
មន្ត្រីរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ អះអាងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដំណើរការល្អ ទោះបីមានភ្លៀងធ្លាក់ជោកជាំស្ទើរពេញមួយថ្ងៃបែបណាក្តី។
អ្នកសង្កេតការណ៍បោះឆ្នោតអង្គការខុមហ្វ្រែល (COMFREL) ឲ្យដឹងថា មិនមានបាតុភាពអ្វីកើតឡើងនៅតាមការិយាល័យបោះឆ្នោតទាំង ២៨០ នៅទូទាំងខេត្តព្រះសីហនុ នោះទេ។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ លោក ហួត ផុន ផ្ដល់សម្ភាសន៍តាមទូរស័ព្ទឲ្យអាស៊ីសេរី ដឹងថា ព្យុះភ្លៀងដែលបានធ្លាក់មកចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា គឺមិនអាចរារាំងប្រជាពលរដ្ឋធ្វើដំណើរទៅបោះឆ្នោតនៅតាមការិយាល័យទាំង ២៨០ ទូទាំងខេត្តព្រះសីហនុ នោះទេ។
តារាងតាមដានចំនួនអ្នកបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ សម្រាប់ខេត្តព្រះសីហនុ ចុះថ្ងៃទី៤ ខែមិថុនា មានចុះហត្ថលេខា និងបោះត្រា លោក ហួត ផុន បង្ហាញថា ក្នុងចំនួនប្រជាពលរដ្ឋដែលបានចុះបញ្ជីបោះឆ្នោតសរុបជិត ១២ម៉ឺននាក់ (១១៩.៣៦២) គឺមានពលរដ្ឋជិត ១១ម៉ឺននាក់ (១០៨.០៧៤) បានទៅបោះឆ្នោត ឬស្មើជិត ៩១ភាគរយ (៩០.៥៤%)។
បន្ថែមលើនេះ លោក ហួត ផុន ឲ្យដឹងថា ការបោះឆ្នោតនេះ មិនមានបណ្ដឹងពីគ្រប់ភាគីពាក់ព័ន្ធទាំងគណបក្សនយោបាយ និងសង្គមស៊ីវិលប្ដឹងមកកាន់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ទេ៖ «»។
អ្នកស្រី ជៀប សុធារី អ្នកសង្កេតការណ៍នៃអង្គការខុមហ្វ្រែល (COMFREL) ខេត្តព្រះសីហនុ ដែលតាមឃ្លាំមើលការបោះឆ្នោតនេះ ឲ្យដឹងថា នៅតាមការិយាល័យមួយចំនួនចាត់ទុកដំណើរការបោះឆ្នោតនេះ មានភាពវិជ្ជមាន ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានពលរដ្ឋមួយចំនួនមិនអាចបោះឆ្នោតបាន ដោយសារបាត់អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួន៖ «»។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ លោក សុខ សាវាទ មានប្រសាសន៍ថា មានការិយាល័យមួយចំនួននៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ត្រូវមន្ត្រីប្រចាំការរៀបចំការបោះឆ្នោតនៅការិយាល័យលេខ១៦៩ និងលេខ១៦០ ជាដើម បានបិទទ្វារការិយាល័យនៅពេលរាប់សន្លឹកឆ្នោត ដែលលោកចាត់ទុកថា បានអនុវត្តផ្ទុយពីច្បាប់បោះឆ្នោតបានកំណត់។
លោក សុខ សាវាទ ទទួលស្គាល់ថា ការបោះឆ្នោតនេះដំណើរការល្អ និងអាចទទួលយកបាន ទោះបីឃើញមានវត្តមាន អាជ្ញាធរមូលដ្ឋាន ឬមេភូមិខ្លះ បានបង្ហាញវត្តមាននៅជិតការិយាល័យបោះឆ្នោតមួយចំនួនបែបណាក្ដី៖ «»។
អ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) លោក យូ វាសនា ដែលបានដើរចល័តអង្កេតមើលនៅតាមការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះដែរ ពិនិត្យឃើញថា ក្នុងចំណោម ២៩ឃុំ-សង្កាត់ ដែលកន្លងមកគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ទំនងជាកៅអីមេឃុំ ឬចៅសង្កាត់ខ្លះ ត្រូវធ្លាក់ទៅគណបក្សសង្គ្រោះជាតិ មួយចំនួន៖ «»។
យ៉ាងនេះក្តី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ លោក ហួត ផុន ថ្លែងថា មិនទាន់មានលទ្ធផលបណ្ដោះអាសន្ននៅតាមការិយាល័យសរុបទាំង ២៨០ការិយាល័យ នៅទូទាំងខេត្តព្រះសីហនុ ត្រូវប្រកាសជាសាធារណៈនៅឡើយទេ ព្រោះត្រូវរង់ចាំទទួលរបាយការណ៍ពីតាមការិយាល័យនីមួយៗ ឲ្យបានត្រឹមត្រូវជាមុនសិន។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានឲ្យដឹងថា ការបោះឆ្នោតឃុំ-សង្កាត់នាមូលដ្ឋាននេះមានសន្តិសុខសុវត្ថិភាពល្អ និងដំណើររលូន ទោះបីមានភ្លៀងធ្លាក់ជោកជាំយ៉ាងណាក្តី៖ «»។
ខេត្តព្រះសីហនុ មានគណបក្សនយោបាយចំនួន៥ បានឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែររួបរួមជាតិ៕