Quantcast
Viewing all articles
Browse latest Browse all 11174

សហជីព​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​រោងចក្រ​ម៉ៅការ​បន្ត

Image may be NSFW.
Clik here to view.

អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) រក​ឃើញ​ថា ការ​នាំ​ចេញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា បន្ត​កើន​ឡើង ប៉ុន្តែ​ការងារ ឬ​ចំនួន​កម្មករ និង​រោងចក្រ​នៅ​ក្នុង​វិស័យ​នេះ​បាន​ធ្លាក់​ចុះ។ អង្គការ​នេះ​បារម្ភ​ថា ការ​ធ្លាក់​ចុះ​ចំនួន​ការងារ អាច​មាន​ដើមចម​នៃ​ការ​កើន​ឡើង​ចំនួន​រោងចក្រ​ម៉ៅការ​បន្ត។

ក្រុម​សហជីព​កម្មករ នឹង​ចាត់​វិធានការ​បន្ទាន់​ភ្លាមៗ ធ្វើ​យ៉ាង​ណា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​ខុស​ច្បាប់ ដែល​នាំ​ឲ្យ​កម្មករ​ងាយ​ត្រូវ​គេ​រំលោភ​បំពាន​សិទ្ធិ។

ក្រុម​សហជីព​កម្មករ នឹង​ប្រើប្រាស់​របាយការណ៍​ដែល​រក​ឃើញ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ជា​មូលដ្ឋាន​ក្នុង​ការ​ស្នើសុំ​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​រោងចក្រ​ជា​ផ្លូវការ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា សហជីព​នឹង​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ រួម​ទាំង ILO ផង ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ៖ «យើង​ជំរុញ​ឲ្យ​អធិការកិច្ច​ហ្នឹង​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​ជាពិសេស​គឺ..ឲ្យ​ចុះ​ទៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​បង់​ផ្នែក​សុខភាព​អី​ឲ្យ​ខាង​កម្មករ កុំ​ឲ្យ​គេ​គេច​ពី​ការ​ទទួល​ខុស​ត្រូវ។ មួយ​ទៀត យើង​នឹង​បន្ត​ការងារ​ទៅ​ជាមួយ​អ្នក​បញ្ជា​ទិញ។ មាន​ន័យ​ថា តាម​ក្រុមហ៊ុន​សហគ្រាស​ដែល​យើង​រក​ឃើញ​ហ្នឹង យើង​នឹង​ប្រាប់​ទៅ​អ្នក​បញ្ជា​ទិញ ដើម្បី​ឲ្យ​ដោះស្រាយ»

អង្គការ ILO បាន​ចេញ​របាយការណ៍​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដោយ​បង្ហាញ​ថា នៅ​ពេល​ដែល​ការ​នាំ​ចេញ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង​មាន​ការ​កើន​ឡើង​យ៉ាង​រឹងមាំ​មួយ​ក្នុង​ឆ្នាំ​២០១៦ ដោយ​កើន​ដល់​ជាង ៧.៣០០​លាន​ដុល្លារ​អាមេរិក តែ​ចំនួន​រោងចក្រ​នាំ​ចេញ​ដែល​ចុះ​បញ្ជី​ជា​ផ្លូវការ​ក្នុង​វិស័យ​នេះ បាន​ធ្លាក់​ចុះ​ជាង ១០​ភាគរយ (១០,%) ហើយ​ចំនួន​កម្មករ​បាន​ធ្លាក់​ចុះ​ជិត ៣​ភាគរយ (,%) នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥។ អង្គការ ILO បាន​កំណត់​កត្តា​ចម្បង​ចំនួន​៣ ដែល​រួម​ចំណែក​ដល់​ភាព​ខុស​គ្នា​នេះ​រួម​មាន ការ​កើន​ឡើង​នូវ​ផលិតភាព​របស់​ឧស្សាហកម្ម​នេះ បញ្ហា​ស្ថិតិ​ទាក់ទង​នឹង​ការ​វាស់វែង​ចំនួន​ការងារ និង​ចំនួន​រោងចក្រ និង​កំណើន​ផលិតកម្ម​នៅ​ក្នុង​រោងចក្រ​ដែល​ម៉ៅការ​បន្ត។

នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ លោក ម៉ូរីហ្ស៊ីអូ ប៊ូស៊ី (Maurizio Bissi) មាន​ប្រសាសន៍​ថា កំណើន​ការងារ និង​ផលិតកម្ម​នៅ​ក្នុង​រោងចក្រ​ម៉ៅការ​បន្ត អាច​ជា​ការ​ព្រួយ​បារម្ភ​មួយ ប្រសិន​បើ​ការ​ម៉ៅការ​បន្ត​កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​វិធី​មួយ​ដើម្បី​ចៀសវាង​ច្បាប់ រួម​ទាំង​ច្បាប់​ការងារ និង​ប្រាក់​ឈ្នួល​អប្បបរមា។ លោក​បញ្ជាក់​ថា ស្ថានភាព​នេះ​គួរ​ត្រូវ​បាន​តាមដាន​ដោយ​ប្រុង​ប្រយ័ត្ន​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋាភិបាល។

ចំពោះ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា សហជីព​នឹង​ចាប់​ផ្ដើម​ការងារ​ដែល​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ដោយ​ដាក់​លិខិត​ទៅ​កាន់​ក្រសួង និង​ភាគី​ពាក់ព័ន្ធ

អាស៊ីសេរី មិន​អាច​ទាក់ទងអ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ មាន​ប្រសាសន៍​ថា រោងចក្រ​ម៉ៅការ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Subcontracting Factories ដែល​មិន​ស្រប​ច្បាប់ មក​ដល់​ពេលនេះ​មាន​ការ​ថយ​ចុះ ដោយ​មាន​រោងចក្រ​កាន់​តែ​ច្រើន​ឡើង​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់។ លោក​ថា ពុំ​គួរ​ជា​ការ​ព្រួយ​បារម្ភ​ឡើយ​ចំពោះ​រោងចក្រ​ទាំងនោះ៖ «រោងចក្រ​ម៉ៅការ​កាល​ពី​មុន​មាន​ច្រើន ប៉ុន្តែ​ដល់​ឥឡូវ​នេះ ឈាន​ទៅ​រក​ការ​គោរព​ច្បាប់​ច្រើន​ជាង​មុន ព្រោះ​អី​ពេល​ណា​មាន​បញ្ហា​កើត​ឡើង គឺ​ពួក​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លាំង​ជាង​រោងចក្រ​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ»

ចំណែក​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា មាន​ប្រសាសន៍​ថា ចំនួន​រោងចក្រ​ស្រប​ច្បាប់​ក្នុង​ការ​នាំ​ចេញ​ពុំ​មាន​ការ​ថយ​ចុះ​ឡើយ។ លោក​បន្ត​ថា ក្នុង​ចំណោម​រោងចក្រ​ទាំង​ជាង ៥០០ ដែល​ជា​សមាជិក​របស់ GMAC គឺ​បាន​ថមថយ​ការ​ផលិត៖ «យើង​ដឹង​ហើយ​ទី​១ វា​អាច​មក​ពី​ការ​ប្រកួត​ប្រជែង​ទូទៅ​របស់​យើង ដែល​ក្នុង​នោះ​មាន​បញ្ហា​ច្រើន​ណាស់។ កត្តា​ចម្បង​ទី​១ គឺ​កើន​ឡើង​នៃ​ប្រាក់​ឈ្នួល ហើយ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ស្ថានភាព​ទីផ្សារ ដែល​ហៅ​ថា​ល្បឿន​ទៅ​កាន់​ទីផ្សារ។ ឥឡូវ​នេះ គឺ​គេ​បញ្ជា​ទិញ​គឺ​តូច​ជាង​មុន ហើយ​គេ​ត្រូវការ​ល្បឿន​លឿន»

ក្នុង​របាយការណ៍​របស់​អង្គការILO ឲ្យ​ដឹង​ថា មាន​ការ​កត់ត្រា​ពី​តួលេខ​ខុសៗ​គ្នា​រវាង​ក្រសួង​ពាណិជ្ជកម្ម អង្គការ ILO សមាគម GMAC និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប..ស ពី​ចំនួន​រោងចក្រ និង​រោងចក្រ​ម៉ៅការ​បន្ត។ ប៉ុន្តែ​ជាទូទៅ មាន​ការ​ទទួល​ស្គាល់​ថា ចំនួន​រោងចក្រ​ម៉ៅការ​ទាំងនោះ​បាន​កើន​ឡើង បើ​ទោះ​បី​ជា​ពុំ​មាន​ការ​ឯកភាព​គ្នា​ពី​ចំនួន​ក៏ដោយ។ ILO រក​ឃើញ​ថា ចំនួន​រោងចក្រ​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ៦២៦ តិច​ជាង​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន ៦៩៩ រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles