Clik here to view.

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់គ.ជ.ប ថា ស្ថាប័ននេះនឹងមិនប្ដឹងអ្នកចោទគ.ជ.ប ថា ជាស្ថាប័ននៅក្រោមបរទេសនោះទេ បើទោះបីជាក្រសួងមហាផ្ទៃជំរុញឲ្យគ.ជ.ប ដាក់ពាក្យប្ដឹងជុំវិញករណីនេះក៏ដោយ។
ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់គ.ជ.ប លោក ខន កែវមនោ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២០ មិថុនា ថា ការចោទប្រកាន់គ.ជ.បបានបញ្ចប់ហើយ បន្ទាប់ពីទំព័រហ្វេសប៊ុក (Facebook) មួយចំនួនបញ្ឈប់សកម្មភាពទាំងនេះ។
លោកបន្តថា ក្រោយពីគ.ជ.បចេញលិខិតចំហ កាលពីថ្ងៃទី១៣ មិថុនា ស្នើទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ចាត់វិធានការតាមផ្លូវច្បាប់លើបណ្ដាញសង្គមហ្វេសប៊ុក ដូចជា KH Khmer និង Real News ជាដើមមក ទំព័រហ្វេសប៊ុកទាំងនោះលែងធ្វើសកម្មភាពនេះទៀតហើយ។
កាលពីថ្ងៃទី១៨ មិថុនា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជំរុញឲ្យគ.ជ.បដាក់ពាក្យប្ដឹងមកក្រសួងជាមុន ដើម្បីចាត់វិធានការចំពោះអ្នកបង្ហោះព័ត៌មានតាមហ្វេសប៊ុក ដោយចោទគ.ជ.ប ថាមានចរិតញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះ និងថាស្ថាប័នឯករាជ្យមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស។
ទោះយ៉ាងណាក៏ដោយមន្ត្រីសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការងារបោះឆ្នោតយល់ថា បើ គ.ជ.ប អនុវត្តការងាររបស់ខ្លួនដោយត្រឹមត្រូវ យុត្តិធម៌ និងឯករាជ្យ មិនត្រូវខ្លាចការបាត់បង់ទំនុកចិត្តពីពលរដ្ឋនោះទេ៕