
សង្កាត់ស្លក្រាម ក្រុងសៀមរាប ថ្វីត្បិតតែស្ថិតនៅកណ្ដាលទីក្រុង ក៏ប៉ុន្តែបច្ចុប្បន្នតាមភូមិខ្លះ គឺនៅខ្វះខាតវិស័យហេដ្ឋារចនាសម្ព័ន្ធនៅឡើយ ដូចជាមិនមានប្រព័ន្ធលូបង្ហូរទឹកចេញពីទីក្រុង ភូមិខ្លះគ្មានបង្គោលភ្លើងធ្វើពីបេតុងរឹងមាំ និងភូមិខ្លះទៀតមានផ្លូវតូចចង្អៀត ពិបាកបើកបររថយន្តចេញចូលជាដើម។
តើប្រជាពលរដ្ឋនៅសង្កាត់នេះ យល់យ៉ាងណាចំពោះការរស់នៅប្រចាំថ្ងៃដោយខ្វះវិស័យហេដ្ឋារចនាសម្ព័ន្ធបែបនេះ?
ពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនរស់នៅភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ នៃសង្កាត់ស្លក្រាម ក្រុងសៀមរាប កំពុងសម្លឹងរកមើលបេក្ខជននៃក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីមកពីគណបក្សណាមួយដែលមានសមត្ថភាពអាចបំបាត់នូវកង្វល់របស់ពួកគេដែលកើតមានជាច្រើនឆ្នាំមកហើយនោះបាន។
ពួកគេនិយាយថា រយៈពេលជាង ២០ឆ្នាំមកនេះ នៅតាមភូមិរបស់ពួកគេ គ្មានប្រព័ន្ធលូបង្ហូរទឹកចេញពីទីក្រុង ធ្វើឱ្យរដូវភ្លៀងមានទឹកដក់លើផ្លូវ មានភក់ជ្រាំពិបាកធ្វើដំណើរ រលួយសំរាមជះក្លិនស្អុយប៉ះពាល់ដល់សុខភាពសាធារណៈ គ្មានបង្គោលខ្សែភ្លើងធ្វើពីបេតុងរឹងមាំ ជាហេតុធ្វើឱ្យព្រួយបារម្ភនៅពេលបង្គោលភ្លើងធ្វើពីឈើពុកងាយដួលរលំ អាចបង្កឱ្យមានហានិភ័យ ព្រមទាំងផ្លូវចេញចូលមានសភាពតូចចង្អៀតជាដើម។
អ្នកភូមិបឹងដូនប៉ា ម្នាក់ ក្នុងចំណោមពលរដ្ឋជាច្រើនទៀត គឺលោក ស៊ុន ស៊ឹមហ៊ាង។ លោកមានប្រសាសន៍ថា រយៈពេល ៣អាណត្តិមកហើយ ចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មកគឺមិនដែលឃើញចៅសង្កាត់ចុះទៅជួយធ្វើផ្លូវនៅក្នុងភូមិឱ្យបានល្អស្អាតទេ។ បុរសដដែលបញ្ជាក់ថា រយៈពេលជាង ២០ឆ្នាំមកនេះ អ្នកភូមិរបស់គាត់តែងនាំគ្នាលើកដីចាក់ធ្វើផ្លូវដោយខ្លួនឯងនៅពេលដែលរដូវភ្លៀងមានទឹកដក់ជោកជាំខ្លាំង។
លោក ស៊ុន ស៊ឹមហ៊ាង បញ្ជាក់ទៀតថា ផ្លូវដែលអ្នកភូមិធ្វើដោយខ្លួនឯងនោះមិនល្អស្អាតទេ គឺកន្លែងខ្លះទាប និងកន្លែងខ្លះទៀតខ្ពស់ មានទំហំតូចធំ ហើយជួនកាលការចាក់ដីធ្វើផ្លូវប្រដេញគ្នា បណ្ដាលឱ្យអ្នកជិតខាងខ្លះឈ្លោះទាស់ទែងគ្នាទៀតផង៖ «វាលិចទឹកភ្លៀងស្មើៗចង្កេះ រយៈពេល ៦-៧ឆ្នាំហើយ ខែទឹកមកនាំគ្នាបង្វែរទិសរកផ្លូវធ្វើដំណើរ។ ប្រជាពលរដ្ឋនាំគ្នាលើកដីធ្វើផ្លូវយប់ៗឡើង»។
អ្នកភូមិបឹងដូនប៉ា ម្នាក់ទៀត លោក សុជាតិ ចំរើន បង្ហាញកង្វល់ថា រូបលោកក៏ដូចជាអ្នកភូមិតែងខ្វល់ខ្វាយចំពោះរឿងបង្គោលខ្សែភ្លើង ដែលធ្វើអំពីឈើ។ លោកថា ក្នុងភូមិរបស់លោកជាច្រើនឆ្នាំមកហើយ គឺឃើញតែប្រជាពលរដ្ឋនាំគ្នាទៅទិញសសរឈើមកធ្វើជាបង្គោលខ្សែភ្លើងដោយខ្លួនឯង មិនឃើញអាជ្ញាធរយកសសរបេតុងមកដាក់ដូចនៅភូមិដទៃទៀតទេ។ បច្ចុប្បន្នសសរឈើខ្លះ បានពុកផុយ ហើយបាក់ស្ទើរតែជិតដល់ដី ជាហេតុធ្វើឱ្យមានការបារម្ភចំពោះគ្រោះថ្នាក់ដោយសារតែខ្សែភ្លើងឆក់៖ «សព្វថ្ងៃសសរខ្លះពុក ហើយខ្សែភ្លើងវាមានតំណផង ហើយខែក្ដៅគឺវាអាចនឹងឆ្លងចរន្តភ្លើងបណ្ដាលឱ្យមានហានិភ័យនៅពេលណាមួយ។ គោលបំណងខ្ញុំគឺចង់បានសសរបង្គោលភ្លើងប្រភេទបេតុងដូចនៅភូមិដទៃដែរ»។
ប្រជាពលរដ្ឋនៅភូមិខ្លះទៀត ក៏មានកង្វល់ប្រហាក់ប្រហែលគ្នានេះដែរ។ ប្រជាពលរដ្ឋនៅភូមិចុងកៅស៊ូ អ្នកស្រី ឡុង សុភាព មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយ រូបគាត់ ក៏ដូចជាអ្នកភូមិទាំងអស់ គឺពិបាកចំពោះរឿងផ្លូវចេញចូលតូចចង្អៀត។ បច្ចុប្បន្នផ្លូវលំ១ខ្សែ ដែលប្របនឹងសាលាបឋមសិក្សាបន្ទាយចាស់ ចូលទៅក្នុងគឺតូចមិនអាចឱ្យរថយន្ត និងរ៉ឺម៉កទៅមកជៀសគ្នាបានទេ។ ដោយសារផ្លូវតូចចង្អៀតនេះ នៅពេលដែលមានអ្នកភូមិខ្លះស្លាប់ គឺពិបាកយករថយន្តមកដឹកសពដង្ហែទៅបូជាណាស់៖ «សុំផ្លូវឱ្យបានធំបន្តិចទៅ ពិបាកវេទនាណាស់ ធ្វើបុណ្យ រៀបការកូនក៏ពិបាក។ ពេលបុណ្យសពគឺអត់មានផ្លូវចេញបានទេ ទាល់តែអូសសពយកទៅដាក់នៅផ្លូវធំខាងមុខ»។
អ្នកភូមិចុងកៅស៊ូ ម្នាក់ទៀត លោក សោម រដ្ឋា បានត្អូញត្អែរថា បញ្ហាផ្លូវតូចនៅក្នុងភូមិរបស់លោកវាជាបញ្ហាពិបាកម្យ៉ាងទៅហើយ ប៉ុន្តែបញ្ហាជាន់លើបញ្ហាថែមទៀតនោះ គឺក្នុងភូមិគ្មានប្រព័ន្ធលូបង្ហូរទឹកចេញពីទីក្រុងតែម្ដង។ លោក សោម រដ្ឋា បញ្ជាក់ថា បច្ចុប្បន្ន ឱ្យតែមានភ្លៀងខ្លាំង គឺចាប់ផ្ដើមពិបាកចិត្តហើយ ពីព្រោះតែទឹកភ្លៀងនោះ បានដក់នៅតាមផ្លូវ ឬក៏គ្រលុករយៈពេលយូរ រហូតដល់ទៅជិត ១ខែក៏មាន៖ «ពេលដែលទឹកដក់ បង្កជាក្លិនអាក្រក់ស្អុយ ហើយសំរាមអីវាបង្កជាផលប៉ះពាល់ដល់កុមារ ក្មេងៗអាចកើតជំងឺ។ បញ្ហាហ្នឹងកើតឡើងដោយសារមិនមានប្រព័ន្ធលូត្រឹមត្រូវ ក៏ដូចជាមិនមានចំណាត់ការអីពីអាជ្ញាធរ»។
ប្រជាពលរដ្ឋរិះគន់ថា បើទោះបីជាពួកគេរស់នៅជួបប្រទះបញ្ហាប្រចាំថ្ងៃជាច្រើនដូចនេះក៏ដោយ ក៏គេមិនសូវឃើញអាជ្ញាធរសង្កាត់ស្លក្រាម មកសួរនាំ និងដោះស្រាយទេ។ ក៏ប៉ុន្តែចៅសង្កាត់ស្លក្រាម មកពីគណបក្សប្រជាជនកម្ពុជា លោក ខៀវ សត ឆ្លើយតបថា អាជ្ញាធរមិនដែលព្រងើយកន្តើយទៅលើកង្វល់របស់ប្រជាពលរដ្ឋទាំងនោះឡើយ។
លោក ខៀវ សត បញ្ជាក់ថា ជាច្រើនឆ្នាំមកហើយ ចាប់តាំងពីរូបលោកបានទទួលតំណែងជាចៅសង្កាត់ គឺលោកតែងប្រឹងប្រែងទៅលើគម្រោងពង្រីកផ្លូវនៅតាមភូមិឱ្យធំទូលាយ ព្រមទាំងរៀបចំប្រព័ន្ធលូបង្ហូរទឹក ប៉ុន្តែបញ្ហាដែលមិនអាចធ្វើទៅបាន ដោយសារតែប៉ះពាល់ទៅលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋខ្លួនឯង មិនស្ម័គ្រចិត្តបរិច្ចាគដីខ្លះៗ ដើម្បីឱ្យអាជ្ញាធរងាយស្រួលក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធទាំងនោះទេ។
លោក ខៀវ សត បង្ហាញថា អាជ្ញាធរសង្កាត់ស្លក្រាម មានគម្រោងអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះជាស្រេចហើយ ចាប់ឆ្នាំ២០១៧ រហូតទៅដល់ឆ្នាំ២០២២ គឺអ្វីៗនឹងធ្វើជូនទៅតាមប្រជាពលរដ្ឋត្រូវការ៖ «ជាការពិតហើយ ការងារដែលចាប់ផ្ដើមអភិវឌ្ឍន៍មក គឺប្រជាពលរដ្ឋមួយចំនួននៅមិនទាន់ចូលរួមបរិច្ចាគ ដីធ្លីខ្លះ ដើម្បីធ្វើហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្តែបច្ចុប្បន្នសង្កាត់បានចាប់ផ្ដើមធ្វើកម្មសិទ្ធិដីធ្លី ជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដោយបានទុកដីធ្វើផ្លូវឱ្យបានធំៗគ្រប់ភូមិទាំងអស់នៅពេលខាងមុខ»។
ទោះបីជាយ៉ាងណា ពលរដ្ឋដែលជាម្ចាស់ឆ្នោតខ្លះ បានបង្ហាញទស្សនៈរបស់គេថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ គឺគេនឹងប្រើឆន្ទៈផ្ទាល់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជននៃគណបក្សណាមួយ ដែលគេជឿជាក់ថា នឹងអាចដោះស្រាយបញ្ហាទាំងឡាយជូនពួកគេបានយ៉ាងប្រាកដ ដើម្បីឱ្យក្លាយទៅជាចៅសង្កាត់ក្នុងអាណត្តិថ្មីនេះ៕