Clik here to view.

ប្រធានរដ្ឋសភា ស្នើដល់អភិបាលខេត្តព្រះសីហនុ ឲ្យសម្របសម្រួលដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋសហគមន៍អូរខ្សាច់ចំនួន ៣២គ្រួសារ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលអូសបន្លាយយូរឆ្នាំ ប៉ុន្តែមិនទាន់មានដំណោះស្រាយ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស គាំទ្រចំណាត់ការរបស់ប្រធានរដ្ឋសភានេះ។
លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៦ ខែឧសភា បានចុះហត្ថលេខា និងបោះត្រាឯកភាពស្នើឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិនិត្យដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ៣២គ្រួសារ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ កិច្ចអន្តរាគមន៍នេះ ធ្វើឡើងតាមសំណើតំណាងពលរដ្ឋចំនួន ៣២គ្រួសារ ឈ្មោះ ឡុច ទូច តាមរយៈប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
កាលពីថ្ងៃទី៩ ខែឧសភា លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ឬគណៈកម្មការទី១ រដ្ឋសភា បានដាក់លិខិតជូនលោក ហេង សំរិន តាមពាក្យបណ្ដឹងចុះថ្ងៃទី២៤ ខែមេសា របស់ឈ្មោះ ឡុច ទូច តំណាងប្រជាពលរដ្ឋ ៣២គ្រួសារ ឲ្យជួយដោះស្រាយទំនាស់ដីធ្លីទំហំ ២៧ហិកតារ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សំណើនេះ ត្រូវបានលោក ហេង សំរិន ប្រធានរដ្ឋសភា ឯកភាព និងបញ្ជូនទៅអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដើម្បីពិនិត្យដោះស្រាយ។
ក្នុងលិខិតដាក់ជូនរដ្ឋសភា លោកស្រី ឡុច ទូច បង្ហាញថាបានកាន់កាប់ដីមានទំនាស់នេះតាំងពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០ ដោយទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងបានដាំដំណាំកសិកម្មនៅលើដីនោះថែមទៀត។ ប៉ុន្តែបច្ចុប្បន្ន ត្រូវឈ្មោះ កើត រី គឹម ចាន់នី ប៉ុន សារឿន វង្ស សោភា និងឈ្មោះ សុខ ហួន បានឃុបឃិតគ្នាក្លែងស្នាមមេដៃឈ្មោះ ឡុញ តាយ ក្នុងកិច្ចសន្យាទិញលក់ដី ហើយបានលួចធ្វើប័ណ្ណកម្មសិទ្ធិដែលឈ្មោះ ឡុញ តាយ បានស្លាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩៤។ ប៉ុន្តែបែរជាកាលបរិច្ឆេទចុះថ្ងៃខែក្នុងកិច្ចសន្យាទិញលក់ដីទំនាស់នេះ បានកើតឡើងក្រោយពេលឈ្មោះ ឡុញ តាយ បានចែកឋានទៅវិញ។
លោកស្រី ឡុច ទូច បានរៀបរាប់ទៀតថា ប្រជាពលរដ្ឋពួកគាត់ក៏ធ្លាប់បានដាក់ពាក្យប្ដឹងភាគីទំនាស់ទៅកាន់តុលាការអស់រយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ។ លោកស្រីបន្តថា នៅគ្រាវិវាទដីធ្លីនេះមិនទាន់បានដំណោះស្រាយផង ស្រាប់តែកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បែរជាមានឈ្មោះ ហេង សុខា បាននាំមនុស្សមួយក្រុមទៅរុះរើផ្ទះសមាជិកសហគមន៍របស់គាត់ ដែលសង់លើទីតាំងដី ២៧ហិកតារនេះថែមទៀត។
ឆ្លើយតបបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នឹងយកចិត្តទុកដាក់ដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ ឬសម្របសម្រួលរវាងភាគីប្រជាពលរដ្ឋទាំង ៣២គ្រួសារ ជាមួយភាគីទំនាស់ម្ខាងទៀតមានឈ្មោះ ប៉ុន សារឿន ជាដើម ឲ្យស្របតាមសំណើរបស់ប្រធានរដ្ឋសភា បានដាក់ផ្ទាល់មករូបលោកឲ្យជួយបញ្ចប់វិវាទនេះ៖ «»។
តំណាងពលរដ្ឋ ៣២គ្រួសារ លោកស្រី ឡុច ទូច មានជំនឿថា អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នឹងជួយដោះស្រាយទំនាស់ដីធ្លីនៅសហគមន៍អូរខ្សាច់របស់ប្រជាពលរដ្ឋទាំង ៣២គ្រួសារ មានលទ្ធផលល្អ និងអាចឈានដល់បញ្ជូនមន្ត្រីជំនាញ ចុះវាស់ចំណែកក្បាលដីផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់ប្រើប្រាស់បានឆាប់។
លោកស្រី ឡុច ទូច បានឲ្យដឹងថា ពលរដ្ឋសហគមន៍អូរខ្សាច់ចំនួន ៣២គ្រួសារនេះ គឺមានវិវាទជាមួយឈ្មោះ ប៉ុន សារឿន អតីតចៅសង្កាត់រងសង្កាត់លេខ១ និងបច្ចុប្បន្នមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ ទំនាស់នេះ លោកស្រី ឡុច ទូច អះអាងថាក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីទៅសាលាដំបូងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៤ ស្នើសុំមោឃៈ និងរំលាយប័ណ្ណកម្មសិទ្ធិដីធ្លីដែលត្រូវភាគីទំនាស់ លោក ប៉ុន សារឿន ឃុបឃិតលួចធ្វើប្លង់រំលោភដីពលរដ្ឋមានផ្ទៃដីសរុបចំនួន ២៧ហិកតារ។
តំណាងរូបនេះចោទលោក ប៉ុន សារឿន ថាបានឃុបឃិតជាមួយមន្ត្រីខ្លះនៅមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លួចធ្វើប្លង់កម្មសិទ្ធិរំលោភយកដីពលរដ្ឋមានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ទាំងពលរដ្ឋមិនដឹងខ្លួន។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែលចុះពិនិត្យផ្ទាល់ដល់ទីតាំងដីទំនាស់ជាក់ស្ដែង បានស្នើដល់អភិបាលខេត្តព្រះសីហនុ ជួយសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីនេះឲ្យបានឆាប់ និងមានលទ្ធផលទាំងអស់គ្នា៖ «»។
ទាក់ទិនទំនាស់នេះ ឯកសារច្បាប់មួយចំនួនបានបង្ហាញថា ភាគីលោក ប៉ុន សារឿន បានឈ្នះក្ដីជាបន្តបន្ទាប់ទៅលើវិវាទដីធ្លីជាមួយពលរដ្ឋទាំង ៣២គ្រួសារ រស់នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ គឺចាប់ពីសាលាដំបូងខេត្តព្រះសីហនុ រហូតទៅ។ ទំនាស់នេះ លោក ប៉ុន សារឿន ក៏ធ្លាប់ដាក់ពាក្យប្ដឹងតំណាងពលរដ្ឋចំនួន ៤នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដោយចោទពីបទប្រើអំពើហិង្សាដោយទុច្ចរិតទៅលើអ្នកកាន់កាប់អចលនវត្ថុ ប្រព្រឹត្តនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីឆ្នាំ២០០៨។ តំណាងពលរដ្ឋទាំង ៤នាក់ ដែល ប៉ុន សារឿន ប្ដឹងមាន ឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង កៅ ហួរ។
យ៉ាងនេះក្តី តំណាងពលរដ្ឋទាំង ៣២គ្រួសារ បានចោទថា ភាគីលោក ប៉ុន សារឿន អតីតចៅសង្កាត់រងសង្កាត់លេខ១ និងបច្ចុប្បន្នមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថាពិតជាបានឃុបឃិតជាមួយមន្ត្រីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមួយចំនួននាខេត្តព្រះសីហនុ លួចធ្វើប្លង់កម្មសិទ្ធិទៅលើលើដីលំនៅឋាន និងដីចម្ការដំណាំកសិកម្ម ទាំងពួកគាត់មិនបានដឹងខ្លួន៕