
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បិទបញ្ចប់កាលបរិច្ឆេទសម្រាប់ទទួលពាក្យបណ្ដឹងពីគណបក្សនយោបាយហើយនៅថ្ងៃទី១៩ មិថុនា ទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី៤ មិថុនា។ ការបញ្ចប់នេះ គឺស្របគ្នានឹងការដោះស្រាយពាក្យបណ្ដឹងបានអស់ភាគច្រើន។
ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ លោក ខន កែវមនោ មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនបានទទួលពាក្យបណ្ដឹងអ្វីបន្ថែមទៀតទេនៅថ្ងៃបិទបញ្ចប់កាលបរិច្ឆេទទទួលពាក្យបណ្ដឹងថ្ងៃទី១៩ មិថុនា។
លោកបញ្ជាក់ថា បណ្ដឹងទាក់ទងនឹងការបោះឆ្នោត ក៏ត្រូវបានដោះស្រាយចប់ដែរ៖ «បណ្ដឹងត្រឹមថ្ងៃនេះដែលជាថ្ងៃបញ្ចប់ហើយហ្នឹង សរុបទាំងអស់មាន ៦៤បណ្ដឹង។ បណ្ដឹងចំនួន ៥២ ត្រូវបាន គ.ជ.ប ដោះស្រាយរួចរាល់អស់ហើយ មានទាំងចារបដិសេធ មានការឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំ-សង្កាត់ទាំងប៉ុន្មានដូចដែលសាធារណជនបានដឹងហើយ។ នៅសល់តែ ១២បណ្ដឹងទៀតទេដែលត្រូវ គ.ជ.ប ធ្វើការដោះស្រាយ ហើយ ១២បណ្ដឹងនេះមិនមែនបណ្ដឹងពាក់ព័ន្ធទៅនឹងការសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញទេ គឺបណ្ដឹងពាក់ព័ន្ធទៅនឹងការផ្ដន្ទាទោស»។
ការដោះស្រាយនេះ ជាការដោះស្រាយបានលឿនជាងកាលបរិច្ឆេទកំណត់ ១សប្ដាហ៍ ដែលតាមនីតិវិធី គឺ គ.ជ.ប ត្រូវដោះស្រាយបណ្ដឹងឲ្យបានរួចរាល់មុនការប្រកាសលទ្ធផលនៅថ្ងៃទី២៥ មិថុនា។
ក្នុងចំណោមបណ្ដឹងដោះស្រាយទាំង៥២ មានបណ្ដឹងចំនួន៣៣ ត្រូវបានពិនិត្យ និងសម្រេចបដិសេធ ដោយសារតែបណ្ដឹងទាំងនេះ គ.ជ.ប ចាត់ទុកថាផុតកាលកំណត់របស់ច្បាប់សម្រាប់ប្ដឹង ឬដែលហៅថា ជាការថ្លោះសិទ្ធិនៃការប្ដឹង។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី ថ្លែងថា បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ សុទ្ធតែបានធ្វើក្នុងរយៈពេលនៃនីតិវិធី។ ទោះជាយ៉ាងណាក្ដី អ្នកស្រីត្រូវតែទទួលយក ព្រោះការសម្រេចនេះជាការបិទផ្លូវតវ៉ា៖ «នីតិវិធី និងបទបញ្ជានៃ គ.ជ.ប ការប្ដឹងអំពីលទ្ធផលបណ្ដោះអាសន្ន គឺមានរយៈពេល ៣ថ្ងៃបន្ទាប់ពីការបិទផ្សាយកំណត់ហេតុបូកសរុបលទ្ធផលនៅគណៈកម្មការបោះឆ្នោតថ្នាក់ឃុំ ដើម្បីប្ដឹងទៅគណៈកម្មការថ្នាក់ខេត្ត មានរយៈពេល ៣ថ្ងៃសម្រាប់ប្ដឹងទៅហ្នឹង ហើយនៅពេលដែលទទួលសេចក្ដីសម្រេចពីគណៈកម្មការបោះឆ្នោតថ្នាក់ខេត្ត ពេលសម្រេចបដិសេធហ្នឹង ភាគីដែលមិនសុខចិត្តមានសិទ្ធិប្ដឹងមក គ.ជ.ប ក្នុងរយៈពេល ៤ថ្ងៃទៀត។ អ៊ីចឹងតាមដំណាក់កាលនីមួយៗនៃនីតិវិធី គឺគណបក្សសង្គ្រោះជាតិ បានប្ដឹងត្រឹមត្រូវក្នុងចន្លោះពេលដែលច្បាប់បានកំណត់។ ជាសរុបទៅ គឺបណ្ដឹងមិនមានផុតអាជ្ញាយុកាលអីទេ»។
ក្នុងចំណោមបណ្ដឹងទាំង៣៣ នោះដែលត្រូវបានបដិសេធ គឺគណបក្សសង្គ្រោះជាតិ ប្ដឹង ២២បណ្ដឹង មកពីខេត្ត-រាជធានីចំនួន៧ ហើយ ១០បណ្ដឹងទៀត គឺប្ដឹងដោយគណបក្សប្រជាជនកម្ពុជា មកពីរាជធានី និងខេត្តចំនួន៤។ បណ្ដឹងដែលបានដោះស្រាយភាគច្រើន គឺសុទ្ធតែសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ បណ្ដឹងចំនួន១២ ផ្សេងទៀតនៅមិនច្បាស់លាស់នៅឡើយ។ លោក ខន កែវមនោ ថ្លែងថា បណ្ដឹងទាំងនេះមិនតម្រូវឲ្យដោះស្រាយបានមុនការប្រកាសលទ្ធផលទេ។
តាមកាលបរិច្ឆេទ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលនៃការបោះឆ្នោតជាផ្លូវការនៅថ្ងៃទី២៥ មិថុនា ដែលធ្វើឡើងតាមកញ្ចក់ទូរទស្សន៍ជាតិ ទ.ទ.ក និងនៅលើគេហទំព័ររបស់ គ.ជ.ប៕