Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​១២​គ្រួសារ​នៅ​ឃុំ​រមទម​ចោទ​ក្រុមហ៊ុន​រក​រ៉ែ​មាស​ថា​រំលោភ​យក​ដី​ស្រែ​ចម្ការ

Image may be NSFW.
Clik here to view.

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ខ្លះ​ជាមួយ​នឹង​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​នៅ​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​កើត​មាន​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ទៅ​ដោះស្រាយ​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ខ្លះ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​កួយ កំពុង​ស្វះ​ស្វែងរក​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក ដើម្បី​ឲ្យ​ជួយ​ការពារ​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ​នៅ​តំបន់​ភ្នំ​អន្លង់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​មាន​អំណាច​រំលោភ​យក​បាន​តទៅទៀត។

ប្រជាពលរដ្ឋ ១២​គ្រួសារ​នៅ​ភូមិ​ត្រពាំងទទឹម នៃ​ឃុំ​រមទម អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ​នេះ ព្រម​ទាំង​មន្ត្រី​ស្រុក​រវៀង ជួយ​ដោះស្រាយ​ជា​បន្ទាន់​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ឈ្មោះ ឌែលខម កម្ពុជា (Delcom Cambodia) ដែល​កំពុង​តែ​រំលោភ​យក​ដី​ស្រែ​ចម្ការ​ជាច្រើន​ហិកតារ។

ការ​អំពាវនាវ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​អះអាង​ថា រយៈពេល ២-៣​ថ្ងៃ​មក​ហើយ ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​ចិន នោះ បាន​ឈូស​រំលោភ​លើ​ដី​មាន​ផល​ដំណាំ ព្រម​ទាំង​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​ជា​បន្តបន្ទាប់។

អ្នក​ភូមិ​ត្រពាំងទទឹម ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ទំនាស់​ដីធ្លី​នោះ គឺ​លោក ឈិត យី។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​មិថុនា ថា ដី​ស្រែ​ចម្ការ​របស់​គាត់​ទំហំ ១២​ហិកតារ​នៅ​ជិត​តំបន់​ភ្នំ​អន្លង់ គឺ​ក្រុមហ៊ុន​កំពុង​រំលោភ​យក​រយៈពេល ៣-៤​ថ្ងៃ​ជាប់​គ្នា​នេះ។ លោក ឈិត យី ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ​ទាំងស្រុង​នៅ​ពេល​ឆាប់ៗ ប្រសិន​បើ​អាជ្ញាធរ​ឃុំ​រមទម និង​ស្រុក​រវៀង នៅ​តែ​មិន​ចេញ​មុខ​ដោះស្រាយ​ទេ៖ «គេ​ឈូស​យក​ដី​របស់​ខ្ញុំ​រាល់​ថ្ងៃ តើ​ខ្ញុំ​មាន​អ្វី​ទៀត​ដើម្បី​រក​លុយ​ទៅ​សង​មីក្រូហិរញ្ញវត្ថុ ដែល​ខ្ញុំ​ជំពាក់​គេ? ដី​របស់​ខ្ញុំ​ទំហំ ១២​ហិកតារ គេ​ឈូស​យក​ទាំងអស់ ទាំង​ដំណាំ​នៅ​ក្បែរ​ផ្ទះ ក៏​គេ​ឈូស​កាយ​ចោល»

ពលរដ្ឋ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន ឌែលខម កម្ពុជា (Delcom Cambodia) ថា​កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ ព្រម​ទាំង​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​របស់​អ្នក​ភូមិ​ចំនួន ១២​គ្រួសារ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា។

ចំណែក​មេ​ឃុំ​រមទម លោក ប្រាក់ ផន ទទួល​ស្គាល់​ថា ក្រុមហ៊ុន ឌែលខម ពិត​ជា​មាន​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងទទឹម នោះ​ខ្លះ​មែន ហើយ​អាជ្ញាធរ​ឃុំ​ក៏​តែង​ជួយ​ដោះស្រាយ ប៉ុន្តែ​មេ​ឃុំ​រមទម មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ជុំវិញ​ការ​ជួយ​ដោះស្រាយ​នោះ​ធ្វើ​អ្វី​ខ្លះ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់​ប្រជុំ៖ «មែន​មិន​ឃុំ​មិន​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ទាំងនោះ​ទេ គឺ​ធ្លាប់​ជួយ​ដោះស្រាយ​ជា​ហូរហែ»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ធ្លាប់​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ដែល​ក្រុមហ៊ុន​រ៉ែ​មាស​នោះ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ។ លោក ឡោ ចាន់ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ក្រុមហ៊ុន​យក​កម្លាំង​ទាហាន​ខ្លះ​ទៅ​កាង​នៅ​ក្នុង​តំបន់​រុករក​រ៉ែ​មាស​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles