Clik here to view.

ពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ បារម្ភពីតម្លៃជ្រូកដែលអ្នកភូមិចិញ្ចឹមលក្ខណៈគ្រួសារ គ្មានទីផ្សារ។ បញ្ហានេះ ពួកគាត់បានទម្លាក់កំហុសលើរាជរដ្ឋាភិបាល ដែលគាត់ចោទថា មិនបានយកចិត្តទុកដាក់លើកកម្ពស់ផលិតផលក្នុងស្រុក ថែមទាំងបណ្តោយឲ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាម ផង។
ពលរដ្ឋ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ច អំពាវនាវឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់អនុវត្តគោលនយោបាយលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានប្រសិទ្ធភាពច្បាស់លាស់ ដើម្បីបង្កើនប្រាក់ចំណូលពលរដ្ឋដែលចិញ្ចឹមសត្វលក្ខណៈគ្រួសារ។ ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១៨ មិថុនា ក្រោយពីអ្នកភូមិភាគច្រើនបានចិញ្ចឹមជ្រូកលក្ខណៈគ្រួសារបែបផ្សងព្រេង កំពុងប្រឈមវិបត្តិសេដ្ឋកិច្ច។
ពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ លោក ណាន់ ណាក់ បារម្ភថា ជ្រូកដែលអ្នកភូមិចិញ្ចឹមពុំមានទីផ្សារបែបនេះ បង្កប៉ះពាល់ជីវភាពធ្ងន់ធ្ងរ ហើយអ្នកភូមិខ្លះបានកាប់ជ្រូកលក់តាមផ្ទះដោយខ្លួនឯង។ លោកថា គ្រួសារលោកចិញ្ចឹមជ្រូក ៩ក្បាល ក្នុងមួយក្បាលទម្ងន់ចាប់ពី ៧០គីឡូក្រាមឡើងទៅ កំពុងប្រឈមគ្មានទីផ្សារលក់ចេញ។ បញ្ហានេះ បណ្ដាលឲ្យពួកគេបាក់ទឹកចិត្ត និងបង្ខំចិត្តបោះបង់មុខរបរនេះ។ លោកកត់សម្គាល់ថា បច្ចុប្បន្នការនាំចូលជ្រូកពីប្រទេសវៀតណាម ដោយរថយន្តធំៗ មកលក់ក្នុងទីផ្សារខែត្រក្រចេះ ក៏ជាផ្នែកមួយធ្វើឲ្យប៉ះពាល់ដល់តម្លៃជ្រូកក្នុងស្រុកដែរ៖ «ការប៉ះពាល់ គឺប៉ះពាល់មែនទែន គឺទី១ យើងចិញ្ចឹមជ្រូកឲ្យឆាប់ធំ យើងទិញថ្នាំមកចាក់ និងប្រើចំណីច្រើន។ ប្រាក់ចំណូលយើងអត់អីចូលទេ ដោយសារតែយើងចិញ្ចឹមជ្រូកមួយមុខចឹង។ តែសព្វថ្ងៃអត់មានលុយចាយ សព្វថ្ងៃសូម្បីតែចាក់សាំងម៉ូតូ»។
បុរសដដែលបន្តថា ច្រើនអាណត្តិមកហើយដែលគណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយធានារកទីផ្សារសម្រាប់លក់កសិផលតម្លៃសមរម្យជូនពលរដ្ឋ ក៏ប៉ុន្តែគោលនយោបាយនេះមានតែក្នុងក្រដាស តែការអនុវត្តជាក់ស្តែងវិញ គណបក្សកាន់អំណាចមួយនេះបានបរាជ័យក្នុងការស្វែងរកទីផ្សារទិញកសិផលជូនកសិករ បើទោះជាប្រធានក្រុមប្រឹក្សាឃុំកំពង់ចាម ជាប់ឆ្នោតច្រើនអាណត្តិមកហើយក្តី។
ទាក់ទងបញ្ហានេះ មេឃុំកំពង់ចាម លោក ឈិត លាង បដិសេធថាពុំមានបាតុភាពនេះដូចការលើកឡើងរបស់ពលរដ្ឋនោះទេ ដោយអះអាងថា ក្រុមឈ្មួញតែងជិះម៉ូតូទិញជ្រូកពីពលរដ្ឋតាមភូមិស្ទើរជារៀងរាល់ថ្ងៃ។ លោកថា តម្លៃជ្រូកដែលឈ្មួញទិញពីពលរដ្ឋតាមភូមិក្នុងមួយគីឡូក្រាមតម្លៃចាប់ពី ៧ពាន់រៀលឡើងទៅ៖ «អាជីវកម្មគេកាប់ជ្រូកពីរបីកន្លែង ឃើញនៅហ្នឹងរហូតចេះតែថាម៉ង! បើគាត់លក់ថ្លៃ គេម៉េចហ៊ានតិច! បើតម្លៃដូចគេឯង គេទិញបាត់ហើយ»។
ចំណែកប្រធានមន្ទីរកសិកម្មខែត្រក្រចេះ លោក កុយ ហួត មានប្រសាសន៍ថា តម្លៃទីផ្សារសាច់ជ្រូកពុំមានបញ្ហាចោទធ្ងន់ធ្ងរដែលបង្កប៉ះពាល់ជីវភាពគ្រួសាររបស់ពលរដ្ឋនោះទេ ខណៈដែលពលរដ្ឋរស់នៅជនបទច្រើនចិញ្ចឹមជ្រូកលក្ខណៈគ្រួសារបែបប្រពៃណីតិចតួច។ លោកថា ជ្រូកនៅខែត្រក្រចេះ នាំចូលតាមក្រុមហ៊ុន ស៊ី.ភី (CP) ហើយមួយចំនួននាំចូលពីប្រទេសក្រៅមានច្បាប់ទម្លាប់ត្រឹមត្រូវ៖ «បងប្អូនយើងទីនោះ គឺគាត់ចិញ្ចឹមលក្ខណៈគ្រួសារ។ ការវិនិយោគគាត់ជាលក្ខណៈប្រពៃណី។ ចឹងអត់មានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋទេ។ អ្វីដែលខ្ញុំចង់និយាយថាមិនប៉ះពាល់ គឺក្រៅពីការងារចិញ្ចឹមសត្វ គាត់មានមុខរបរធ្វើស្រែចម្ការ»។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសេដ្ឋកិច្ចមានមន្ទិលថា តើស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាម មានការគ្រប់គ្រង និងតាមដានច្បាស់លាស់ឬទេ ពាក់ព័ន្ធនឹងការត្រួតពិនិត្យគុណភាព និងសារធាតុគីមីនោះ ឬអាចនាំចូលដោយគេចពន្ធខុសច្បាប់?
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ កត់សម្គាល់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលពុំមានគោលនយោបាយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកច្បាស់លាស់នោះទេ ដែលធ្វើឲ្យពលរដ្ឋងាយនឹងបោះបង់មុខរបរនេះ ដែលជាដើមចមនាំឲ្យពលរដ្ឋចំណាកស្រុកកាន់តែច្រើន។ លោកយល់ថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចជួយរកទីផ្សារជូនកសិករ និងអនុវត្តគោលនយោបាយលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យបានច្បាស់លាស់៖ «យើងត្រូវមើលថា តើការនាំចូលមានការគ្រប់គ្រងតាមដាន ហើយច្បាស់លាស់អត់ ឬក៏នាំចូលបែបអនាធិបតេយ្យ ឬក៏លក្ខណៈគេចពន្ធ។ បញ្ហាហ្នឹង រដ្ឋាភិបាលត្រូវធ្វើការពិចារណាពាក់ព័ន្ធគោលនយោបាយលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យបានមានប្រសិទ្ធភាពច្បាស់លាស់ ហើយត្រូវជួយរកទីផ្សារតម្រូវការ»។
លោក ង៉ែត ជូ បន្ថែមថា ក្រសួងកសិកម្ម បានបញ្ជូនមន្ត្រីជំនាញត្រឹមការិយាល័យថ្នាក់ស្រុកនៅទូទាំងប្រទេស ប៉ុន្តែពុំមានមន្ត្រីចុះធ្វើការតាមមូលដ្ឋានជាមួយពលរដ្ឋឲ្យបានទូលំទូលាយនោះទេ ហើយមន្ត្រីភាគច្រើនធ្វើការផ្តុំគ្នាតែក្នុងក្រសួងសាមី ដែលជាឫសគល់នាំឲ្យពលរដ្ឋចិញ្ចឹមសត្វធ្វើកសិកម្ម និងរកទីផ្សារបែបផ្សងព្រេងប្រឈមហានិភ័យខ្ពស់៕