Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាំឲ្យនាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ឈប់ចងកម្មចងពៀរជាមួយរដ្ឋាភិបាល។ ការលើកឡើងនេះ បន្ទាប់ពីអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់យ៉ាងខ្លាំងអំពីដំណើរការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា ថាធ្វើឡើង “មិនសេរី និងមិនយុត្តិធម៌ត្រឹមត្រូវ”។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មចំពោះលោក ប្រ៊ែដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ ដែលតែងតែចេញរបាយការណ៍រិះគន់របបគ្រប់គ្រងរបស់លោកជាយូរមកហើយ ជាក់ស្តែងដូចជារិះគន់អំពីដំណើរការបោះឆ្នោតថ្មីៗនេះក្តី។
លោក ហ៊ុន សែន ថ្លែងកោតសរសើរថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំនេះ គឺមានដំណើរការល្អ ដោយមានប្រជាជនច្រើនចេញទៅបោះឆ្នោត និងគ្មានអំពើហិង្សាណាកើតឡើង ហើយជាពិសេស ស្ថានទូតនានាប្រចាំប្រទេសកម្ពុជា រាប់ទាំងស្ថានទូតអាមេរិកផងនោះ សុទ្ធតែបានចេញសេចក្ដីថ្លែងការណ៍ទទួលស្គាល់ថា ការបោះឆ្នោតនេះល្អ លើកលែងតែអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មួយប៉ុណ្ណោះដែលមើលឃើញថាមិនល្អ។ មេដឹកនាំដែលល្បីខាងព្រមានរឿងសង្គ្រាមរូបនេះ ក៏បានផ្តាំផ្ញើឲ្យលោក ប្រ៊ែដ អាដាម កែប្រែទម្លាប់ និងឈប់ចងកម្មចងពៀរជាមួយរដ្ឋាភិបាលតទៅទៀត៖ «បណ្ដាស្ថានទូតនានារាប់ទាំងស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតនេះល្អ។ ដល់តែមានអាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ ប្រ៊ែដ អាដាម នោះ អី យូមែន រ៉ៃត៍ វ៉ច្ឆ ស្អីគេនោះ វាថាអាហ្នឹងអត់ល្អ។ បើចឹងស្តាប់អ្នកណាឥឡូវនេះ។ អាណុងស្អីក៏មិនល្អដែរ អាណុងនោះ ជាពិសេសឲ្យតែគណបក្សប្រជាជនឈ្នះ គឺមិនល្អ។ ទាល់តែថាគណបក្សប្រជាជន រលាយ បានថាល្អ។ សូមផ្ដាំទៅ ប៊្រែដ អាដាម អើយ! ល្មមកែខ្លះទៅ! អីក៏ចងកម្មចងពៀរមាំម្ល៉េះ?»។
កាលពីថ្ងៃទី១៣ ខែមិថុនា អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានចេញសេចក្តីថ្លែងការណ៍មួយដោយរិះគន់ថា ដំណើរការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ថាធ្វើឡើងទាំងក្នុងបរិយាកាសគំរាមកំហែងទៅដល់សិទ្ធិបញ្ចេញមតិ និងការចូលរួមក្នុងនយោបាយ ដែលអាចចាត់ទុកការបោះឆ្នោតនេះថាមិនបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។ ការវាយតម្លៃដូច្នេះ ត្រូវបានអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លើកហេតុផលបញ្ជាក់ថា នៅមុនការបោះឆ្នោត លោក ហ៊ុន សែន តែងព្រមានជារឿយៗអំពីការផ្ទុះសង្គ្រាមនៅកម្ពុជា បើបក្សកាន់អំណាចចាញ់ឆ្នោត។ រីឯមន្ត្រី និងសកម្មជនគណបក្សប្រឆាំង រួមទាំងសមាជិក គ.ជ.ប និងមន្ត្រីសិទ្ធិមនុស្សផង ត្រូវរងការចោទប្រកាន់ចាប់ដាក់គុក ក្រោមហេតុផលនយោបាយ ដោយសារតុលាការគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនលម្អៀងទៅរកគណបក្សកាន់អំណាច ព្រមទាំងការខ្វះខាតយន្តការដោះស្រាយជម្លោះដោយអព្យាក្រឹត និងឯករាជ្យ។ នៅមានភាពមិនប្រក្រតីមួយចំនួនទៀតនៅក្នុងរបាយការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដូចជារិះគន់ថាមិនមានការបង្កលក្ខណៈងាយស្រួលឲ្យពលករនៅក្រៅប្រទេស និងក្នុងប្រទេស បានទៅចុះឈ្មោះ និងបានទៅបោះឆ្នោត ជាដើម។ លោក ប្រ៊ែដ អាដាម ក៏បានអំពាវនាវឲ្យធ្វើកំណែទម្រង់ជាបន្ទាន់ ដើម្បីការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយនេះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិកហ្វិច (Nicfec) លោក សំ គន្ធាមី មានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ គឺធ្វើឡើងទៅតាមវិជ្ជាជីវៈ និងតួនាទីរបស់ខ្លួន ពោលគឺគ្មានបំណងចងគំនុំ ឬចងកម្មពៀរជាមួយគណបក្ស ឬបុគ្គលនោះទេ។ ម្យ៉ាងវិញទៀត លោក សំ គន្ធាមី មើលឃើញថា សេចក្តីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នោះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីស្ថានភាពពិតនៅកម្ពុជា ដូច្នោះមែន។ លោកបន្តដែរថា ប្រសិនបើយើងធ្វើល្អត្រឹមត្រូវនោះ គឺគ្មានអ្នកចងកម្មពៀរ ឬអ្នករិះគន់នោះឡើយ៖ «យើងធ្វើត្រឹមត្រូវតាមគោលការណ៍បោះឆ្នោត ឬតាមគោលការណ៍ច្បាប់ទៅ យើងមើលទៅជួនកាលគេផ្តល់អនុសាសន៍ ឬក៏ផ្តល់យោបល់អី ហើយយើងសិក្សាពីគេទៅ ដើម្បីយកមកកែលំអ។ ដូច្នេះវាល្អហើយ គេក៏មិនចំណុចអីត្រូវរិះគន់ទិតៀនយើងដែរ»។
លោក សំ គន្ធាមី ក៏ពន្យល់ដែរថា ចំពោះសេចក្តីថ្លែងការណ៍ទាក់ទងនឹងការបោះឆ្នោតរបស់ស្ថានទូតនានាប្រចាំប្រទេសកម្ពុជា នោះ គឺស្ថានទូតមួយចំនួនធ្វើការវាយតម្លៃដោយផ្ដោតតែនៅក្នុងថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតប៉ុណ្ណោះ ដែលគេមើលឃើញ និងកោតសរសើរថាមានសន្តិភាព គ្មានពាក្យបណ្ដឹងច្រើន និងប្រព្រឹត្តទៅដោយរលូន ប៉ុន្តែប្រសិនបើគេពិនិត្យមើលមុនពេលឃោសនាបោះឆ្នោត អំឡុងពេលឃោសនាបោះឆ្នោត និងក្រោយការបោះឆ្នោតនោះ គឺរកឃើញភាពមិនប្រក្រតីមួយចំនួនបានកើតឡើងរាប់ចាប់តាំងពីសារនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកបោះឆ្នោត។ ទោះយ៉ាងណា អ្នកជំនាញកិច្ចការបោះឆ្នោតវាយតម្លៃថា ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ នេះ មានចំណុចវិជ្ជមានច្រើនជាងការបោះឆ្នោតលើកមុនៗ៕