
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលនិយាយមិនសំចៃមាត់រឿងព្រំដែនកម្ពុជា-វៀតណាម ស្នើសុំប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលផ្ដល់ពេលអោយលោកចំនួន ៣ខែ ដើម្បីរកមេធាវីការពារក្ដីលើបណ្ដឹងសាទុក្ខប្រឆាំងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។
ទោះបីជាយ៉ាងណា ក្រុមមេធាវីដែលធ្លាប់ការពារឲ្យលោក អ៊ុំ សំអាន បញ្ជាក់ថា នឹងចូលការពារក្ដីឲ្យតំណាងរាស្ត្របក្សប្រឆាំងរូបនេះវិញ ក្រោយពេលមានសំណើពីលោក អ៊ុំ សំអាន។
បន្ទាប់ពីធ្វើលិខិតសរសេរផ្ទាល់ដៃ និងផ្ដិតមេដៃក្នុងបន្ទប់សវនាការរួចមក តុលាការយល់ព្រមតាមសំណើរបស់លោក អ៊ុំ សំអាន ប៉ុន្តែប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ តបវិញថា បើក្នុងរយៈពេល ៣ខែ លោក អ៊ុំ សំអាន មិនអាចរកមេធាវីបានទេ នោះតុលាការនឹងស្នើទៅគណៈមេធាវីដើម្បីចាត់តាំងមេធាវីឲ្យ។
កាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៦ ក្រុមមេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន សម្រេចដើរចេញពីបន្ទប់សវនាការលើកដំបូងនៅតុលាការក្រុងភ្នំពេញ លើសំណុំរឿងកូនក្ដីរបស់ខ្លួនទាក់ទងនឹងការបង្ហោះផែនទី និងការបញ្ចេញទស្សនៈលើបញ្ហាព្រំដែនកម្ពុជា-វៀតណាម តាមបណ្ដាញសង្គមហ្វេសប៊ុក។ ការដើរចេញពីបន្ទប់កាត់ក្ដីនៅពេលនោះដែលនាំឲ្យ លោក អ៊ុំ សំអាន មិនមានមេធាវីនៅតុលាការកំពូលនៅព្រឹកថ្ងៃទី១៦ មិថុនា ត្រង់ថា ចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក ហេង សុខណា មិនទទួលយកសំណើរបស់ក្រុមមេធាវី មកពិចារណា និងចាត់ការតាមនីតិវិធីនោះទេ។ សំណើទាំងនោះ មានការស្នើសុំឲ្យមានអ្នកជំនាញទាក់ទងនឹងប្រព័ន្ធអ៊ីនធឺណិតបំភ្លឺថា តើការបញ្ចេញទស្សនៈ និងការប្រើប្រាស់លើបណ្ដាញសង្គមហ្វេសប៊ុក ករណីលោក អ៊ុំ សំអាន អាចចាត់ជាសកម្មភាពញុះញង់ ឬទេ ហើយនឹងសំណើមួយទៀតស្នើឲ្យពិនិត្យមាត្រា ៨០ ត្រង់អភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ខណៈលោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិ។ ប៉ុន្តែការលើកឡើងទាំងនេះ ត្រូវបានចៅក្រមជំនុំជម្រះ លោក ហេង សុខណា ច្រានចោល ដោយសំអាងថា គ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់។
ក្រុមមេធាវីដែលបានការពារក្ដី លោក អ៊ុំ សំអាន នៅដំណាក់កាលតុលាការក្រុងភ្នំពេញ មានលោក ជូង ជូងី លោក ហែម សុជាតិ និងលោក សំ សុគង់។ លោក ហែម សុជាតិ ជាមេធាវីម្នាក់ក្នុងចំណោមបីនាក់ មើលឃើញថា ដំណើរការកាត់ក្ដីករណីលោក អ៊ុំ សំអាន នៅតុលាការក្រុងភ្នំពេញ នោះ មិនអាចផ្ដល់យុត្តិធម៌ដែលអាចទទួលយកបានសម្រាប់កូនក្ដីរបស់លោក។ នេះជាហេតុដែលធ្វើឲ្យក្រុមមេធាវីដើរចេញពីសវនាការ។ ទោះបីជាយ៉ាងណា លោក ហែម សុជាតិ បញ្ជាក់ថា ក្រុមមេធាវីនឹងបន្តការពារនៅតុលាការកំពូល តាមការសំណើរបស់លោក អ៊ុំ សំអាន៖ «ករណីឯកឧត្ដម អ៊ុំ សំអាន ដោយកន្លងមក គាត់មិនបានផ្ដល់សំណើដល់មេធាវីយើង ថាស្នើសុំបន្តទៀត ហើយក៏បានឲ្យគាត់ពិចារណាសិន អ៊ីចឹងបានជារឿងហ្នឹងវាអត់មានមេធាវី។ ក៏ប៉ុន្តែពួកយើងនៅតែបន្តទទួលនឹងការពារគាត់ ពីព្រោះខ្ញុំសង្ឃឹមថា គ្មានមេធាវីដទៃណាគេហ៊ានការពាររឿងគាត់ក្រៅពីមេធាវីយើងខ្ញុំប៉ុន្មានហ្នឹងទេ?»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៤លានរៀល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធសំណុំរឿងផែនទី និងព្រំដែនកម្ពុជា-វៀតណាម ពីបទញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នៃក្រមព្រហ្មទណ្ឌ។
ជុំវិញរឿងព្រំដែននេះ សមាជិកព្រឹទ្ធសភាមួយរូបទៀត គឺលោក ហុង សុខហួរ ក៏ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទចោទចំនួន ៣បទល្មើស ទាក់ទងនឹងការបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម លើបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកដកស្រង់សន្ធិសញ្ញានោះចេញពីអ៊ីនធឺណិត ហើយទៅធ្វើបទបង្ហាញនៅទីស្នាក់ការបក្សសង្គ្រោះជាតិ។
ទាក់ទងនឹងបញ្ហាព្រំដែនដែលជារឿងរសើបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសារគំរាមចំពោះអ្នកណាដែលហ៊ាននិយាយថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទីក្លែងក្លាយជាមួយភាគីវៀតណាម រដ្ឋាភិបាលនឹងចាប់ខ្លួនអ្នកនោះ៕