
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរី បានឃាត់ខ្លួនអ្នកកាសែត ៤នាក់ជាង ៣០ម៉ោងហើយរហូតមកទល់នឹងម៉ោង ៥ រសៀលថ្ងៃទី១៥ ខែមិថុនា មិនទាន់សម្រេចយ៉ាងណានៅឡើយ។
អ្នកកាសែតដែលត្រូវឃាត់ខ្លួនមានឈ្មោះ យ៉ន ទឹត្យ អ្នកយកព័ត៌មានឲ្យគេហទំព័រឈ្មោះ យុវជនខ្មែរព័ត៌មាន ឈ្មោះ ប៉េង សុខថារៈ អ្នកយកព័ត៌មានឲ្យគេហទំព័រភីស៊ីអិន ធីវី ធូ (PCN TV2) ឈ្មោះ ម៉េង ហ៊ុយ អ្នកយកព័ត៌មានឲ្យកាសែតដំណឹងភ្នំពេញ និងស្ត្រីឈ្មោះ ច័ន្ទ ណារ៉ា អ្នកយកព័ត៌មានឲ្យទូរទស្សន៍អនឡាញសង្កេតការណ៍។ អ្នកទាំង ៤ ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួនក្នុងបទចោទថា បានកំហែងទារប្រាក់ពីរថយន្តដឹកឈើជន្លង់ម្រេច ដែលខូចនៅចំណុចអាកាសយានដ្ឋានខេត្តកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ ទទួលស្គាល់ថា កងរាជអាវុធហត្ថពិតជាឃាត់ខ្លួនអ្នកកាសែតទាំង ៤នាក់មែន ប៉ុន្តែមិនទាន់ឃើញបញ្ជូនសំណុំរឿងនេះមកអយ្យការនៅឡើយ៖ «អត់ដឹងកាសែតណាខ្លះទេ អត់ទាន់បញ្ជូនមក ពាក់ព័ន្ធកំហែងទារ»។
អាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី សុំបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី១៥ ខែមិថុនា៕