
បេក្ខជនលេខរៀងទី១ នៅឃុំស្នាយអញ្ជិត និងបេក្ខជនលេខរៀងទី១ នៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត របស់គណបក្សសង្គ្រោះជាតិ បានប្ដឹងតវ៉ាទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ បន្ទាប់ពីសមាជិកក្រុមប្រឹក្សាស្រុក និងបេក្ខជនលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា បានចែកលុយ និងអង្ករឲ្យប្រជាពលរដ្ឋនៅពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់។
ជុំវិញរឿងនេះ បេក្ខជនមេឃុំបក្សកាន់អំណាចម្នាក់ ឆ្លើយតបថា ការចែកលុយនោះ គឺជាការបង្ហាញអំពីមនោសញ្ចេតនាប៉ុណ្ណោះ។
លោក គយ រុន បេក្ខជនលេខរៀងទី១ គណបក្សសង្គ្រោះជាតិ នៅឃុំស្នាយអញ្ជិត ថ្លែងថា លោកបានដាក់ពាក្យប្ដឹងទៅគណៈកម្មការឃុំរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ ឧសភា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋជាច្រើននាក់ ដែលអះអាងថា បេក្ខជនលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ឈ្មោះ ង៉ែត តេន បានដើរចែកលុយជូនប្រជាពលរដ្ឋអំឡុងពេលធ្វើឃោសនាបោះឆ្នោតឃុំ-សង្កាត់ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សរបស់ខ្លួន៖ «យើងបានទាំងថតសំឡេងរបស់ប្រជាពលរដ្ឋដែលទទួលបានលុយ ហើយពួកគាត់បានប្រាប់ថា គេលុយឲ្យហើយ គឺត្រូវបោះឆ្នោតឲ្យគេ»។
លោកថា ពាក្យបណ្ដឹងនោះដោយសារករណីចែកលុយទៅពលរដ្ឋសុំសន្លឹកឆ្នោត គឺជារឿងខុសច្បាប់បោះឆ្នោត។ បេក្ខជនលេខរៀងទី១ បក្សប្រឆាំងដដែលនេះបន្តថា នៅថ្ងៃទី៣០ ឧសភា ខាងប្រធានគណៈកម្មការឃុំរៀបចំការបោះឆ្នោត បានកោះហៅភាគីទាំងពីរទៅពិភាក្សាដោះស្រាយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ង៉ែត តេន បេក្ខជនលេខរៀងទី១ មកពីគណបក្សកាន់អំណាចនៅឃុំស្នាយអញ្ជិត បានទទួលស្គាល់ការពិត ប៉ុន្តែលោកថា លុយទាំងនោះ គឺជាប្រាក់ខែផ្ទាល់ខ្លួន និងចែកជូនតែជនចាស់ជរា និងអ្នកមានជំងឺដែលមានគ្នាសរុបចំនួន ៥នាក់ ហើយអ្នកខ្លះទទួលបានទឹកប្រាក់ពីលោកចំនួន ៥ពាន់រៀល ទៅ ១ម៉ឺនរៀល ជាពិសេសការចែកលុយនោះ គឺធ្វើឡើងបន្ទាប់ពីចប់យុទ្ធនាការឃោសនាបោះឆ្នោតប៉ុណ្ណោះ៖ «គ្រាន់តែជាមនោសញ្ចេតនាអាណិតគាត់ដែលកំពុងឈឺ ទិញទឹកផ្លែឈើទុកគ្រាន់ហូប»។
ទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា បន្ទាប់ពីជួបពិភាក្សាដោះស្រាយគ្នានៅគណៈកម្មការឃុំរៀបចំការបោះឆ្នោតរួចមក ខាងលោកបានធ្វើកិច្ចសន្យាឈប់ចែកលុយតទៅទៀត រីឯខាងលោក គយ រុន បេក្ខជនលេខរៀងទី១ បក្សប្រឆាំង ក៏បានសម្រេចដកពាក្យបណ្ដឹងនោះទៅវិញ។
ការប្ដឹងតវ៉ាជុំវិញរឿងចែកលុយនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកជុំគិរី ខេត្តកំពត ដដែលនេះ ក៏មានករណីស្រដៀងគ្នាមួយទៀតកើតឡើងនៅក្នុងឃុំត្រពាំងរាំង។ បេក្ខជនលេខរៀងទី១ របស់គណបក្សបក្សប្រឆាំងនៅឃុំត្រពាំងរាំង លោក ហួយ ខេង កាលពីថ្ងៃទី២៩ ឧសភា បានដាក់ពាក្យប្ដឹងដាច់ដោយឡែកមួយទៅគណៈកម្មការឃុំរៀបចំការបោះឆ្នោត ដោយលោកអះអាងថា មានក្រុមមន្ត្រីបក្សកាន់អំណាចចុះពីខាងស្រុក និងខេត្ត បានចែកលុយចំនួន ៣ម៉ឺនរៀល និងអង្ករប្រហែល ៥គីឡូក្រាមឲ្យពលរដ្ឋក្នុង ១គ្រួសារ ហើយស្នើឲ្យពលរដ្ឋទាំងនោះមិនត្រូវបំភ្លេចគណបក្សរបស់ពួកគេនៅថ្ងៃបោះឆ្នោតខាងមុខឡើយ។
លោក ហួយ ខេង អះអាងថា ខាងលោកប្រមូលបានភស្តុតាងពីប្រជាពលរដ្ឋចំនួន ៦គ្រួសារដែលទទួលបានអំណោយ ដោយពួកគាត់បានប្រាប់លោកថា នៅផ្ទះរបស់លោក ណត នន សមាជិកក្រុមប្រឹក្សាស្រុកជុំគិរី ដែលស្ថិតនៅក្បែរទីស្នាក់ការឃុំត្រពាំងរាំង បានហៅពលរដ្ឋនៅក្នុងឃុំទៅយកអំណោយ ហើយប្រាប់ពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សរបស់ពួកគេ៖ «ខ្ញុំដឹងថានៅផ្ទះលោក ណត នន ក្រុមប្រឹក្សាស្រុក ប៉ុន្តែខ្ញុំដឹងថានរណាជាអ្នកចែកទេ ខ្លះគេថាមកពីខេត្តជាអ្នកចែក ខ្លះថាលោក ណត នន ជាចែក»។
ជុំវិញការចោទប្រកាន់នេះ អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបកស្រាយពីលោក ណត នន សមាជិកក្រុមប្រឹក្សាស្រុកជុំគិរី របស់គណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ នៅថ្ងៃទី៣០ ឧសភា។ រីឯប្រធានគណៈកម្មការឃុំរៀបចំការបោះឆ្នោតនៅឃុំត្រពាំងរាំង លោក អាន ណារិទ្ធ បានឆ្លើយយ៉ាងខ្លីតាមទូរស័ព្ទថា កំពុងជាប់រវល់ប្រជុំ។
ចំណែកបេក្ខជនលេខរៀងទី១ គណបក្សកាន់អំណាចនៅឃុំត្រពាំងរាំង លោក សួស អ៊ូច ថ្លែងថា លោកពុំដឹងការចែកលុយ និងពលរដ្ឋឡើយ ប៉ុន្តែលោកបញ្ជាក់ថា គ្មានករណីចែកលុយជូនពលរដ្ឋក្នុងអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ក្រៅតែពីការដើរឃោសនាឲ្យពលរដ្ឋរៀបចំឯកសារសម្រាប់ទៅបោះឆ្នោតនៅថ្ងៃខាងមុខ និងផ្សព្វផ្សាយអំពីគោលនយោបាយគណបក្ស៖ «ដើរតែឃោសនា ណែនាំឲ្យប្រជាជនរៀបចំឯកសារ»។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី ថ្លែងថា ក្នុងអំឡុងពេល ១៤ថ្ងៃនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត គ្រប់គណបក្ស និងបេក្ខជនទាំងអស់ មិនត្រូវប្រើប្រាស់លុយកាក់ ឬសម្ភារដើម្បីទិញសន្លឹកឆ្នោតពីពលរដ្ឋឡើយ៖ «លើកលែងតែអំឡុងពេលយុទ្ធនាការឃោសនាបានបោះឆ្នោត»។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅត្រង់ជំពូកទី៧ ដែលចែងអំពីការឃោសនាបោះឆ្នោតត្រង់មាត្រា៧១ បានបញ្ជាក់ថា គ្រប់គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវផ្ដល់អំណោយជាថវិកា ឬជាសម្ភារដែលជារង្វាន់លើកទឹកចិត្ត ទោះបីជាតាមមធ្យោបាយ ឬរូបភាពណាក៏ដោយ ដល់ស្ថាប័ន អង្គការ ឬបុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោតឡើយ៕