Clik here to view.

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា បានបង្ហោះសារមួយលើគណនីហ្វេសប៊ុក (Facebook) របស់លោក ឆ្លើយតបទៅអ្នកកាសែតបរទេសដែលសាកសួរលោកអំពីជំហរក្នុងការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ របស់លោកបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលបម្រាមមិនអោយក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រអោយលោក និងដឹកលោកមកកម្ពុជា វិញនោះ។
សារជាភាសាអង់គ្លេសដែលលោក សម រង្ស៊ី បង្ហោះនោះ មានអមដោយរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកាយវិការលើកដៃចង្អុល និងហារមាត់ស្រែកផង។
លោក សម រង្ស៊ី ចោទជាសំណួរថា តើបានប្រយោជន៍អ្វីទៅក្នុងការជាប់គុកដើម្បីអោយបានតែជាប់គុកនោះ? លោកបន្តថា លោកសុខចិត្តធ្វើពលីកម្មសព្វបែបយ៉ាង រួមទាំងការបូជាជីវិតលោកផង ប្រសិនបើការបូជាជីវិតនោះ គឺដើម្បីបុព្វហេតុនាំមកនូវការផ្លាស់ប្ដូរមានលក្ខណៈប្រជាធិបតេយ្យនៅកម្ពុជា ហើយដោយដកលោក ហ៊ុន សែន ដែលលោកហៅថា ជាជនផ្ដាច់ការចេញពីតំណែងជាមុនសិន។
សារឆ្លើយតបរបស់លោក សម រង្ស៊ី នេះ ក៏ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញសារស័ព្ទឌឺដងឡងសម្ដីទៅលោក សម រង្ស៊ី នៅក្នុងពិធីចែកសញ្ញាប័ត្រមួយនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា។ ថ្វីដ្បិតតែលោក ហ៊ុន សែន ហៅលោក សម រង្ស៊ី ថាជាអ្នកក្លាហាន លោកក៏លើកយកចំរៀងមួយដែលគេនិយមច្រៀងឌឺដងដល់មនុស្សកំសាក ត្រង់វគ្គដែលថា “ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល” មកច្រៀងត្រាប់អោយនិស្សិតស្ដាប់ផង។
សាររបស់លោក សម រង្ស៊ី បន្តទៀតថា ខ្ញុំមិនចង់ធ្វើដូចកូនក្មេងបៀមដៃ និងជា «វីរបុរស» ដោយខ្វះភាពប្រាកដប្រជាមួយ ហើយដែលការលះបង់របស់ខ្លួននឹងក្លាយជារឿងឥតប្រយោជន៍នោះទេ។
លោក សម រង្ស៊ី ចោទជាសំណួរទៀតថា នៅពេលដែលនិយាយពីភាពកំសាកក្នុងការតតាំងគ្នារវាងអ្នកនយោបាយពីររូប តើវាមិនមែនជារឿងកំសាកទេ ឬដែលអ្នកនយោបាយម្នាក់ប្រើប្រាស់ប្រព័ន្ធតុលាការក្នុងស្រុក ទាហាន និងនគរបាលក្រោមការគ្រប់គ្រងរបស់ខ្លួនទៅកម្ចាត់គូរបដិបក្ខរបស់ខ្លួន? តើវាមិនមែនជាការកំសាកទេឬ ដែលអ្នកនយោបាយម្នាក់ក្នុងតួនាទីជនផ្តាច់ការ និយាយជាសាធារណៈថា ខ្លួនត្រៀមនឹង «កម្ចាត់មនុស្ស ១០០ ទៅ ២០០ នាក់» ដូចអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនៅពេលធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ១៩៩៧ កន្លងទៅ ដើម្បីការពារអំណាចរបស់ខ្លួននោះ?
កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា លោក សម រង្ស៊ី មានប្រសាសន៍ក្នុងនាទីវេទិការបស់វិទ្យុអាស៊ីសេរីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរមានភាពក្លាហានក្នុងការដកបម្រាមរារាំងលោកមិនអោយចូលមកកម្ពុជា នោះចេញ ដើម្បីអោយលោកអាចវិលចូលមកប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងជាបេក្ខជននាយករដ្ឋមន្ត្រីជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន៕