Clik here to view.

ក្រុមអង្គការសមាគមនៃបន្ទប់ស្ថានការណ៍ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា រកឃើញថា ការផ្ទៀងផ្ទាត់កំណត់ហេតុការរាប់សន្លឹកឆ្នោតនៃលទ្ធផលបោះឆ្នោតបឋមក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែល គ.ជ.ប បានផ្សាយចេញ មានភាពត្រឹមត្រូវដូចគ្នាទៅនឹងកំណត់ហេតុរបស់បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ដែលរកឃើញថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ មានភាពសុក្រឹតជាង ៩៣% (៩៣,១%)។ ក្រៅពីនេះ បន្ទប់ស្ថានការណ៍ក៏រកឃើញភាពមិនប្រក្រតីមួយចំនួនដែរ ដែលគេនឹងផ្ញើកំណត់ហេតុពីភាពមិនប្រក្រតី និងកំណត់ហេតុខុសគ្នាដែលរកឃើញឲ្យ គ.ជ.ប នៅថ្ងៃទី១៣ មិថុនា ដើម្បីផ្ទៀងផ្ទាត់។
បើទោះជានៅមានកំហុសខ្លះចំពោះការផ្ទៀងផ្ទាត់នៃកំណត់ហេតុការរាប់សន្លឹកឆ្នោត ឬហៅថាទម្រង់ ១១០២ រវាងកំណត់ហេតុរបស់បន្ទប់ស្ថានការណ៍បោះឆ្នោត និងកំណត់ហេតុរបស់ គ.ជ.ប នៅតាមការិយាល័យបោះឆ្នោតខ្លះក៏ដោយ ប៉ុន្តែភាពមិនប្រក្រតីមានតិចតួចណាស់ និងមិនបានធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតឃុំ-សង្កាត់នោះទេ។
ប្រធានអង្គការខុមហ្វ្រែល (Comfrel) និងជាសមាជិកបន្ទប់ស្ថានការណ៍បោះឆ្នោត លោក គល់ បញ្ញា បញ្ជាក់នៅថ្ងៃទី១២ មិថុនា ថា ភាពខុសគ្នា និងភាពមិនប្រក្រតី មិនប៉ះពាល់ដល់លទ្ធផលឆ្នោតទេ ដោយសារការខុសគ្នានោះមានភាគរយតិចបំផុត។ តែទោះជាយ៉ាងណា បន្ទប់ស្ថានការណ៍បោះឆ្នោត នឹងផ្ញើឲ្យ គ.ជ.ប ផ្ទៀងផ្ទាត់បន្ថែមទៀត៖ «មិនច្រើនទេ ឃុំដែលប៉ះពាល់ហ្នឹង មើលទៅខ្ទង់ ១០ជាងឃុំអីហ្នឹង ប៉ិនអ្វីៗដែលចេញលទ្ធផល គ.ជ.ប បានចេញបឋមហ្នឹង ប្រហែលជាកម្រិតនៃភាពត្រឹមត្រូវហ្នឹងវាច្រើនហើយ អាហ្នឹងជាយោបល់របស់ខ្ញុំ ហើយនិងការរកឃើញរបស់យើង»។
លោក គល់ បញ្ញា មានសង្ឃឹមថា គ.ជ.ប នឹងពិនិត្យផ្ទៀងផ្ទាត់កំណត់ហេតុ ព្រោះលោកវាយតម្លៃថា គ.ជ.ប បច្ចុប្បន្នធ្វើការមានតម្លាភាពច្រើន។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ឲ្យអាស៊ីសេរីដឹងថា ចំណុចខុសគ្នា និងភាពមិនប្រក្រតីនៃកំណត់ហេតុរាប់សន្លឹកឆ្នោត នឹងត្រូវបញ្ជូនទៅ គ.ជ.ប នៅមួយថ្ងៃក្រោយពីសន្និសីទកាសែត។
លោក កន សាវាង្ស ប្រាប់ថា ទោះជា គ.ជ.ប ទទួលយក ឬមិនទទួលយកការរកឃើញរបស់បន្ទប់ស្ថានការណ៍បោះឆ្នោត តែសង្គមស៊ីវិលត្រូវតែដាក់ជូន គ.ជ.ប ដើម្បីជាអនុសាសន៍សម្រាប់កែលំអនៅពេលក្រោយ៖ «ការរកឃើញរបស់យើងវាជាមេរៀនមួយ ដែលយើងបង្កើតជាអនុសាសន៍នៅក្នុងបទពិសោធន៍សម្រាប់ទៅខាងមុខ ថាតើចំណុចខ្វះខាតត្រង់ណា? ត្រង់ណាត្រូវពង្រឹង? ត្រង់ណាជាចំណុចខ្សោយ? អាហ្នឹងយើងត្រូវតែទទួលស្គាល់ ហើយសិក្សាឡើងវិញ ទោះបី គ.ជ.ប គេទទួល ឬមិនទទួល យ៉ាងហោចណាស់យើងមានអ្វីដែលជាការរកឃើញសម្រាប់គាត់ដែរ»។
សេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១២ មិថុនា សមាគមអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍បោះឆ្នោត ស្នើឲ្យ គ.ជ.ប ខិតខំក្នុងការដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយទាក់ទងនឹងការរាប់សន្លឹកឆ្នោតឡើងវិញ។ បន្ទប់ស្ថានការណ៍បង្ហាញថា កម្រិតលម្អៀងសំឡេងឆ្នោតមានតិចតួចប្រមាណ ០,៥% តែសន្លឹកឆ្នោតមិនបានការមានច្រើន។ ប៉ុន្តែទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលនៅតែយល់ថា ចាប់តាំងពីមានការបោះឆ្នោតពីសម័យអ៊ុនតាក់ (UNTAC) មក លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ល្អជាងគេ ព្រោះគ្រប់គណបក្សនយោបាយសុទ្ធតែទទួលយកដោយគ្មានចេញមុខទាត់ចោលលទ្ធផលឆ្នោតដូចការបោះឆ្នោតលើកមុនៗទេ។
បន្ទប់ស្ថានការណ៍បោះឆ្នោតរកឃើញថា ភាពមិនប្រក្រតី និងភាពខុសគ្នានៃកំណត់ហេតុរាប់សន្លឹកឆ្នោត មានដូចជា ការិយាល័យបោះឆ្នោតខ្លះបានឲ្យតំណាងគណបក្សចុះហត្ថលេខាមុនចុះលទ្ធផលរាប់សន្លឹកឆ្នោត ការបិទក្រដាសដោយមិនកត់ត្រាសំឡេងឆ្នោតរបស់បក្សនយោបាយ ការសរសេរឈ្មោះបេក្ខជនក្នុងសំឡេងគណបក្សនយោបាយ ការមិនបំពេញឈ្មោះគណបក្សនយោបាយ ការមិនបំពេញតួលេខឲ្យបានត្រឹមត្រូវក្នុងចំណុចសន្លឹកឆ្នោតបាន និងមិនបានការ ចំនួនសន្លឹកឆ្នោតសរុបមិនស្មើគ្នា មានតួលេខលើស និងខ្វះ ឬច្រឡំកន្លែងដែលត្រូវចុះរវាងសន្លឹកឆ្នោតខូច ជាមួយសន្លឹកឆ្នោតមិនបានការ កន្លែងខ្លះមានប្រើទឹកលុប ជាដើម។ រីឯការប្រកាសលទ្ធផលបឋមដោយ គ.ជ.ប យឺតជាងការគ្រោងទុក ការផ្សាយតាមទូរទស្សន៍ជាតិ (ទទក) ពិបាកយល់ និងមិនបានពេញលេញ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បន្ថែមថា សមត្ថភាពមន្ត្រីរបស់ គ.ជ.ប នៅតាមការិយាល័យ ក៏ជាចំណុចដែលគួរតែ គ.ជ.ប យកចិត្តទុកដាក់កែលំអដែរ។ លោក យង់ គិមអេង យល់ថា គ.ជ.ប មានឆន្ទៈចង់ឲ្យល្អប្រសើរ ប៉ុន្តែអាចដោយសារមានកំហុសបច្ចេកទេស និងការយល់ដឹងរបស់មន្ត្រីនៅតាមការិយាល័យបោះឆ្នោតខ្លះ៖ «ហើយគាត់ (មន្ត្រី គ.ជ.ប តាមការិយាល័យបោះឆ្នោត) ក៏មានបញ្ហាដែរ សមត្ថភាពនោះណា ព្រោះតាមតំបន់ខ្លះគ្រាន់តែគណបក្សនយោបាយពិបាករកបេក្ខជនដែរ គ.ជ.ប ក៏ពិបាកដូចតែគ្នាដែរ មែនទែនទៅ»។
តែទោះជាយ៉ាងណា បន្ទប់ស្ថានការណ៍បោះឆ្នោតនៅតែវាយតម្លៃថា ការបោះឆ្នោតឆ្នាំ២០១៧ មានសភាពល្អ ហើយប្រសិនបើដំណើរការបោះឆ្នោតនៅឆ្នាំក្រោយៗមានសភាពល្អបែបនេះទៀត នោះនឹងធ្វើឲ្យគ្រប់គណបក្សនយោបាយមិនទាត់ចោលលទ្ធផលបោះឆ្នោតដូចការបោះឆ្នោតលើកមុនៗទេ។ បន្ទប់ស្ថានការណ៍បោះឆ្នោត នឹងសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីរកកម្រិតយុត្តិធម៌ និងកម្រិតសេរីភាពនៃការបោះឆ្នោតដល់កម្រិតណា ហើយនឹងសង្ឃឹមថា នឹងមានទីលានប្រកួតប្រជែងឲ្យបានល្អជាងនេះបន្ថែមទៀត ដូចជាការប្រើប្រាស់ធនធានរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោត ជាដើម៕