
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ធ្វើទស្សនកិច្ចក្រៅផ្លូវការនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ឧសភា។ ទស្សនកិច្ចក្រៅផ្លូវការនេះ ធ្វើឡើងស្របពេលអ្នកការពារសិទ្ធិមនុស្សមួយចំនួន កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ ដោយសារការបំពេញមុខងាររបស់ខ្លួន។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពអ្នកការពារសិទ្ធិមនុស្ស លោក មីស៊ែល ហ្វស (Michel Forst) ថ្លែងទៅកាន់តំណាងអង្គទូត និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើននាក់ថា អ្នកការពារសិទ្ធិមនុស្សជាច្រើននៅលើពិភពលោក កំពុងប្រឈមនឹងហានិភ័យខ្លាំង តាមរយៈការធ្វើទុក្ខបុកម្នេញ ការយាយី និងការវាយប្រហារតាមគ្រប់រូបភាព។
លោកបញ្ជាក់ថា ការវាយប្រហារមកលើអ្នកការពារសិទ្ធិមនុស្ស ធ្វើឡើងតាមរយៈការបង្កើត និងប្រើប្រាស់ច្បាប់ដែលមានលក្ខណៈរឹតត្បិតសេរីភាព និងការទាញភ្ជាប់អ្នកការពារសិទ្ធិមនុស្សទៅនឹងរឿងនយោបាយ។ លោកបន្តថា មានអ្នកការពារសិទ្ធិមនុស្សជាច្រើន ត្រូវបានរដ្ឋាភិបាលលាបពណ៌ថាជាក្រុមប្រឆាំង ហើយមិនអនុញ្ញាតឲ្យមានការជួបប្រជុំណាមួយនៅតាមទីសាធារណៈឡើយ។
លោក មីស៊ែល ហ្វស (Michel Forst) ថ្លែងបែបនេះក្នុងកម្មវិធីបាឋកថាសាធារណៈមួយនៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ នៅព្រឹកថ្ងៃទី២៩ ឧសភា។
ដោយសារតែនេះមិនមែនជាដំណើរទស្សនកិច្ចផ្លូវការ លោក មីស៊ែល ហ្វស (Michel Forst) ថ្លែងថា លោកមិនអាចវាយតម្លៃ ឬអត្ថាធិប្បាយអ្វីឡើយជុំវិញបញ្ហាសិទ្ធិមនុស្សដែលកំពុងកើតមាននៅកម្ពុជា ឡើយ ព្រោះលោកត្រូវការសិក្សាឲ្យបានស៊ីជម្រៅជាងនេះ។ លោកបានជួបជាមួយអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ក្រុមគ្រួសារអ្នកការពារសិទ្ធិមនុស្សមួយចំនួនដែលកំពុងជាប់ឃុំ និងមន្ត្រីទូត ហើយលោករំពឹងថា នឹងអាចជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការណាមួយនៅពេលខាងមុខ៖ «បើខ្ញុំមានឱកាសត្រូវបានគេអញ្ជើញ ខ្ញុំនឹងមានឱកាសបានសិក្សាស៊ីជម្រៅ និងជួបជាមួយភាគីពាក់ព័ន្ធនានា ដើម្បីធ្វើដំណើរក្នុងផ្ទៃប្រទេស មិនមែននៅតែក្នុងរាជធានីទេ ប៉ុន្តែទៅតំបន់ ឬទីតាំងមួយចំនួនជួបជាមួយអាជ្ញាធរខេត្តរាជធានី ដើម្បីយល់ពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសទាំងមូល។ ក្នុងប្រទេសជាច្រើន គេមិនចង់អញ្ជើញទេ ព្រោះគេមិនចង់ឃើញរបាយការណ៍អំពីស្ថានភាពនៃអ្នកការពារសិទ្ធិមនុស្សរបស់ប្រទេសគេរៀងៗខ្លួននោះទេ»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា គ្មានកាតព្វកិច្ចអ្វីដែលរដ្ឋាភិបាលត្រូវអញ្ជើញលោក មីស៊ែល ហ្វស (Michel Forst) មកទស្សនកិច្ចផ្លូវការនៅកម្ពុជា នោះទេ ព្រោះអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សមានអ្នកតំណាងនៅកម្ពុជា រួចហើយ។ លោកបន្តថា វត្តមានរបស់លោក មីស៊ែល ហ្វស (Michel Forst) មិនមានន័យអ្វីឡើយចំពោះការអនុវត្តច្បាប់ទៅលើអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ ព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការ៖ «តើគាត់មានសារសំខាន់អ្វីខ្លះសម្រាប់ក្រសួងការបរទេសកម្ពុជា ដែលត្រូវអញ្ជើញគាត់មកជាផ្លូវការ ព្រោះក្រសួងយល់ឃើញថាដូចជាមិនមានសារប្រយោជន៍អ្វីដែលត្រូវអញ្ជើញគាត់ជាផ្លូវការទេ ព្រោះគាត់មានតំណាងនៅក្នុងប្រទេសហើយ។ ខាងសិទ្ធិមនុស្សហ្នឹង គាត់ស្វែងរកគ្នាគាត់ ដើម្បីមកជួយគាត់ វាដាច់ដោយឡែកអំពីស្មារតីនៃការអនុវត្តច្បាប់របស់ប្រទេសនីមួយៗ»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់ឃើញផ្ទុយពីលោក ផៃ ស៊ីផាន។ អ្នកស្រីបញ្ជាក់ថា វត្តមានរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពអ្នកការពារសិទ្ធិមនុស្សនេះ មានសារសំខាន់យ៉ាងខ្លាំង ព្រោះវាបង្ហាញពីចំណាប់អារម្មណ៍របស់អង្គការសហប្រជាជាតិ ចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បើទោះបីជានេះជាដំណើរទស្សនកិច្ចផ្ទាល់ខ្លួនក៏ដោយ។ ម្យ៉ាងវិញទៀត ដំណើរទស្សនកិច្ចនេះ គឺចំពេលដែលវិស័យសិទ្ធិមនុស្សនៅកម្ពុជា រងការយាយីកាន់តែខ្លាំង ហើយមានមន្ត្រីសិទ្ធិមនុស្សមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារផងដែរ៖ «ទស្សនកិច្ចរបស់គាត់ បើទោះជាក្រៅផ្លូវការ ហើយគាត់មិនអាចធ្វើការអត្ថាធិប្បាយដោយផ្ទាល់មកលើបរិបទនៃប្រទេសកម្ពុជា ខ្ញុំជឿជាក់ថា តាមរយៈជំនួបនានា និងការចុះទៅផ្ទាល់ជួបជាមួយសហគមន៍ដែលរងគ្រោះ ព័ត៌មានទាំងអស់នេះនឹងដើរតួនាទីជាមូលដ្ឋានសម្រាប់ធ្វើការវិភាគ ឬក៏សម្រាប់បទអន្តរាគមន៍ណាមួយនាពេលអនាគត»។
អ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំរួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដោយពួកគេរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងបទសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ចំណែកសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី វិញ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ ១៤លានរៀល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលើសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ ដែលប្រព្រឹត្តនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ។
ការឃុំខ្លួនមុនសវនាការលើអ្នកការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងលើលោក នី ចរិយា ព្រមទាំងការកាត់ទោសអ្នកស្រី ទេព វន្នី ដោយតុលាការកម្ពុជា នេះ ទទួលរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថាជាការប្រព្រឹត្តផ្ទុយនឹងគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ឃើញថា អ្នកការពារសិទ្ធិមនុស្សគួរតែទទួលបានការការពារ ការលើកទឹកចិត្ត និងការឲ្យតម្លៃពីគ្រប់ភាគីពាក់ព័ន្ធ ព្រោះកិច្ចការងាររបស់ពួកគេ គឺជួយឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងជំរុញឲ្យមានយុត្តិធម៌ក្នុងសង្គម ដែលមិនគួរជាការវាយប្រហារ ការយាយី ការធ្វើទុក្ខបុកម្នេញ ឬការបៀតបៀនដល់អាយុជីវិតនោះឡើយ៕