិញ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម លោក គឹម សុខ ថា ​សាលដីកា​របស់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ជា​ការ​អនុវត្ត​ច្បាប់​តាម​ការ​កំណត់​ពី​មនុស្ស​ព្រៃ​ដែល​មាន​អំណាច។ លោក គឹម សុខ បន្ត​ថា គ្មាន​យុត្តិធម៌​ទេ​សម្រាប់​រូប​លោក ព្រោះ​ចៅក្រម​មិន​ចេះ​ច្បាប់ និង​មិន​ចេះ​គណិតវិទ្យា។

ការ​ថ្លែង​បែប​នេះ គឺ​បន្ទាប់ពី​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ឃឹម ប៉ុណ្ណ ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ ​និង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ ហើយ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ដែល​មាន​ចែង​ក្នុង​ក្រម​នីតិ​ព្រហ្មទណ្ឌ ​ត្រង់​មាត្រា​២០៣ និង​២០៥។ មូលហេតុ​បី​យ៉ាង ក្នុង​មាត្រា​២០៥ ​ដែល​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ ​លើក​យក​មក​សំអាង​ដើម្បី​សម្រេច​ឃុំ​ខ្លួន លោក គឹម សុខ​ នោះ​គឺ​ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើត​ជា​ថ្មី ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី ហើយ​និង​ដើម្បី​ធានា​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​កុំ​ឲ្យ​មាន​ការ​ច្របូកច្របល់​ ដែល​បណ្ដាល​មក​ពី​បទ​ល្មើស។

សំអាង​ហេតុ​ទាំង​បី​នេះ លោក​មេធាវី​ ជូង ជូងី ថា ធ្វើ​ឡើង​ហាក់​ដូច​ជា​កូន​ក្ដី​លោក​មានទោស​លើស​ពី ១​ឆ្នាំ​រួច​ជា​ស្រេច។ មេធាវី​រូប​នេះ​ថា​ ក្រោយ​ពី​លោក គឹម សុខ​ និយាយ​ជាមួយ​វិទ្យុ​អាស៊ីសេរី គ្មាន​ឃើញ​ភាព​ចលាចល​ណា​មួយ​កើត​ឡើង​ដោយសារ​តែ​ការ​និយាយ​របស់​លោក គឹម សុខ ​នោះ​ទេ៖ «ខ្ញុំ​អត់​មាន​រំពឹង​ពិចារណា​ពី​រឿង​រំពឹង ឬ​ក៏​លទ្ធផល​ ឬ​សង្ឃឹម​អី​ទេ។ ខ្ញុំ​ពិចារណា​លើ​សិទ្ធិ​របស់​កូន​ក្ដី​ខ្ញុំ អាច​ធ្វើ​យ៉ាង​បាន ខ្ញុំ​ទាមទារ​អ៊ីចឹង»

ថ្វីត្បិតតែ​សំណុំ​រឿង​លោក គឹម សុខ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ​ក្ដី ក៏ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​តប​តាម​បណ្ដឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច។ បន្ទាប់​មក​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ជា​ថ្ងៃ​ដែល​លោក​ គឹម សុខ ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ។

ជុំវិញ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី នេះ មិន​មែន​មាន​តែ​លោក គឹម សុខ ម្នាក់​ទេ ​ដែល​ត្រូវ​មាន​ទុក្ខ​ទោស ​ព្រោះ​តែ​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ ក្នុង​នោះ​លោក សម រង្ស៊ី អតីត​មេ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​ ត្រូវ​រស់​នៅ​ដោយ​និរទេស​ខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន ព្រោះ​តែ​និយាយ​ចំ​ចំណុច​រសើប​នេះ។

លោក គឹម សុខ ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ប្ដឹង​ទៅ​តុលាការ ២​សំណុំ​រឿង​ផ្សេង​គ្នា។ បណ្ដឹង​ទី​១ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​អាមេរិក រឿង​លោក គឹម សុខ ថា គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី និង​បណ្ដឹង​ទី​២ លោក ហ៊ុន សែន ទាមទារ ១០​លាន​រៀល រឿង​លោក គឹម សុខ ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​មួយ​ក្នុង​ការ​សម្លាប់​មនុស្ស ក្នុង​នោះ​មាន​លោក​បណ្ឌិត កែម ឡី ផង។

ករណី​លោក គឹម សុខ នេះ​ តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​មួយ​ទៀត ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ នៅ​ថ្ងៃ​ទី​២៨ មិថុនា។ នៅ​ថ្ងៃ​ដដែល​នោះ ក៏​មាន​សវនាការ​មួយ​ទៀត​ដែរ ​លើ​បណ្ដឹង​សាទុក្ខ​ ដែល​លោក ជូង ជូងី ជា​មេធាវី​លោក​ គឹម សុខ ប្ដឹង​ទាមទារ​ឲ្យ​ដើម​បណ្ដឹង គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​ត​ទល់​ជាមួយ​លោក គឹម សុខ ​នៅ​ពេល​បើក​សវនាការ​ជំនុំជម្រះ​លើក​អង្គ​សេចក្ដី​នា​តុលាការ​ក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles