Clik here to view.

អគ្គនាយកដ្ឋានត្រួតពិនិត្យទំនិញ និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានប្រកាសដល់មន្ត្រីក្រោមឱវាទនៅតាមរាជធានី-ខេត្តនីមួយៗ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់នូវការនាំចូល និងលក់ដូរទំនិញហាមឃាត់។ ក្នុងនោះរួមទាំងការចុះពិនិត្យអង្កេតនៅលើទីផ្សារ ចំពោះផលិតផលម្ហូបអាហារ គ្រឿងផ្សំរស ឬប្រេងខ្យងប្រភេទអយស្ទ័រ (Oyster Sauce) ដែលនាយកដ្ឋានបច្ចេកទេសត្រួតពិនិត្យចំណីអាហារបានរកឃើញមានផ្ទុកសារធាតុគីមី ដែលហាមប្រើនៅក្នុងផលិតផលម្ហូបអាហារដើម្បីទុកប្រើប្រាស់បានរយៈពេលវែង។
អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងទៅប្រធានសាខាកាំកុងត្រូលប្រចាំរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស ពីការរកឃើញវត្តមានសារធាតុគីមីហាមឃាត់មួយប្រភេទនៅក្នុងគំរូផលិតផលគ្រឿងផ្សំរស (ប្រេងខ្យង)។
ប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល លោក ម៉ក ពេជ្ជរិទ្ធ បញ្ជាក់ក្នុងលិខិតនោះថា សារធាតុគីមីនោះមានឈ្មោះបច្ចេកទេសថា ប្រូពីល ប៉ារ៉ា អ៊ីដ្រូស៊ីបេនហ្ស៊ូអាត (Propyl para-hydroxybenzoate) គឺជាសារធាតុគីមីបន្ថែមសម្រាប់ដាក់ក្នុងផលិតផលម្ហូបអាហារ ដែលមានមុខងារជួយថែរក្សាផលិតផលម្ហូបអាហារនានាឲ្យមានអាយុកាលវែង (Preservative) ដែលគេហាមប្រើនៅក្នុងផលិតផលម្ហូបអាហារ។
ករណីនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននាំដល់គ្រប់សាខាក្រោមឱវាទទាំងអស់ ត្រូវចុះអនុវត្តវិធានការរាំងខ្ទប់មិនឲ្យនាំចូលផលិតផលគ្រឿងផ្សំប្រេងខ្យងដែលមានសារធាតុហាមឃាត់នេះជាបន្ទាន់។ លើសពីនេះ ត្រូវផ្តល់ព័ត៌មានដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនេះ ចុះត្រួតពិនិត្យអាជីវករលក់ដុំ និងលក់រាយនៅតាមទីផ្សារនានា ដោយហាមមិនឲ្យនាំចូល មិនឲ្យធ្វើចរាចរណ៍នៅលើទីផ្សារ និងត្រូវចុះត្រួតពិនិត្យនៅតាមទីផ្សារធំតូច ឬផ្សារទំនើបទាំងអស់ ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់ផលិតផលប្រភេទប្រេងខ្យងអយស្ទ័រដែលមានផ្ទុកសារធាតុគីមីនេះ។
ឆ្លើយតបបញ្ហានេះ អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច ផ្តល់សម្ភាសថា នឹងដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ ទប់ស្កាត់ទៅលើការនាំចូលទំនិញផលិតផលគ្រឿងផ្សំប្រភេទប្រេងខ្យងអយស្ទ័រដែលមានផ្ទុកសារធាតុគីមីនេះដោយយកចិត្តទុកដាក់។ លោកថា ការត្រួតពិនិត្យនេះ នឹងត្រូវចុះអនុវត្តទាំងនៅតាមច្រកកំពង់ផែ តាមទីផ្សារតូចធំ និងផ្សារទំនើបជាដើម នាមូលដ្ឋាននេះនាសប្ដាហ៍ខាងមុខ៖ «សារធាតុគីមីដែលគេដាក់ទៅលើចំណីអាហារដើម្បីរក្សាទុកបានយូរថ្ងៃ ឬស្រស់នេះ បើសិនជាគេដាក់ច្រើនទៅលើមុខម្ហូប នឹងអាចបណ្ដាលឲ្យមនុស្ស ឬអ្នកទទួលទានអាចស្លាប់បាន»។
លោក ជា ប៉ិច ស្នើដល់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរទំនិញ ឬចំណីអាហារនៅតាមទីផ្សារនានាទូទាំងខេត្តទេសចរណ៍មួយនេះ ឲ្យចូលរួមសហការ និងផ្តល់ព័ត៌មានមកកាន់សាខាកាំកុងត្រូលខេត្តព្រះសីហនុ បើពួកគេសង្ស័យទីតាំងណាមួយមានដាក់តាំងលក់ផលិតផលគ្រឿងផ្សំប្រេងខ្យងអយស្ទ័រដែលត្រូវហាមឃាត់នេះ ដើម្បីឲ្យមន្ត្រីជំនាញចុះមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេល៖ «សូមបងប្អូនទាក់ទងមកស្ថាប័នយើងខ្ញុំ បើសង្ស័យចំណីអាហារមានផ្ទុកសារធាតុគីមី ឬហួសគុណភាពប្រើប្រាស់ជាដើម មកកាន់មន្ត្រីជំនាញឲ្យបានឆាប់ ដើម្បីចុះពិនិត្យអន្តរាគមន៍ឲ្យបានទាន់ពេល ជៀសវាងបងប្អូនថតបង្ហោះតាមហ្វេសប៊ុក នាំឲ្យកើតមានភាពវឹកវរនៅក្នុងសង្គម»។
ផ្ដើមពីបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានស្នើឲ្យប្រជាពលរដ្ឋ អាជីវករ និងក្រុមហ៊ុននាំចូលផលិតផលគ្រឿងផ្សំប្រេងខ្យងអយស្ទ័រដែលត្រូវហាមឃាត់ពេលនេះ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារនៅតាមរាជធានី-ខេត្តនីមួយៗឲ្យបានទាំងអស់គ្នា។ ជាងនេះ ក៏ស្នើឲ្យជួយផ្តល់ព័ត៌មានមកកាន់សាខាកាំកុងត្រូលទាំង ២៥រាជធានី-ខេត្ត ឲ្យបានទាន់ពេល បើសង្ស័យទីតាំងណាមួយមានដាក់តាំងលក់ផលិតផលគ្រឿងផ្សំប្រភេទប្រេងខ្យងអយស្ទ័រនៅលើទីផ្សារណាមួយ។
អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសលេខទូរស័ព្ទមន្ត្រីសាខាកាំកុងត្រូលទាំង ២៥រាជធានី-ខេត្ត សម្រាប់ឲ្យប្រជាពលរដ្ឋ ឬអ្នកជាប់ពាក់ព័ន្ធជួយផ្តល់ព័ត៌មានមកកាន់ស្ថាប័នជំនាញត្រួតពិនិត្យចំណីអាហារ ដោយក្នុងនោះរួមមាន៖
-
សាខាកាំកុងត្រូលរាជធានីភ្នំពេញ មានលេខ ០១២ ២៣៣ ៣៦២ និង០១២ ៨៥០ ១០៥
-
កាំកុងត្រូលខេត្តកណ្ដាល មានលេខ ០១៧ ៧៧៨ ៧៨៤ និង ០១៦ ៦៩៥ ៥៧៧
-
សាខាកាំកុងត្រូលខេត្តកោះកុង មានលេខ ០១២ ៨៩៦ ៣៣៦ និង ០១២ ៨៤៨ ៨២៥
-
និងសាខាកាំកុងត្រូលខេត្តកំពត និងកែប មានលេខ ០៧៧ ៦៦៣ ៩៦៦ និង ០៧៧ ៥២៥ ២៥៣៕