Clik here to view.

អ្នកស្រាវជ្រាវ និងអ្នកជំនាញខាងអភិបាលកិច្ច មើលឃើញដូចគ្នាថា ចរន្តនៃការប្រើប្រាស់ឥទ្ធិពលនយោបាយលើមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈកំពុងកើតមានពេញបន្ទុក ជាហេតុធ្វើឱ្យសង្គមលែងមានគោលនយោបាយសាធារណៈមួយពិតប្រាកដ។ ម្យ៉ាងវិញទៀត ចរន្តនេះក៏អាចបង្កការភ័យខ្លាចដល់មន្ត្រីរាជការមួយចំនួន បើសិនជាមានការផ្លាស់ប្ដូររបបតាមរយៈការបោះឆ្នោត។
អ្នកជំនាញលើកឡើងពីក្តីព្រួយបារម្ភដូចគ្នាជុំវិញរឿងការបំពេញមុខងាររបស់មន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ និងក្របខ័ណ្ឌនយោបាយដែលនៅក្នុងបរិបទកម្ពុជា មិនអាចញែកឱ្យដាច់ពីគ្នាបាន។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច បណ្ឌិត ចាន់ វិបុល សង្កេតឃើញថា មន្ត្រីជាច្រើនគឺជាមន្ត្រីមុខងារសាធារណៈ ក៏ប៉ុន្តែបែរជាបំពេញតួនាទីជាមន្ត្រីនយោបាយទៅវិញ ដែលភាពច្របូកច្របល់គ្នានេះ នឹងធ្វើឱ្យសញ្ញានៃការគ្រប់គ្រងរដ្ឋតាមបែបគណបក្សនយោបាយរបស់កម្ពុជា ចាក់ឫសកាន់តែជ្រៅ។
លោក ចាន់ វិបុល៖ «ចាប់ពីរដ្ឋលេខាធិការឡើងទៅ គឺគាត់ជាមន្ត្រីនយោបាយ តែឥឡូវនេះយើងច្របូកច្របល់គ្នា សូម្បីតែចៅហ្វាយខេត្ត ចៅហ្វាយស្រុកក៏ជាមន្ត្រីនយោបាយដែរ អ៊ីចឹងឋានានុក្រមរដ្ឋបាលសាធារណៈត្រូវបានច្របូកច្របល់។ ពេលនោះសង្គមលែងមានគោលនយោបាយសាធារណៈមួយពិតប្រាកដហើយ។ នៅពេលដែលមន្ត្រីដែលជាអ្នកបម្រើរាស្ត្រទៅជាច្របូកច្របល់ជាអ្នកនយោបាយ លែងតំណាងឱ្យរាស្ត្រក្លាយជាបម្រើបក្សហើយ»។
បណ្ឌិត ចាន់ វិបុល ថ្លែងបែបនេះក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៨ ខែមិថុនា កន្លងទៅ។ លោកអះអាងថា មន្ត្រីដែលស្ថិតក្រោមអំណាចរបស់គណបក្ស គឺមានគណនេយ្យភាពតិចជាង ៣០ភាគរយ ចំណែកការទទួលខុសត្រូវចំពោះប្រយោជន៍បក្សរបស់ខ្លួនគឺមានច្រើនជាង ៧០ភាគរយ។ ដូច្នេះផលវិបាកសំខាន់នោះ គឺរាល់ការសម្រេចចិត្ត ឬការបំពេញមុខងារទាំងអស់ ពួកគេនឹងតម្កល់ផលប្រយោជន៍របស់បក្ស ជាជាងសេចក្ដីត្រូវការរបស់រាស្ត្រ។
បណ្ឌិត ចាន់ វិបុល៖ «ប្រសិនបើមន្ត្រីមុខងារសាធារណៈក្លាយជាមន្ត្រីបក្សនយោបាយ អ៊ីចឹងតួនាទីក្នុងមុខងារសាធារណៈហ្នឹង ត្រូវបានកាត់បន្ថយពី ៨០ ទៅ ៩០ភាគរយ មកត្រឹមតែ ៣០ភាគរយ។ អ៊ីចឹងអ្នកដែលទទួលរងវិបត្តិមុនគេបំផុត និងចុងក្រោយគេបំផុត គឺបងប្អូនពលរដ្ឋដែលជាម្ចាស់ប្រទេស។ នេះជាផលប៉ះពាល់ដ៏ធំ ប្រសិនបើមន្ត្រីរបស់រដ្ឋក្លាយជាមន្ត្រីរបស់បក្ស រាល់កិច្ចការរបស់ប្រជាពលរដ្ឋនឹងត្រូវបានបំភ្លេច ឬក៏មិនត្រូវបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន»។
ចំណែកអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ក៏សង្កេតឃើញដូចគ្នានេះដែរ។ លោកមើលឃើញថា ប្រព័ន្ធរដ្ឋសព្វថ្ងៃមានភាពច្របូកច្របល់ខ្លាំង ដោយសារតែមិនអាចបែងចែកឱ្យដាច់ពីគ្នារវាងមន្ត្រីបច្ចេកទេស និងមន្ត្រីនយោបាយ។
លោកបន្តថា មន្ត្រីរាជការនៅតាមស្ថាប័ននីមួយៗ ក៏តម្រូវឱ្យក្លាយជាសមាជិកគណបក្សនយោបាយដែរ ដែលនេះបានបង្កការភ័យខ្លាចដល់មន្ត្រីរាជការមួយចំនួន ដែលគិតថា បើកាលណាមានការផ្លាស់ប្ដូររបប ខ្លួនក៏នឹងត្រូវអស់តួនាទីដែរ៖ «ការបញ្ជ្រាបចូលរបស់អ្នកនយោបាយមានកាន់តែជ្រៅថែមទៀតក្នុងប្រព័ន្ធរបស់រដ្ឋ។ អ៊ីចឹងពេលមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត ការផ្លាស់ប្ដូរនេះគឺនឹងមានបញ្ហាធំ ដែលខ្ញុំគិតថា ជារឿងស្មុគស្មាញបំផុតសម្រាប់ដំណើរការប្រជាធិបតេយ្យនៅស្រុកយើង»។
បណ្ឌិត មាស នី បន្តថា អ្នកនយោបាយបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនច្រើនលើសលប់ធ្វើឱ្យឥទ្ធិពលនយោបាយត្រូវបានបញ្ជ្រាបកាន់តែជ្រៅថែមទៀតនៅក្នុងប្រព័ន្ធរបស់រដ្ឋ។ លោកបានលើកឡើងពីប្រទេសថៃ ជាឧទាហរណ៍ថា បើទោះបីជាមានវិបត្តិនយោបាយរ៉ាំរ៉ៃក្តី ក៏សេដ្ឋកិច្ចរបស់គេនៅតែដើរទៅមុខដដែល ហើយស្ថាប័នរដ្ឋនៅតែបំពេញមុខងាររបស់ខ្លួនដូចធម្មតា៖ «មន្ត្រីរដ្ឋាភិបាលដែលជាអ្នកបច្ចេកទេស គេអត់ប៉ះពាល់ទេ។ អ៊ីចឹងទៅ បើទោះបីជាថៃ បាតុកម្មនៅកណ្ដាលក្រុងបាងកក ក៏ដោយ ក៏ប៉ុន្តែសេដ្ឋកិច្ចថៃ មិនបានធ្លាក់ដុនដាបទេ។ នៅស្រុកយើងដោយសារតែច្របល់គ្នារវាងអ្នកនយោបាយ និងមន្ត្រីរាជការសាធារណៈ ពេលដែលចលាចលម្ដងៗ ដូចជានៅឆ្នាំ១៩៩៧ ជាដើម យើងស្ទើរតែគ្រប់គ្រងស្ថានការណ៍លែងបាន សេដ្ឋកិច្ចក៏ត្រូវធ្លាក់ចុះ»។
ជុំវិញរឿងទាំងនេះ អាស៊ីសេរីមិនទាន់ទទួលបានការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននៅឡើយ នៅថ្ងៃទី១៩ ខែមិថុនា ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់៕