Quantcast
Viewing all articles
Browse latest Browse all 11174

អង្គការ​សង្គម​ស៊ីវិល​៣​រួម​គ្នា​អនុវត្ត​គម្រោង​តាមដាន​ការ​គ្រប់គ្រង​ព្រៃឈើ​និង​អភិរក្ស​សត្វព្រៃ

Image may be NSFW.
Clik here to view.

អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ចំនួន ៣ សហការ​គ្នា​អនុវត្ត​គម្រោង​ថ្មី​មួយ​ដែល​ហៅ​ថា គម្រោង​សំឡេង​សម្រាប់​ព្រៃឈើ​តំបន់​មេគង្គ (Voices For Mekong Forests) មាន​រយៈពេល​ចំនួន ៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១។ គម្រោង​ថ្មី​នេះ ត្រូវ​បាន​គេ​អនុវត្ត​នៅ​ក្នុង​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ចំនួន ៥ រួម​មាន​កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ឬ​ភូមា និង​ថៃ។ សម្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា គម្រោង​សំឡេង​សម្រាប់​ព្រៃឈើ​តំបន់​មេគង្គ ត្រូវ​អនុវត្ត​ដើម្បី​តាម​ដាន​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី។

គម្រោង​សំឡេង​សម្រាប់​ព្រៃឈើ​តំបន់​មេគង្គ (V4MF) ដែល​អនុវត្ត​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ​ចំនួន ៣ រួម​មាន​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស និង​ព្រៃឈើ (The Center For People and Forest) អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF) និង​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (The NGO Forum On Cambodia) គឺ​ជា​គម្រោង​ដែល​មាន​ការ​ផ្ដល់​មូលនិធិ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​ជាង ៥​លាន​អឺរ៉ូ។

គម្រោង​នេះ មាន​បំណង​ដើម្បី​ពង្រឹង​តំបន់​អភិបាលកិច្ច​ព្រៃឈើ តាម​រយៈ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​អភិបាលកិច្ច​ព្រៃឈើ ការ​បង្កើន​សមត្ថភាព​ដល់​សហគមន៍ ជាពិសេស​ក្រុម​ជនជាតិ​ដើម​ភាគ​តិច និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​តាមដាន​តំបន់​ទេសភាព​ព្រៃឈើ និង​ការ​កសាង​សមត្ថភាព​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ចូលរួម​អភិវឌ្ឍន៍​គោលនយោបាយ​របស់​រដ្ឋាភិបាល។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​សំឡេង​សម្រាប់​ព្រៃឈើ​តំបន់​មេគង្គ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ នៅ​ថ្ងៃ​ទី​១៥ មិថុនា ថា ការ​កសាង​សមត្ថភាព​ដល់​សហគមន៍​មូលដ្ឋាន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល គឺ​ដើម្បី​អាច​ឱ្យ​ពួកគេ អាច​រាយការណ៍​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​ព្រៃឈើ ឬ​បទល្មើស​ព្រៃឈើ​ផ្សេងៗ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ ឬ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ ដូច្នោះ​ការ​រាយការណ៍​ទាំង​នោះ​ដែល​មាន​ទាំង​រូបថត​ជា​ភស្តុតាង​ផង នឹង​មាន​លក្ខណៈ​កាន់​តែ​ច្បាស់​លាស់​ជាង​មុន ដើម្បី​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់៖ «ពេល​ដែល​គាត់​ចាប់ផ្ដើម​អនុវត្ត​ទៅ គាត់​បាន​ភស្តុតាង​ជាក់ស្ដែង ហើយ​នរណា​ក៏​មិន​អាច​ប្រកែក​បាន​លើ​របាយការណ៍​ហ្នឹង​ទេ ព្រោះ​មាន​ទាំង​រូបថត និង​ទីតាំង​ភូមិសាស្ត្រ»

ប្រជាជន​ប្រមាណ ៨៥​លាន​នាក់​នៃ​តំបន់​មេគង្គ គឺ​រស់​នៅ​អាស្រ័យ​ព្រៃឈើ ហើយ​ជាង​មួយ​ភាគ​បី​នៃ​ជនជាតិ​ទាំង​នេះ គឺ​ជនជាតិ​ភាគ​តិច។ ប្រជាជន​ចំនួន ៣០​ភាគរយ​នៅ​ជនបទ​ក្នុង​តំបន់​មេគង្គ កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​បើ​គិត​ពី​ឆ្នាំ​១៩៩០ មក​ដល់​ឆ្នាំ​២០១៥ ការ​បាត់បង់​ព្រៃឈើ​ជា​មធ្យម​នៅ​ក្នុង​តំបន់​មេគង្គ មាន ៤,៩​ភាគរយ។

​ចំណែក​មន្ត្រី​សម្របសម្រួល​គម្រោង​សំឡេង​សម្រាប់​ព្រៃឈើ​តំបន់​មេគង្គ មកពី​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ លោក ជ័យ គូឡង់ បាន​ថ្លែង​ដែរ​ថា សហគមន៍​ដែល​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​គម្រោង​នេះ គឺ​មាន​ចំនួន​ប្រហែល ៣០០​នាក់ ហើយ​ពួកគេ​នឹង​បំពេញ​ការងារ​នៅ​តំបន់​គោលដៅ​ផ្ទាល់​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​បញ្ហា​ព្រៃឈើ​ផ្ដល់​មក​ថ្នាក់​ជាតិ៖ «ហើយ​មួយ​ទៀត គាត់​គឺ​ជា​ភ្នាក់ងារ​ចែករំលែក​បទពិសោធន៍​ជាក់ស្ដែង ហើយ​គាត់​អាច​អ្នក​តំណាង​មក​ដើម្បី​ជជែក​ជាមួយ​ភាគី​រដ្ឋាភិបាល ឬ​ទៅ​ខាង​គម្រោង​ផ្សេងៗ​ទៀត»

តំបន់​គោលដៅ​នៃ​គម្រោង គឺ​ផ្ដោត​សំខាន់​មក​លើ​តំបន់​ទេសភាព​ព្រៃឈើ​ចំនួន​៣ ដូចជា​តំបន់​ជម្រក​របស់​ប្រជា​សហគមន៍ តំបន់​ដែន​មាន​ធនធាន​ជីវចម្រុះ​ខ្ពស់ និង​តំបន់​ដែល​ផ្ដល់​សេវា​បរិស្ថាន ដែល​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ភ្នំ​ព្រិច និង​កែវសីមា នៃ​ខេត្ត​មណ្ឌលគិរី។

ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​ការពារ​ព្រៃឈើ និង​អភិរក្ស​សត្វព្រៃ​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន លោក ខៀវ បូរិន ក៏​បញ្ជាក់​ថា តំបន់​ធម្មជាតិ​ជាង ៧​លាន​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ដាក់​ជា​តំបន់​អភិរក្ស ឬ​ជា​តំបន់​ឧទ្យានជាតិ និង​តំបន់​ការពារ​សត្វព្រៃ។ ទន្ទឹម​នឹង​នេះ លោក​បន្ត​ថា រដ្ឋាភិបាល​ក៏បាន​ទប់ស្កាត់​ការ​ជួញដូរ​ឈើ​ទ្រង់ទ្រាយ​ធំៗ ប៉ុន្តែ​នៅ​មាន​ករណី​សេសសល់ ដែល​ជា​ការ​កាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​តិចតួច ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ៖ «ប្រជាជន​ដែល​គាត់​ពឹង​អាស្រ័យ លើ​ការ​បរបាញ់ និង​ការ​កាប់​ឈើ​តិចតួច គឺ​យើង​កំពុង​ចាត់​វិធានការ​ផ្សេងៗ ដើម្បី​ពង្រឹង​គាត់»

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ទៀត​ថា ដ្បិត​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល​ទទួល​បាន​ប្រាក់​ពី​សហភាព​អឺរ៉ុប ដើម្បី​បង្កើត​គម្រោង​ថ្មី​នេះ ប៉ុន្តែ​ចាំបាច់​ណាស់ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ត្រូវតែ​ចូលរួម​សហការ​ជាមួយ​ក្រសួង​បរិស្ថាន ឬ​មន្ត្រី​រដ្ឋបាល​ជលផល ដើម្បី​គូស​ផ្សំ​គ្នា​ជា​កម្លាំង​តែ​មួយ​ក្នុង​ការ​កែប្រែ​តំបន់​ធនធាន​ធម្មជាតិ កុំ​ឱ្យ​ក្លាយ​ជា​តំបន់​កាប់​បំផ្លាញ​ព្រៃឈើ និង​តំបន់​បរបាញ់​សត្វព្រៃ​តទៅទៀត។

​ភាគី​អនុវត្ត​គម្រោង​សំឡេង​សម្រាប់​ព្រៃឈើ​តំបន់​មេគង្គ បាន​រំពឹង​ថា នៅ​ឆ្នាំ​២០២១ ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​នៅ​តំបន់​ទេសភាព​ព្រៃឈើ​ទាំង​បី ដែល​ជា​គោលដៅ​នៃ​គម្រោង នឹង​មាន​លទ្ធភាព​ភ្ជាប់​បណ្ដាញ​ជាមួយ​គ្នា​ទៅ​វិញ ដើម្បី​តាមដាន និង​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​លើក​កម្ពស់​អភិបាលកិច្ច​ព្រៃឈើ ជាពិសេស​ចូលរួម​យន្តការ​ពង្រឹង​អនុវត្ត​ច្បាប់​ស្ដីពី​ព្រៃឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles