Clik here to view.

ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង សម្រេចឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ ដែលប៉ូលិសឃាត់ខ្លួនករណីធ្វើលិខិតជំនួសមេភូមិ ឲ្យត្រឡប់ទៅផ្ទះវិញហើយ កាលពីព្រឹកថ្ងៃទី១៣ មិថុនា។
ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង លោក ប៉ង សុយុទ្ធារា ឲ្យដឹងនៅថ្ងៃទី១៣ មិថុនា ថា មូលហេតុដែលអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំងឈ្មោះ ទុយ ចាន់ អាយុ ៦០ឆ្នាំត្រឡប់ទៅវិញ ពុំមែនមានន័យថា លោកគ្មានទោសនោះទេ តែជាការឲ្យត្រឡប់ទៅផ្ទះបណ្ដោះអាសន្ន ហើយតុលាការអាចនឹងកោះហៅលោកមកសាកសួរជាថ្មីបានគ្រប់ពេល៖ «ខ្ញុំមិនទាន់កំណត់ថា គាត់មានទោស ឬមិនមានទោសទេ គឺគ្រាន់តែថាឲ្យគាត់ត្រឡប់ទៅផ្ទះ ជាជំហានដំបូងសិន។ ចំណែកការងាររឿងនេះ យើងនៅធ្វើការបន្តទៀត»។
កាលពីថ្ងៃទី១២ មិថុនា ប៉ូលិសខេត្តបាត់ដំបង បានឃាត់ខ្លួនលោក ទុយ ចាន់ រស់នៅភូមិអន្លង់ល្វា ឃុំវត្តតាមឹម ស្រុកសង្កែ ដោយចោទប្រកាន់ពីបទចេញលិខិតឲ្យពលរដ្ឋយកទៅប្រើប្រាស់ជំនួសមេភូមិដោយខុសច្បាប់៕